តើបុរសម្នាក់នេះ មានសិទ្ធិបង្កើតកូនឬទេ?
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 04, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ស៊ីមុន ម័រ (Simon Moore) ជាតិអង់គ្លេស មានជម្ងឺដ៏កម្រមួយ ដែលហៅថាភាសាអង់គ្លេស ជា «Treacher Collins»។ ដោយសារតែជម្ងឺនេះ បានធ្វើឲ្យបុរស ដែលមានអាយុ៣០ឆ្នាំរូប ក្លាយជាមនុស្សថ្លង់ និងមានទម្រង់មុខ ប្ដូរពីធម្មតា ហើយការប្ដូរទម្រង់មុខ មិនបញ្ឈប់ត្រឹមនេះទេ តែវាកាន់តែវិវត្តន៍ ទៅមុខទៀត។
ចំណែកឯភរិយា របស់លោក ស៊ីមុន វិញ អ្នកស្រី វិចឃី (Vicky) បានធ្លាក់ខ្លួន មានផ្ទៃពោះ ដោយការបន្សាំមេជីវិតចូលគ្នា ហើយពួកគេទាំងពីរនាក់ បានសម្រេចចិត្តទុកកូននេះ។ នៅក្នុងអំឡុងពេល មានផ្ទៃពោះនោះ ការវិភាគផ្នែកវេជ្ជសាស្ត្រទាំងឡាយ ក៏បានបង្ហាញប្រាប់ដែរថា ទារកដែលកើតចេញមក នឹងមានស្ថានភាព ដូចឪពុករបស់វាដូច្នេះដែរ។
ចំណេរកាលក្រោយមក ស្វាមីភរិយាទាំងពីរ បង្កើតបានកូនស្រីមួយ ហើយបានដាក់ឈ្មោះថា អាលីស (Alice)។ កុមារី អាលីស មានមុខបាក់ធ្លាក់ (សូមមើលរូបថតខាងលើ) និងមានបញ្ហា ក្នុងការទទួលទានអាហារ។ ដោយសារតែហេតុនេះ ទើបមនុស្សជាច្រើន បានយល់ថា លោក ស៊ីមុន មិនគួរបង្កើតកូនមកទេ បើបង្កើតគ្នាឲ្យវេទនា រងទុក្ខនឹងជម្ងឺបែបនេះ។
ប៉ុន្តែលោក ស៊ីមុន បានរៀបរាប់ប្រាប់សារព័ត៌មាន នៅចក្រភពអង់គ្លេសថា៖ «ខ្ញុំមិនដែលចង់ ឲ្យកូនស្រីខ្ញុំ កើតរឿងបែបនេះទេ»។ លោកបានបានបន្តទៀតថា៖ «ប៉ុន្តែយើងដឹងថា អាលីស នឹងមានមនុស្ស ដែលនៅជុំវិញនាង ស្រឡាញ់នាង ដូចអ្វីដែលនាងចង់មាន និងចង់ឃើញ។ អាលីស បានធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្ដូរ។ នាងកូនស្រីសម្លាញ់ចិត្ត ហើយខ្ញុំនិយាយជាមួយនាងថា នាងស្អាតណាស់។»
តាមពិតទៅ សិទ្ធិនៃការបង្កើតកូន មិនមានច្បាប់ នៅក្នុងប្រទេសបស្ចឹមលោកណាមួយ ធ្វើការហាមឃាត់នោះទេ គ្រាន់តែគូស្វាមីភរិយាទាំងពីរ មិនយល់ឲ្យច្បាស់ ថាតើកូនរបស់ពួកគេ ដែលកើតចេញមក នឹងរកផលប៉ះពាល់ដល់កម្រិតណា។ អ្នកស្រី វិចឃី បានថ្លែងស្រង់សម្ដីគ្រូពេទ្យ មកបញ្ជាក់ថា៖ «កូនស្រីខ្ញុំ អាចមានបញ្ហាបន្តិចបន្តួច ឬបើមិនអញ្ចឹងទេ នាងអាចនឹងគ្មានមុខសោះតែម្ដង។ ប៉ុន្តែក្រុមគ្រូពេទ្យ បានគាំទ្រពួកយើង ក្នុងការបង្កើតកូននេះ។»។ អ្នកស្រីនៅតែសម្ដែងការជឿជាក់ ទៅលើកូនស្រីថា បើទោះជាស្វាមីអ្នកស្រីមានជម្ងឺ ប៉ុន្តែកូនស្រីរបស់អ្នកស្រី នៅតែអស្ចារ្យអញ្ចឹង។
នៅក្នុងសង្កាត់ ដែលអ្នកទាំងបីរស់នៅ អ្នកផងទាំងឡាយ បានសម្ដែងការខ្វាយខ្វល់ របស់ពួកគេ និងបានបន្ទាសលោក ស៊ីមុន និងអ្នកស្រី វិចឃី ដែលបានបង្កើត អាលីស មកលើផែនដីនេះ។ អ្នកស្រី វិចឃី បានថ្លែងឡើងថា៖ «អ្នកជិតខាងយើង ថាពួកយើងនេះសាហាវណាស ដែលបានធ្វើឲ្យ អាលីស ចាប់កំណើតមក។ តែ អាលីស ជាទេពធីតារបស់ពួកយើង ៗអត់មានសោកស្ដាយអ្វី សូម្បីបន្តិចឡើយ។»៕