៨ចំណុច ដែល​អ្នក​គេង​មិន​លក់ មិន​គួរ​ធ្វើ !

មនុស្សភាគច្រើនដែលជួបបញ្ហាគេងមិនលក់ តែងខ្វល់ខ្វាយ ហើយនិយាយថា មិនដឹងធ្វើយ៉ាងណា ដើម្បីឲ្យ​គេង​លក់​វិញ ក្រៅតែពីដេកសម្លឹងនាឡិកា លេងហ្គេម ឬញ៉ាំអាហារបន្លប់អារម្មណ៍ផ្សេងៗ។ មុននឹង​ដឹងថា ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ ខាងក្រោមនេះជាចំណុចទាំង៨ ដែលអ្នកគេងមិនលក់ មិនគួរធ្វើ។
៨ចំណុច ដែល​អ្នក​គេង​មិន​លក់ មិន​គួរ​ធ្វើ !
យុវតីមួយរូបកំពុងលង់លក់ក្នុងដំណេក។ (រូបថតឯកសារ)
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញថ្ងៃទី១៣ មករា ២០១៥
  • កែប្រែចុងក្រោយ: February 08, 2015
  • ប្រធានបទ: ប្រចាំថ្ងៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាម​ពិត​ទៅ ការ​អនុវត្តន៍​ទម្លាប់ ដែល​នាំ​ឲ្យ​ខ្វល់​ខ្វាយ ឬ​យក​អ្វី​ផ្សេង​មក​ធ្វើ​នោះ មិន​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​វិញ​បាន​ងាយ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ទម្លាប់​ទាំង​នោះនឹង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​បញ្ឈរ​ភ្នែក ពេញ​មួយ​រាត្រី​ក៏​ថា​បាន។ ដូច្នេះ ទម្លាប់​មិន​ល្អ​ទាំង​៨យ៉ាង​ខាង​ក្រោម ជា​រឿង​ដែល​អ្នក​គេង​មិន​លក់ មិន​គួរ​ធ្វើ៖

១. បន្តដេកលើគ្រែ៖
វាហាក់ជាគំនិតល្អមួយដ៏ល្អ តែការបន្តគេងលើគ្រែនៅពេលគេងមិនលក់ វានឹងធ្វើឲ្យអ្នក​កាន់តែមានអារម្មណ៍​មិនបាន​ស្រាកស្រាន្ត។ បន្ទាប់មក អ្នកប្រែ​ខ្លួនចុះឡើង ហើយអាចស្អុះស្អាប់ផងក៏ថាបាន។ ការធ្វើបែបនេះ អ្នកនឹងធ្វើឲ្យខ្លួនឯងកាន់តែរសាប់រសល់។ អ្នកគួរព្យាយាមធ្វើអ្វី ដែលលំហែអារម្មណ៍ ដូចជា​ការតាំងសមាធិ ឬអានសៀវភៅជាដើម។

២. ញ៉ាំចំណីចំណុក ឬអាហារពេលយប់៖
មនុស្សភាគច្រើនតែងជ្រើសរើស វិធីញ៉ាំអាហារលេងៗ បន្ទាប់ពីមានអារម្មណ៍ថា គេងមិនលក់ ដើម្បីកុំឲ្យ​អផ្សុក​មាត់។ ប៉ុន្តែអ្នកមិនដឹងទេថា ការញ៉ាំ​អាហារ​បែប​នេះ នឹងធ្វើឲ្យក្រពះអ្នកចាប់ផ្ដើមរវល់ នឹងរឿងរំលាយ​អាហារ ហើយវានឹងមិនធ្វើឲ្យអ្នកអាចគេងលក់វិញទេ។

៣. ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖
ជាធម្មតា ពេលគេងមិនលក់ អ្នកតែងទាញ tablet ឬ smartphone មកបើកលេង។ តើអ្នកធ្លាប់សង្កេតទេថា ការធ្វើបែបនេះ មិនអាចជួយអ្នក ឲ្យគេងលក់​បាន​វិញ​ឡើយ? ដោយសារតែពន្លឺ ដែលចាំងពីអេក្រង់ទាំងនោះ វាធ្វើឲ្យខួរក្បាលមានរំញោចចង់ក្រោក ជាជាងនៅដេកបន្ត។ បើអ្នកចង់ប្រើទូរស័ព្ទ ឬ​ឧបករណ៍​ទាំង​នោះ គួរ​ក្រោកចេញពីគ្រែ ព្រោះវានឹងជួយអ្នក ឲ្យនឹកដល់កន្លែងគេងរហ័សជាង ។

៤. ផឹកស្រា ឬគ្រឿងស្រវឹង៖
ស្រាត្រូវបានចាត់ទុក ថាជាទឹកដែលអាចជួយឲ្យយើងសម្រាកបានងាយ។ ប៉ុន្តែការផឹកស្រា​ភ្លាម​មុនពេល​ចូល​គេង ឬនៅពាក់កណ្ដាលយប់ នឹងធ្វើឲ្យ​អ្នក​បើក​ភ្នែក​ស្រឡះចែស។ វាត្រូវការពេលច្រើនម៉ោងណាស់ ទម្រាំ​ជាតិ​ស្រាចូលទៅធ្វើឲ្យអ្នកចង់គេង។ បើអ្នកតែងតែគេងមិនលក់ជាប្រចាំ សូម​សាកល្បង​ផ្អាក​ការញ៉ាំ​ស្រា​ពីរ​បីថ្ងៃ ដើម្បីចង់ដឹងថាវាអាចជួយអ្នកបានប៉ុណ្ណានោះ។

៥. លេបថ្នាំងុយគេង៖
ពេលគេងមិនលក់កណ្ដាលយប់ លេបថ្នាំងុយគេង​ថែមទៀតអាច​ជាគំនិតល្អ ប៉ុន្តែវាអាចផ្ដល់​ផលប៉ះពាល់​ទៅ​វិញទេ។ ប្រសិនបើអ្នកលេប​ថ្នាំគេងលក់​ហើយ នៅតែមិនអាចជួយបានទៀត សូមទៅពិគ្រោះ​ជាមួយគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ​ផ្សេង កុំព្យាយាមលេបវា​បន្ថែម​ឲ្យសោះ។

៦. គិតពីបញ្ហាផ្សេងៗ៖
ច្បាស់ណាស់ ពេលអ្នកគេងមិនលក់ហើយ សម្លឹងទៅមើលពិតាន គំនិតអវិជ្ជមាន និងបញ្ហាទាំងឡាយ នឹងរត់​មកដក់ជាប់ក្នុងអារម្មណ៍អ្នក។ ការ​ធ្វើបែប​នេះ នឹងធ្វើឲ្យអ្នកកាន់តែតានតឹង ព្រោះវាបានតែគិត ហើយមិន​អាច​ដោះស្រាយបញ្ហាទាំងនោះបាន។ ដូចគ្នានឹងចំណុចខាងលើ អ្នកគួរក្រោក​ចេញពីគ្រែ ហើយធ្វើអ្វីដែល​មាន​ប្រយោជន៍ ដូចជាបោកខោអាវ ឬធ្វើអ្វីផ្សេងក៏បាន ។

៧. ហាត់ប្រាណ៖
រាល់ពេលហាត់ប្រាណរួច អ្នកតែងមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែការហាត់ប្រាណ នឹងធ្វើឲ្យរាងកាយអ្នក​នៅ​តែដំណើរការ ហើយឈាម​ក៏រត់ចុះឡើង​ដែរ។ អ្វីដែលរាងកាយអ្នកត្រូវការបន្ទាប់ពីហាត់ប្រាណ គឺគេងនៅ​ពេល​យប់ ។ ដូច្នេះ បើអ្នកហាត់ប្រាណពេ​លយប់គេង​មិនលក់ ច្បាស់ជាមិនអាច​ជួយអ្វី​បានឡើយ។

៨. នៅអនឡាញ (online)៖
អ៊ីនធើណែត គឺជាគ្រឿងម្យ៉ាង ដែលធ្វើឲ្យអ្នកជក់ រហូតភ្លេចថាចង់គេង។ បើអ្នកគេងមិនលក់ ហើយជ្រើស​រើស​​ការអនឡាញ មើលនេះមើលនោះ​លើអ៊ីនធើណិត អ្នកនឹងគ្មានអារម្មណ៍ថា ចង់គេងបន្តទៀតនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...