រួមគ្នារំលោភយុវតីជំទង់ រួចបោះនាងជាមួយម្ដាយចេញពីឡានក្រុង
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 04, 2015
- ប្រធានបទ: សេពសន្ធវៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ រំលោភសេពសន្ធវៈ ជាក្រុម (ឬរំលោភបូក) បានផ្ទុះឡើងសារជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា ហើយបានធ្វើឲ្យអ្នកផង នឹកឃើញឡើងវិញ ពីព្រឹត្តិការណ៍រំលោភបូក ទៅលើយុវនិស្សិតស្រីម្នាក់ នៅលើរថយន្ដក្រុង ក្នុងរដ្ឋធានី ញ៉ូដេល្លី កាលពីឆ្នាំ២០១២។ កាលពីថ្ងៃពុធសប្ដាហ៍មុន យុវតីជំទង់ម្នាក់ទៀត បានស្លាប់ដោយសារ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីនាង ត្រូវបានបោះចេញ ពីរថយន្ដក្រុង ដោយមនុស្សប្រុស អ្នកចាប់រំលោភមួយក្រុម។
ហេតុការណ៍ បានកើតឡើង នៅលើដងផ្លូវជាតិ ម៉ូហ្គា (Moga) ភាគខាងជើងនៃប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនជាមួយ ប្រទេសប៉ាគីស្ថាន។ នេះបើតាមការអះអាង របស់ស្ត្រីជាម្ដាយ អ្នកស្រី ស៊ីដ័រ កូរ (Shinder Kaur) ដែលកំពុងសម្រាកព្យាបាលខ្លួន នៅក្នុងមន្ទីរពេទ្យ ថ្លែងប្រាប់ ទូរទស្សន៍ NDTV។ ខណៈពេល ដែលស្ត្រីជាម្ដាយ យុវតីជំទង់ជាកូនស្រី និងកូនប្រុសម្នាក់ទៀត បានធ្វើដំណើរទាំងយប់ នៅលើរថយន្ដក្រុងមួយ ពីផ្ទះរបស់ពួកគេ នៅក្នុងក្រុង ផេនចាប (Pendjab) ដើម្បីទៅលេងញាតិមិត្តនោះ ស្រាប់តែ មនុស្សប្រុសមួយក្រុម បានចាប់ផ្ដើមរករឿងយុវតីជំទង់។
«គ្មាននរណាជួយយើងទេ»
ក្រុមមនុស្សទាំងនោះ បានចាប់ផ្ដើមឈ្លោះប្រកែក ជាមួយយុវតីជំទង់ កញ្ញា អាស្សឌីប (Arshdeep) នៅក្នុងរថយន្ដនោះ ហើយចាប់ផ្ដើមលូកលាន់ ប៉ះពាល់ខ្លួនប្រាណនាង និងម្ដាយនាង ជាច្រើនលើកច្រើនសារ។ អ្នកស្រី ស៊ីដ័រ កូរ បានស្រែកប្រាប់ទៅ បុគ្គលិករបស់រថយន្ដក្រុងម្នាក់ ប៉ុន្តែបុគ្គលិករូបនោះ មិនត្រឹមតែមិនធ្វើអន្តរាគមន៍ ជួយស្ត្រីទាំងពីរទេ តែថែមទាំងចូលរួមជាមួយ ក្រុមមនុស្សប្រុសនោះ ថែមទៀត។
ការប្រតាយប្រតប់គ្នា បានកើតឡើងមួយសន្ទុះ លុះត្រាអ្នកស្រី ស៊ីដ័រ រកឱកាសចេញ ទៅជួបជាមួយអ្នកបើកបររថយន្ដ ដើម្បីសុំឲ្យឈប់រថយន្ដ។ ផ្ទុយទៅវិញ បុរសអ្នកកាន់ចង្កូនឡានក្រុង បានបន្ថែមល្បឿន កាន់តែលឿនឡើង រហូតដល់ដំណាក់កាលចុងក្រោយ ដែលទាំងម្ដាយ ទាំងកូនស្រី ត្រូវបានមនុស្សប្រុសទាំងនោះ ច្រានចេញពីរថយន្ដក្រុង បោះចេញមកលើផ្លូវថ្នល់។ ស្ត្រីជាម្ដាយ ដែលមានអាយុ៣៥ឆ្នាំ បានថ្លែងទាំងអួលអាក់ ពីក្នុងគ្រែមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បត្តិ៍ថា៖ «គ្មាននរណាជួយយើងទេ។ ពួកគបានច្រានកូនស្រីខ្ញុំមុន រួចហើយបានច្រានខ្ញុំ។»
រថយន្ដបានបន្តដំណើរទៅមុខបានបន្តិច ក៏បានឈប់ ហើយមនុស្សប្រុសទាំងអស់ ទាំងអ្នកបើកបររថយន្ដ និងបុគ្គលិកឡានក្រុងនោះផង បានរត់គេចខ្លួន។ ប៉ុន្តែក្នុងចំណោមនោះ មនុស្សប្រុសបីនាក់ ត្រូវបាននគរបាលចាប់ខ្លួន នៅក្នុងពេលក្រោយមក។
ហេតុការណ៍នេះ កាន់តែបង្កការក្ដៅក្រហាយ កាន់តែខ្លាំងថែមទៀត នៅពេលដែលបណ្ដាញផ្សព្វផ្សាយ បានទម្លាយឲ្យដឹងថា កូនប្រុសនៃអភិបាលរដ្ឋ ផេនចាប មានភាគហ៊ុន នៅក្នុងក្រុមហ៊ុន Orbit Aviation ដែលធ្វើអាជីវកម្ម លើសេវាកម្មរថយន្ដក្រុងខាងលើ។ លោក ប៉ាកាស ស៊ីង (Parkash Singh ) អភិបាលរដ្ឋ ផេនចាប បានទទួលស្គាល់ថា រថយន្ដក្រុងនោះ ពិតជារបស់ក្រុមហ៊ុន ដែលកូនខ្លួន មានភាគហ៊ុននោះមែន ប៉ុន្តែលោកបាននិយាយថា៖ «បើទោះជារថយន្ដក្រុងនោះ ជារបស់នរណាក៏ដោយ ខ្ញុំនៅតែមាន អារម្មណ៍ក្ដុកក្ដួលណាស់ នឹងរឿងរ៉ាវទាំងអស់នេះ»។
«កូនស្រីខ្ញុំត្រូវការយុត្តិធម៌»
បណ្ដាជន នៅភាគខាងជើង នៃប្រទេសឥណ្ឌា បានសម្ដែងការខឹងសម្បាររបស់ពួកគេ ហើយតាំងពីថ្ងៃព្រហស្បត្តិ៍នេះមក រលកបាតុកម្ម ឬការដង្ហែក្បួនជាច្រើន បានកើតឡើង ជាពិសេសនៅខាងមុខ មន្ទីរពេទ្យ ម៉ូហ្គា (Moga) ដែលអ្នកស្រី ស៊ីដ័រ កូរ កំពុងស្នាក់ព្យាបាលខ្លួន។ ពួកគេបានទាមទារ ឲ្យមានការចោទប្រកាន់ក្រុមហ៊ុន ម្ចាស់រថយន្ដក្រុង ទៅតុលាការ។ ចំណែកឪពុករបស់យុវតីជំទង់វិញ បានបដិសេធ មិនបូជាសពកូនស្រី របស់លោកទេ ដរាបណាក្រុមហ៊ុន ដែលធ្វើអាជីវកម្ម លើរថយន្ដក្រុង មិនត្រូវបានចាប់ ឲ្យទទួលខុសត្រូវ នៅចំពោះតុលាការ។ លោកនិយាយថា៖ «កូនស្រីខ្ញុំត្រូវការយុត្តិធម៌។ នាងជាកុមារី ដ៏តូចម្នាក់។ ប្រព័ន្ធច្បាប់របស់យើង មានលក្ខណៈខ្សោយខ្លាំងណាស់ រហូតគេមិនអាចធ្វើអ្វីកើត ប្រឆាំងនឹងម្ចាស់ក្រុមហ៊ុន។»៕