សម រង្ស៊ី៖ មន្ត្រីជំនិត ហ៊ុន សែន ត្រៀម​វេច​បង្វេច​​ចេញ​ពី​ប្រទេស

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីបង្ហោះជាសាធារណៈ នូវឯកសារមួយចំនួន ដែលលោកអះអាងថា ជារៀបចំវេច​បង្វេច​រត់ចោលស្រុក ពីសំណាក់មន្ត្រីជំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កា ខ្លាចក្រែងលោក ហ៊ុន សែន អស់អំណាច។ ប៉ុន្តែ ការលើកឡើង​របស់លោក សម រង្ស៊ី ត្រូវបានមន្ត្រីគណបក្សកាន់អំណាច ថាបានធ្វើឡើង តាមបែប«វិកលចរិត»។
សម រង្ស៊ី៖ មន្ត្រីជំនិត ហ៊ុន សែន ត្រៀម​វេច​បង្វេច​​ចេញ​ពី​ប្រទេស
ទិដ្ឋភាពអោបស្និតស្នាល រវាងអ្នកស្រី ហ៊ុន ម៉ាណា និងលោក នេត សាវឿន ដែលត្រូវជាកូនស្រីបង្កើត និងក្មួយថ្លៃលោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៨
  • កែប្រែចុងក្រោយ: January 30, 2018
  • ប្រធានបទ: ត្រកូលហ៊ុន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្រុមគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា កំពុងតែត្រៀមខ្លួន ទៅរស់នៅឯបរទេស ពីព្រោះពួកគេដឹងថា លោក ហ៊ុន សែន ជិតបាត់បង់អំណាចហើយ» នេះ ជាការលើកឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលម៉ិញ មុននឹងយកសារដដែលនេះ មកបង្ហោះជាថ្មីទៀត នៅថ្ងៃនេះ នៅលើទំព័រទ្វីសធើររបស់លោក ដោយសរសេរ ជាភាសាអង់គ្លេស។

គេមិនដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ មានអំណះអំណាង​បែបណា នៅក្នុងការថ្លែង​របស់លោកទេ តែនៅក្នុងសំណេរទាំងនោះ លោក សម រង្ស៊ី បានចោទលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថាបាន​ទិញ​សញ្ជាតិ​ ពី​ប្រទេស​មួយ​ចំនួន​ សម្រាប់រូបលោក និងក្រុមគ្រួសារ មានអ្នកស្រី ហ៊ុន គឹមឡេង និងកូនស្រីទាំងបីនាក់​របស់លោក។

 

លោក រង្ស៊ី បានសរសេរថា៖ «ឧទាហរណ៍ គឺលោក នេត សាវឿន ដែលជាក្មួយប្រសារលោក ហ៊ុន សែន និងជាអគ្គស្នងការនគរបាលជាតិ ដែល បានចាយលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញសញ្ជាតិឲ្យក្រុមគ្រួសារគាត់ទាំងមូល ពីប្រទេសក្រៅមួយចំនួន ដូចជាប្រទេស Cyprus នៅទ្វីបអឺរ៉ុបខាងត្បូង និងប្រទេស "Saint Christopher and Nevis" នៅទ្វីបអាមេរិកកណ្តាល (តំបន់ Caribbean)»។

ឆ្លើយតប ទៅនឹងការលើកឡើងទាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ​បាន​ហៅ​លោក សម រង្ស៊ី ថាជា​មនុស្ស​វិកលចរិត​។ ស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យបានឲ្យដឹងថា៖ «​លោក សម រង្ស៊ី ទី​ ១ ជា​ទណ្ឌិត ទី​ ២ ​គាត់​កំពុង​វិកលចរិត ទី​ ៣ គាត់​កំពុង​លក់​ជាតិ​ឯង​ ឲ្យ​វិនាស​ហើយ​។ ដូច្នេះ​អ្វី​ ដែល​ជា​សម្តី​របស់ សម រង្ស៊ី មិន​យក​ជា​ការ​ទេ។​»​។

អមទៅនឹងសំណេរទាំងនោះ លោក សម រង្ស៊ី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបញ្ជាក់ពីអត្តសញ្ញាណ លិខិតឆ្លងដែន និងពីឯកសារបញ្ជាក់ការដាក់ទុនវិនិយោគ ដែលសុទ្ធតែមានឈ្មោះរបស់លោក នេត សាវឿន និងក្រុមគ្រួសាររបស់លោក។ ឯកសារទាំងនេះ ដូចគ្នាទៅនឹងឯកសារមួយចំនួន ពីក្នុងចំណោមឯកសារជាច្រើន ដែលត្រូវបានបែកធ្លាយ តាំងពីឧសភាកន្លងទៅ។ ទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ «ធ្លាយហើយ» បានទម្លាយឯកសារទាំងនោះ ដោយសរសេរព្រលយ ឲ្យដឹងបន្ថែមថា៖ «សូមរង់ចាំវគ្គបន្តទៀតមាន: លោក ខៀវ កាញារីទ្ធ, ហេង សំរិន, ហ៊ុន ម៉ានិត, ផៃ ស៊ីផាន, ហ៊ុន តូ សាកទាយទៅមើល៍ តើពួកគាត់មានសញ្ជាតិអ្វីខ្លះ?»។

 

ឯកសារបែកធ្លាយទាំងនោះខ្លះ ថែមទាំងបង្ហាញថាឈ្មោះ ហ៊ុន គឹមឡេង មានប្រាក់នៅក្នុងគណនីធនាគារ ជាង២៧លានដុល្លារ ខណៈឈ្មោះ នេត ធីតាវិច្ឆុណា ដែលគេស្គាល់ជាឈ្មោះ​កូនស្រីច្បង របស់លោក នេត សាវឿន មានប្រាក់នៅក្នុងធនាគារ មិនតិចជាង៧លានដុល្លារឡើយ។ ឯកសារមួយនោះ គេឃើញមូលប្បទានប័ត្រ របស់ឈ្មោះ ហ៊ុន គឹមឡេង បានផ្ដល់ទឹកប្រាក់ ទៅឲ្យឈ្មោះ នេត ធីតាវិច្ឆុណា ចំនួន៣លានដុល្លារ។

 

យ៉ាងណា ក៏ឯកសារទាំងអស់នោះ មិនអាចសុំការបញ្ជាក់បានទេ ថាជាឯកសារពិត ឬក្លែងក្លាយ ខណៈលោក សម រង្ស៊ី ខ្លួនលោក ក៏មិនបានអះអាងដែរថា លោកបានឯកសារទាំងអស់ខាងលើ ពីប្រភពណាមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...