ឥណ្ឌា៖ សង្សារបស់ស្ត្រីរងគ្រោះ ពន្យល់ជាលើកដំបូង ពីហេតុការណ៍ដ៏ព្រៃផ្សៃ
«តើខ្ញុំត្រូវនិយាយថាដូចម្ដេច? គេមិនត្រូវដឹង និងឃើញ ពីសភាពព្រៃផ្សៃ ដូចដែលខ្ញុំបានឃើញនោះទេ។ ខ្ញុំសាកល្បង ប្រយុទ្ធតទល់នឹងមនុស្សទាំងនោះ និងក្រោយមក ខ្ញុំថែមទាំងបាន អង្វរលន់តួម្ដងហើយ ម្ដងទៀត ដើម្បីសុំពួកគេលើកលែងអោយនាង។» យុវជនអាយុ២៨ឆ្នាំ បាននិយាយដូច្នេះប្រាប់ទីភ្នាក់ងារបារាំង អាអេហ្វប៉េ តាមទូរស័ព្ទ។
ដំបងដែកច្រេះចាប់
ពេលដែលអ្នកទាំងពីរ បានវិលត្រឡប់ពីមើលភាពយន្ដវិញ និងរកជិះរម៉កកង់មិនបាន គូរសង្សាទាំងពីរសម្រេចចិត្ត ឡើងជិះរថយន្ដក្រុងមួយ ដែលជាធម្មតា ត្រូវបានគេប្រើប្រាស់ សម្រាប់ប្រមូលកូនសិស្ស ប៉ុន្តែនៅយប់នោះ រថយន្តក្រុងនេះ ត្រូវបានហួងហែងដោយជនមួយក្រុម ដែលមានបំណង«ចេញដើរយប់» កំសាន្តនៅក្នុងទីក្រុងរបស់ប្រទេស។ នៅក្រោយពេលដែលអ្នកទាំងពីរ បានចូលដល់ក្នុងរថយន្ដ យុវជននេះត្រូវបានគេវាយ ហើយចំណែកឯសង្សារបស់នាយ ត្រូវបានគេរំលោភជាច្រើនដង ដោយមនុស្សជាច្រើននាក់ រួមទាំងអ្នកបើករថយន្ដនោះ និងមានប្រើដល់«ដំបងដែកច្រេះចាប់»ថែមទៀត។ និស្សិតស្រីផ្នែកចាប់សសៃវេជ្ជសាស្ត្រ អាយុ២៣ឆ្នាំរូបនេះ ត្រូវបានជនអាក្រក់ទាំងនោះ បោះពីរថយន្ដចេញទៅក្រៅ ទាំងរូបរាងអាក្រាត រួមជាមួយនឹងសង្សារបស់នាង ដែលបានទទួលព្រនង់យ៉ាងចាស់ដៃ គ្រប់ដណ្ដប់ខ្លួនពោរពេញដោយឈាម។
នាងបានស្លាប់កាលពីថ្ងៃសៅរ៍ទី៣០ខែធ្នូ នៅទីក្រុងស៊ាំងហ្គាពួរ ក្នុងមន្ទីរពេទ្យមួយដែលនាងត្រូវបានគេផ្ទេរ អោយទៅព្យាបាលជាបន្ទាន់ ខណៈស្ថានភាពសុខភាពរបស់នាង បានធ្លាក់ចុះដុនដាបខ្លាំង ទាក់ទងពោះវៀននិងប្រព័ន្ធខួរក្បាល។ អំពើដ៏ស្មោករោគនេះ បានបង្កអោយមានការផ្ទុះឡើង នូវការក្ដៅក្រហាយឥតឧបមា រហូតមកទល់នឹងពេលនេះ ប្រឆាំងនឹងការរំលោភសេពសន្ធវះ ដោយគ្មានទោសពៃរ នៅក្នុងប្រទេស។ ក្នុងរយៈពេលកន្លងមក នៅក្នុងប្រទេសឥណ្ឌា សំនុំរឿងចាប់រំលោភ ប្រមាណតែជា២០%ប៉ុណ្ណោះ ត្រូវបានកាត់ក្ដីជំនុំជម្រះដោយតុលាការ។
ជាមួយនឹងការសុំអោយប្រព័ន្ធផ្សព្វផ្សាយ ជួយលាក់ឈ្មោះរបស់នារីរងគ្រោះ ជាសង្សារបស់ខ្លួន យុវជនបានបន្តបរិហារទៀតថា ខណៈពេលនាយនិងសង្សា ត្រូវបានពួកជនអាក្រក់បោះមកក្រៅរថយន្ដ សង្សារបស់នាយបានបាក់ជើងម្ខាង តែគ្មាននរណាម្នាក់អើពើ នឹងយកអាសារពួកនាយ ដោយបានទុកចោល អោយឈឺផ្សាររហូតជិតមួយម៉ោងក្រោយ។
គ្មានជំនួយ!
យុវជនដែលធ្វើការខាងពត៌មានវិទ្យារូបនេះ បានបន្តយ៉ាងអួលអាក់ថា «មានអ្នកដំណើរម្នាក់ បានឃើញពួកយើង នៅក្រោយពេលកើតហេតុ តែសូម្បីតែអាវក្រៅ ក៏ជននេះ មិនបានដោះអោយទៅ មិត្តស្រីខ្ញុំ ពាក់គ្របខ្លួនដែរ ខណៈដែលសម្លៀកបំពាក់របស់នាង ត្រូវបានហែកចេញអស់នោះ។ (...) យើងត្រូវនៅរងចាំ នគរបាលមកជួយ។»
ជនអាក្រក់ទាំង៦នាក់ ត្រូវបានចាប់ឃាត់ខ្លួន។ ក្នុងនោះមានម្នាក់ ប្រកាសថា ខ្លួននៅជាអនិតិជននៅឡើយ តែនគរបាលត្រូវការ ពិនិត្យថាតើជាអាយុពិត ឬយ៉ាងណា។ ចំណែកប្រាំនាក់ទៀត អាយុពី១៩ឆ្នាំ ដល់៣៥ឆ្នាំ ត្រូវបាននគរបាលធ្វើការចោទប្រកាន់ ពីបទពង្រត់ រំលោភ និងឃាតកម្ម ហើយអាចនឹងទទួលទោសប្រហាជីវិត ប្រសិនបើតុលាការរកឃើញថា មានកំហុស។
យុវជនរងគ្រោះ បានរំលឹកពីព្រឹត្តិការណ៍ ដ៏សោកសៅនេះឡើងវិញថា «ខ្ញុំមិនទុកចិត្តទេ នៅពេលឡើងដល់ក្នុងរថយន្ដក្រុងនេះភ្លាម។ តែមិត្តស្រីខ្ញុំ នាងខ្លាចត្រឡប់ចូលផ្ទះ យឺតពេលពេក អញ្ចឹងយើងក៏នាំគ្នាឡើងចូលទៅ។ ជាកំហុសដ៏ធំជាងគេ ក្នុងមួយជីវិតរបស់ខ្ញុំ ព្រោះបន្ទាប់ពីណ្នឹងទៅ អ្វីៗបានហួសអស់ទៅហើយ។» អ្នកបើករថយន្ដ ចាប់ផ្ដើមបញ្ចេញចរិកមិនស្រួល។ គ្នីគ្នារបស់អ្នកបើកបរនេះ ក៏បានត្រូវផ្លែត្រូវដង ហើយបានងាក មកផ្លែផ្កាអោយគូរសង្សានេះ។ យុវជនបានសុំអ្នកបើក អោយបញ្ឈប់រថយន្ដ តែគ្នីគ្នារបស់ក្រុមនេះបានខ្ទាស់បិតទ្វាទាំងពីរជាប់ មិនអោយ«ឈ្លូសទាំងពីរ» គេចពីចំណីខ្លាបានឡើយ។
យុវជនបន្តថា «ពួកវាបានវាយខ្ញុំ ជាមួយនឹងដំបងខ្លីមួយ ហើយទាញមិត្តស្រីរបស់ខ្ញុំ រហូតទៅជាប់កន្លែងអង្គុយ របស់អ្នកបើករថយន្ដ។ បន្ទាប់មកពួកវាទាំងនេះ បានរំលោភមិត្តស្រីខ្ញុំ និងបានវាយធ្វើបាបនាង យ៉ាងព្រៃផ្សៃរកលេខដាក់គ្មាន ជាពិសេសទៅលើខ្លួនប្រាណសំខាន់ៗ និងកេរ្តិ៍ខ្មាសរបស់នាង។»
«ខ្ញុំមិនអាចនិយាយប្រាប់អ្នក ពីអារម្មណ៍ដែលខ្ញុំគិតនោះទេ។ ខ្ញុំរន្ធត់ញាប់ញ័រ នឹងភាពខ្លោចផ្សារនេះ។» សម្រាប់យុវជនរងគ្រោះ នគរបាលបានជួយនាំមិត្តស្រីរបស់នាយ ទៅកាន់មន្ទីរពេទ្យ តែនគរបាលមិនបានយល់ពី របួសពិតប្រាកដ និងពីភាពបាក់ស្បាត នៅក្នុងចិត្តរបស់នាងទេ។ យុវជនបន្តបរិហារថា «ខ្ញុំត្រូវបាននគរបាលចាត់ទុក ដូចជាវត្ថុមួយ (...) ទំនងមើលទៅ នគរបាលដូចជាចង់ដោះស្រាយបញ្ហានេះ មុននឹងខ្ញុំទទួលបានការព្យាបាល អោយបានត្រឹមត្រូវនោះទៅទៀត។ គ្មាននរណាម្នាក់ អាចជាសាក្សីដឹងសោះឡើយ ពីក្ដីរន្ធត់ញាប់ញ័រ ដែលខ្ញុំទទួលមាន នៅក្នុងខ្លួន៕»
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ