ក្រសួងព័ត៌មានព្រមានចាត់ការលើអាចារ្យ A រឿងនារី«ខារាអូខេ»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៦
- កែប្រែចុងក្រោយ: August 13, 2016
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បាននិយាយថា ក្រសួងព័ត៌មាននៅពេលនេះ កំពុងរៀបចំកិច្ចប្រជុំមួយ ដើម្បីចាត់ការ ទៅលើការធ្វើអត្ថាធិប្បាយមួយ របស់នាយកវិទ្យុ ABC លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A ដែលបានលើកពីស្ត្រីបម្រើការ នៅតាមហាងខារាអូខេថា «គួរលក់ខ្លួន ឲ្យអ្នកមានលុយ ជាជាងបន្តអង្គុយកំដរ (ឬផឹកស្រាបៀរ) ជាមួយភ្ញៀវ»។
អត្ថាធិប្បាយរបស់លោកអាចារ្យ A បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហាកន្លងមក ដើម្បីតបទៅនឹងសំណួរ របស់និស្សិតឆ្នាំទី៣ម្នាក់ ដែលកំពុងបម្រើការ ក្នុងហាងខារ៉ាអូខេមួយ។ និស្សិតរូបនោះ បានសួរលោកថា៖ «បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើយើងត្រូវធ្វើយ៉ាងម៉េច»? លោកអាចារ្យ A ដែលសម្បូរដោយវោហាស័ព្ទស្រាប់ផង បានថ្លែងតបវិញ បែបវាហីថា៖ «រវាងយើងអង្គុយផឹក (ស្រា ឬស្រាបៀរ) រាល់ថ្ងៃ និងសុខចិត្តលក់ខ្លួន ឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង»។
សំដីរបស់លោក សេង ប៊ុនវ៉េង បានបង្កឲ្យមានប្រតិកម្មពីគ្រប់ទិស ទាំងនៅតាមបណ្ដាញសង្គម ទាំងពីសំណាក់មន្ត្រីធ្វើការផ្នែកស្ត្រី របស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ពួកគេសុទ្ធតែបានលើកឡើង រិះគន់តបទៅលោកអាចារ្យ A វិញថា នាយកវិទ្យុរូបនេះ បានធ្វើឲ្យប៉ះពាល់ដល់រូបភាពជាស្ត្រី ដល់សិទ្ធិស្ត្រី និងបានលើកទឹកចិត្ត ឲ្យមានការលក់ខ្លួន នៅក្នុងសង្គមកាន់តែច្រើនឡើង។ មន្ត្រីខ្លះទៀត បានចោទប្រកាន់ថា លោកអាចារ្យ A កំពុងបំផុសឲ្យធ្វើសញ្ចារកម្ម។
អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានបរិហារការធ្វើអត្ថាធិប្បាយនោះ ថាបានប៉ះពាល់ទៅដល់ ច្បាប់ពេស្យាចារ្យ និងច្បាប់ឯកពន្ធភាព ។ អ្នកស្រីបានពន្យល់ថា អ្នកដែលយកលុយ ឬរបស់ផ្សេងៗ ជាថ្នូរដើម្បីរួមភេទ ទោះបីភាគីស្រ្តីយល់ព្រម ឬមិនយល់ព្រមក៏ដោយ ត្រូវតែមានទោស។ អ្នកស្រីបាននិយាយថា៖ «ប្រសិនបើបុរសក ដែលជាសេដ្ឋី គាត់យករបស់ ឬលុយកាក់ឲ្យទៅនាង សួរថា តើគាត់មានទោសឬអត់? គាត់ត្រូវមានទោស ពីបទពេស្យា ដែលមានចែងក្នុងមាត្រា២៣ នៃច្បាប់ស្តីពីការជួញដូរមនុស្ស។»។
ចំពោះក្រសួងព័ត៌មានវិញ បានប្រតិកម្មនឹងការលើកឡើង របស់លោក សេង ប៊ុនវ៉េង នេះ ដោយអះអាងថា កំពុងរងចាំសេចក្ដីសម្រេច ពីកិច្ចប្រជុំរបស់គណកម្មការសោតទស្សន៍ ទទួលបន្ទុកលើកិច្ចការវិទ្យុ និងទូរទស្សន៍ជាមុនសិន។ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ដែលអះអាងថា លោកក៏បានស្ដាប់ឮផ្ទាល់ត្រជៀក នូវសេចក្ដីអត្ថាធិប្បាយដែរនោះ បានអះអាងថា៖ «ក្រសួងកំពុងតែពិចារណាថា តើត្រូវរៀបចំដំណើរ គេហៅថា ណែនាំយ៉ាងម៉េច ចំពោះអត្ថាធិប្បាយកាលពីម្សិល (សម្តីអាចារ្យA!) ខ្ញុំក៏បានស្តាប់ឮនឹងត្រចៀកដែរ ហើយយើងកំពុងគិតថា យើងគួរធ្វើរបៀបម៉េច»។
លោក អ៊ុក គឹមសេង បានសង្កត់ធ្ងន់ថា៖ «ការ (ធ្វើ)អត្ថាធិប្បាយ មិនគិតមុខ គិតក្រោយបែបនេះ អាចនឹងប៉ះពាល់ ដល់សិទ្ធិសេរីរបស់ប្អូនៗជាស្ត្រី»៕