អ្នកស្រាវជ្រាវថា ការរំលោភផ្លូវភេទក្នុងរបបខ្មែរក្រហមមានទំហំធំ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 03, 2014
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហិង្សាផ្លូវភេទ - ថ្លែងនៅក្នុងកម្មវិធីសម្ភោធលទ្ធផល នៃការសិក្សាស្រាវនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ អ្នកស្រី រ៉ូសែល ប្រាស ទីប្រឹក្សាអ្នកស្ម័គ្រចិត្ត ជនជាតិអូស្រ្តាលី ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ និងជាអ្នកធ្វើការសិក្សាផ្ទាល់ ទៅលើគម្រោងស្រាវជ្រាវមួយ បានបង្ហាញលទ្ធផលថា ពលរដ្ឋរងគ្រោះខ្មែរជាច្រើននាក់ ពិតជាបានរង នូវអំពើហិង្សាផ្នែកផ្លូវភេទ ក្នុងរបបខ្មែរក្រហម។ អំពើហិង្សាផ្លូវភេទនេះ រួមមាន ការបង្ខំឱ្យរៀបការ ការបង្ខំឱ្យរួមភេទ ការរំលោភសេពសន្ថវៈ ការរួមភេទដើម្បីទទួលបានម្ហូបអាហារ ឬសិទ្ធិផ្សេង ទាសករផ្លូវភេទ និងការរំលោភបំពានផ្សេងៗ។
អ្នកស្រីបន្តថា ភាគច្រើននៃជនរងគ្រោះ ត្រូវបានគេរំលោភហើយសំលាប់ ពេលខ្លះជនរងគ្រោះត្រូវបានគេកាត់សុដន់ និងកាត់អវៈយវៈភេទផងដែរ។ ជនរងគ្រោះមួយចំនួនទៀត ត្រូវបានបង្ខំចិត្តរួមភេទ ក្រោយរៀបការ ដើម្បីជៀសផុតពីការសំលាប់។ រហូតមកដល់បច្ចុប្បន្ននេះ ជនរងគ្រោះដែលទទួលរង នូវអំពើរំលោភផ្លូវភេទនេះ នៅតែមានផលប៉ះពាល់ដល់ផ្នែករាងកាយ ជាពិសេសខាងផ្លូវចិត្ត ហើយអ្នកខ្លះបានសម្លាប់ខ្លួនថែមទៀត។
អ្នកស្រី រ៉ូសែល បានដកស្រង់លទ្ធផល នៃការសិក្សាស្រាវជ្រាវនេះ បានបញ្ជាក់ឱ្យដឹងទៀត នៅក្នុងរបបខ្មែរក្រហម ពិតជាមានការរួមភេទមុនរៀបការពិតប្រាកដមែន ហើយភាគច្រើសុទ្ធតែបុរស និងជាកម្មាភិបាលខែ្មរក្រហម តែក្នុងនោះ ក៏មានជនប្រព្រឹត្តជាស្រ្តីផងដែរ ហើយវាបានរីករាលដាលខ្លាំងមែនទែន នៅក្នុងរបបនោះ បើទោះជាច្បាប់សីលធម៌ នៅក្នុងរបបនេះតឹងរ៉ឹង រីឯអ្នកប្រព្រឹត្ត ត្រូវទទួលទោសធ្ងន់ធ្ងន់ រហូតស្លាប់ក៏ដោយ។
សូមបញ្ជាក់ថា គម្រោងសិក្សាស្រាវជ្រាវនេះ ត្រូវបានបង្កើតឡើង និងឧបត្ថម្ភធុន ដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការមួយ ផ្តោតទៅលើការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីស៊ើបអង្កេតរឿងរ៉ាវ ទៅលើក្រុមជនជាតិភាគតិចនៅកម្ពុជា ដែលបានឆ្លងកាត់របបខ្មែរក្រហម។ ការស្រាវជ្រាវនេះ ផ្តោតសំខាន់ទៅលើ ហិង្សាផ្លូវភេទដូចជា ការបង្ខំឱ្យរៀបការ ការរំលោភផ្លូវភេទ និងការរំលោភបំពានផ្សេងៗ។
ក្រុមមនុស្ស ដែលរាប់បញ្ចូល សម្រាប់ការប្រមូលព័ត៌មាន ទៅលើសិក្សាស្រាវជ្រាវនេះ មានដូចជាស្រ្តី និងបុរសជនជាតិវៀតណាម ខ្មែរក្រោម ខ្មែរឥស្លាម និងចាម។ បទសម្ភាសន៍ត្រូវបានធ្វើឡើង នៅក្នុងការខេត្តចំនួន៦ រួមមាន កំពត កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បាត់ដំបង និងរាជធានីភ្នំពេញ៕