វិភាគ៖ បារ៉ាក់ អូបាម៉ា ផ្ដល់បេសកកម្មចុងក្រោយ ទៅអោយជំនាន់អ្នកធ្វើសង្គ្រាមនៅវៀតណាម
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: January 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលផ្ដល់សេចក្ដីទុកចិត្ត ទៅបុរសចំណាស់ពីរនាក់ គឺលោក ជូក ហាហ្គែល និង ចន ឃែរី នោះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានគេមើលឃើញថា លោកបានផ្ដល់អំណាចដ៏ធំមួយ ទៅអោយជំនាន់អ្នកធ្លាប់ធ្វើសង្គ្រាមនៅវៀតណាម ដើម្បីបំពេញបេសកកម្មដ៏ស្រួចស្រាវ ក្នុងនយោបាយការបរទេសអាមេរិក។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលតែងតាំងលោក ជូក ហាហ្គែល (រូបខាងឆ្វេង)។
រូបថត Carolyn Kaster/AP។
លោក ជូក ហាហ្គែល (Chuck Hagel) អាយុ៦៦ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចន ឃែរី (John Kerry) ជាប្រមុខការទូតអាមេរិក ដែលលោក អូបាម៉ា បានជ្រើសរើសតែងតាំងថ្មីៗ ជាវរជនពីរនាក់ដែលធ្លាប់ប្រលូកយ៉ាងជ្រៅ ទៅក្នុងសង្គ្រាមនៅឥណ្ឌូចិន តែបច្ចុប្បន្នបានក្លាយជា អ្នកទទួលខុសត្រូវអាមេរិកាំងជាន់ខ្ពស់ពីររូប ទៅលើរាល់កិច្ចអន្តរាគមន៍ទាំងឡាយ ដែលមិនអាចខ្វះបាន នៅក្នុងពិភពលោក។
ប្រវត្តិវិទូអាមេរិកាំងម្នាក់នៅសកលវិទ្យាល័យ ព្រីនសឺតោន (Princeton) លោក ជូលៀន ហ្សើលីហ្សើរ ( Julian Zelizer) បានលើកឡើងថា «គាត់ទាំងពីរ ជាវរជនចាស់ស្រុក នៅចុងក្រោយគេ ពីសង្គ្រាមនៅវៀតណាម ដែលទទួលបាននូវអំណាចនេះ។ ម្នាក់ៗទទួលបានរៀងៗខ្លួន ពីមេរៀនដែលពួកគាត់បានឃើញ ក្នុងសង្គ្រាមនោះ ហើយនឹងមើលទៅកាន់ពិភពលោក ដោយស្រង់បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់កន្លងមក។»
សម្រាប់បុរសទាំងពីរ ការឡើងមកយកតំណែងនេះ មិនមែនជារឿងឯកជនផ្ទាល់ខ្លួនលោកទេ។ លោកចន ឃែរី ដែលធ្លាប់ចាញ់ឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០០៤ ទល់នឹងគូរប្រជែងសាធារណរដ្ឋ លោកហ្សក វ. ប៊ូស (George W. Bush) នោះ កំពុងស្ថិតក្នុងផ្លូវមួយ ឈានឆ្ពោះទៅរក«ការចូលនិវត្តន៍»។ រីឯលោក ព្រឹទ្ធសភា ជូក ហាហ្គែល វិញ ត្រូវបានគណបក្សសាធារណរដ្ឋរបស់លោក «ចំអកអោយ» នៅក្រោយពេលដែលលោក បានប្រឆាំងនឹងចំណាត់ការយោធា របស់ប្រធានាធិបតីហ្សក វ. ប៊ូស នៅអៀរ៉ាក់ ចាប់តាំងពីឆ្នាំ២០០៧មក។
លោកសាស្ត្រាចារ្យ សៀន ខេ (Sean Kay) ជំនាញខាងទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យមួយនៃរដ្ឋអូហៃយ៉ូ (Ohio) បានគិតថា វត្តមានរបស់អតីតទាហ៊ាន នៅសង្គ្រាមវៀតណាមទាំងពីរនាក់ នឹងអាចបន្ថែមរឿងអាក្រក់ខ្លះទៀត ទៅលើទស្សនវិស័យជាតិ ក្នុងការប្រើប្រាស់យោធា ជាអាវុធនៃនយោបាយការបរទេសអាមេរិក។
លោកសាស្ត្រាចារ្យបានពន្យល់ថា «ថ្ងៃនេះ គេត្រូវមានទស្សនវិស័យជាយុទ្ធសាស្ត្រមួយនៃពិភពលោក កត់សម្គាល់ដោយ ប្រទេសអាមេរិកនៃភាពទុកចិត្ត និងខ្លាំង។ តែជាមួយគ្នានេះ ក៏ត្រូវអោយមានការអត់ធ្មត់ខ្លះ នៅពេលណា ដែលត្រូវប្រើកម្លាំងយោធា និងប្រើតាមរបៀបណានោះ»។
«ប្រើប្រាស់កម្លាំងយោធា ម្ដងម្កាល»
អ្នកវិភាគ បានមើលឃើញថា វាមិនខុសពីទស្សនរបស់លោកអូបាម៉ាប៉ុន្មានឡើយ លោកទាំងពីរបានការពារនយោបាយការបរទេសមួយ ដែលសង្កត់ធ្ងន់លើវិស័យការទូត ប្រើទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងស្ថាប័នអន្តរជាតិទាំងឡាយក្នុងពិភពលោក ហើយអាមេរិកមិនត្រូវបកស្រាយសង្កត់ខ្លាំង តែពីការវិវត្តន៍ឈានទៅ ប្រើប្រាស់វិស័យយោធានោះទេ។
តែបើទោះជាលោកប្រធានាធិបតី បានបញ្ចប់សង្គ្រាមនៅអៀរ៉ាក់ និងកំពុងតែត្រៀមធ្វើជាបន្តទៅទៀត នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់នោះក៏ដោយ ក៏គេមិនត្រូវបដិសេធទាំងស្រុង នូវការប្រើប្រាស់កម្លាំងអន្តរាគមន៍ ដូចបានធ្វើរួច នៅក្នុងប្រទេសលីប៊ី ឬការវាយសម្រុកសម្លាប់មេភេវរករ ប៊េនឡាដេន (Ben Laden) ឬរឿងដទៃៗទៀតនោះទេ។
អ្នកជំនាញម្នាក់ទៀត ខាងនយោបាយការបរទេស លោក ជេម ម៉ាន (James Mann) បានពន្យល់យ៉ាងដូច្នេះទៀតថា «លោកប្រធានាធិបតី សម្រេចពីការដកកងទ័ពចេញអោយអស់ ក្នុងន័យកាត់បន្ថយ តួនាទីរបស់សហរដ្ឋអាមេរិក។ តែលោកប្រធានាធិបតី ក៏បានជម្រុញអោយមានគំនិតដែរថា ការប្រើប្រាស់ម្ដងម្កាល នូវកម្លាំងយោធា នឹងអាចនាំផលប្រយោជន៍អោយប្រទេស។»
ជាមួយលោក ហាហ្គែល និងលោក ឃែរី លោកប្រធានាធិបតីអូបាម៉ា បានធ្វើជម្រើសមួយ មិនចង់ជុំជិតខ្លួនទៅដោយ ក្រុមអ្នកមានយោបល់ដូចគ្នា នៅពេលដែលលោកត្រិះរិះម្ដងៗ ជាពិសេសទៅលើការបរាជ័យជាយថាហេតុ ក្នុងវិស័យ ការទូត ដើម្បីបើកអោយមាន នូវផែនការអាមេរិកាំងជាលើកទីបី ទៅក្នុងពិភពមូស្លីមនៅប្រទេសអៀរ៉ង់។ សម្រាប់លោកព្រឹទ្ធសភា លីនសេ ហ្គ្រាហាម (Lindsey Graham) ការតែងតាំងលោក ហាហ្គែល មកជាប្រមុខដឹកនាំមន្ទីប៉ង់តាហ្គោន ជា«សញ្ញាមួយ ប្រាប់ទៅប្រទេសអៀរ៉ង់ ពីហេតុការណ៍អាក្រក់ទាំងឡាយ ថានឹងអាចកើតមានឡើង»៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ