អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី

អតីតប្រធានាធិបតីអាមេរិក បានយកពេលវេលាលំហែកាយ ជាមួយ​នឹង​ក្រុម​គ្រួសារលោក នៅលើកោះ​បាលី របស់​ប្រទេស​ឥណ្ឌូនេស៊ី។ តែមិន​មែន​ត្រឹម​តែ​លំហែកាយទេ ព្រោះលោកអតីតប្រធានាធិបតី ក៏ត្រូវជួប​ជា​មួយ​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី នៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះដែរ។
អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី
លោក បារ៉ាក់ អូបាម៉ា បឺតទឹកដូង ដូចជាមានរសជាតិឆ្ងាញ់ណាស់! (រូបថត​លើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 24, 2017
  • ប្រធានបទ: ជនល្បីៗ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក កំពុងលំហែកាយ ជាមួយនឹងក្រុម​គ្រួសារ​របស់លោក នៅលើកោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ បន្ទាប់ពីនេះ លោក អូបាម៉ា នឹងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី ចាការតា នៃប្រទេសនេះ និងជារដ្ឋធានី ដែលលោកធ្លាប់រស់នៅ កាលពី​លោក​មាន​វ័យ​កុមារ។ នេះ បើ​តាម​ការ​ប្រកាស​ឲ្យដឹង របស់អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ។

អតីតប្រធានាធិបតី ដែលមានសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងភរិយា និងកូនស្រី បានមកដល់កោះបាលី កាល​ពីយប់ម្សិលម៉ិញ។ នាយទាហាន លោក «I Gede Widiyana» ដែលទទួលបន្ទុកថែរក្សាសន្តិសុខតំបន់ បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» ដឹងថា៖ «ម្សិលម៉ិញ ពួកគាត់បានមកដល់ ក្នុង​ពេល​យប់ជ្រៅ ហើយ​បាន​ធ្វើដំណើរ​ភ្លាមៗតែម្ដង ទៅកាន់សណ្ឋាគាររបស់ពួកគេ ស្ថិតនៅភូមិ "Ubud"។»។

មន្ត្រីយោធាដដែល បានអះអាងថា នៅព្រឹកថ្ងៃនេះ លោក បារ៉ាក់ អូបាម៉ា​ បានក្រោកពីព្រលឹម ហើយបាន​ហាត់​ប្រាណ នៅក្នុងសួនច្បារ របស់សណ្ឋាគារ​ប្រកបដោយផាសុខភាពនោះ ប៉ុន្តែអ្នកទទួលខុសត្រូវយោធារូបនេះ មិន​បានបង្ហើបឲ្យដឹង ពីព័ត៌មានដែលគ្រួសារ របស់អតីតប្រធានាធិបតីអាមេរិក នឹង​ត្រូវ​ចេញទៅកំសាន្ដ ក្នុងភូមិ​ទេសចរណ៍ «Ubud» នោះឡើយ។

នៅសប្ដាហ៍ខាងមុខ លោក អូបាម៉ា និងគ្រួសារ គ្រោងធ្វើដំណើរទៅទស្សនា ប្រាសាទ «Borobudur» នៅក្នុង​ក្រុង «Yogyakarta»។ ពួកលោកនឹង​ស្នាក់​នៅ​​ទីនោះ មួយយប់ មុននឹងធ្វើដំណើរជាបន្ត ឆ្ពោះទៅរដ្ឋធានី ចាការតា។ 

នៅក្នុងវ័យកុមារ លោក បារ៉ាក់ អូបាម៉ា បានរស់នៅក្នុងរដ្ឋធានី ចាការតា នៃប្រទេសឥណ្ឌូនេស៊ី អស់​រយៈ​ពេល​៤ឆ្នាំ (ពីឆ្នាំ១៩៦៦ មកដល់ឆ្នាំ១៩៧០) ក្នុង​អំឡុង​ពេល ដែល​ម្ដាយរបស់លោក បានរៀបការ ជា​មួយ​បុរស​ជាតិ​ឥណ្ឌូនេស៊ី​មួយ​រូប។ បណ្ដាជនឥណ្ឌូនេស៊ីជាច្រើន បានសំដែង​​សមាន​ចិត្ត​​របស់​ពួកគេ ស្រឡាញ់​រាប់អាន​លោក អូបាម៉ា ដែលធ្វើឲ្យអតីតប្រធានាធិបតីអាមេរិក មានប្រជាប្រិយភាពណាស់ នៅក្នុងប្រទេសនេះ។ 

» រូបចម្លាក់ «Litle Burry» តំណាងឲ្យកុមារ បារ៉ាក់ អូបាម៉ា នៅពីមុខសាលារៀនមួយ ដែលលោកបានរៀន នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី៖

រីឯក្រសួងការបរទេសឥណ្ឌូនេស៊ីវិញ បានអះអាងថា ដំណើរកំសាន្ដរបស់លោក អូបាម៉ា និងគ្រួសារ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពីការអញ្ជើញជាច្រើនដង ពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូដូ វីដូដូ (Joko Widodo)។ នៅ​ថ្ងៃទី៣០ ខែមិថុនាខាងមុខ លោកអតីតប្រធានាធិបតីអាមេរិក នឹងជួបជាមួយ លោក ចូដូ វីដូដូ ហើយ​​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​មួយ នៅថ្ងៃស្អែកឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...