ស្វែងយល់ពីនយោបាយទាំង៧ចំនុច របស់ ដូណាល់ ត្រាំ
- ដោយ: សុបិន្ដ ([email protected]) - ញ៉ូយក ថ្ងៃទី០៩ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 09, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋអាមេរិកាំង បានសម្រេចចិត្ត គូសវាសអនាគតរបស់ពួកគេ ដោយបានបោះឆ្នោតជូនបេក្ខជន មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ។ ខណៈពេលដែលអ្នកស្រី ហ៊ីឡារី គ្លីនតុន បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ បានជ្រើសរើសយក នយោបាយបើកចំហរ និងការផ្ដោះប្ដូរពារណិជ្ជកម្ម ដោយសេរីនោះ លោក ដូណាល់ ត្រាំ បានជ្រើសរើសយកនយោបាយ «ឯកោនិយម» និងបានប្រើយុទ្ធសាស្ត្រ ក្នុងការឃោសនាបោះឆ្នោត បាញ់ឆ្ពោះទៅលើតែប្រធានបទ ដ៏ចម្រូងចម្រាស់ ពោរពេញដោយសង្គ្រាមប៉ាកា ដូចយ៉ាង សិទ្ធិនៃការកាន់អាវុធនៅអាមេរិក និងការបណ្ដេញចេញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ ពីប្រទេសជាដើម។
ខាងក្រោមនេះ ជា«ការដ្ឋាន»នយោបាយ ទាំង៧ចំណុច របស់លោក ដូណាល់ ត្រាំ ដែលលោកត្រៀមនឹងយកមកអនុវត្តន៍ នៅបន្ទាប់ពីលោក ចូលកាន់តំណែងពេញបរិបូណ៍ នៅឯសេតវិមាន ក្នុងថ្ងៃទី២០ ខែមករាខាងមុខ៖
១- សេដ្ឋកិច្ច
កាត់បន្ថយពន្ធដារ ជាទូទៅ សម្រាប់ពលរដ្ឋអាមេរិក។ អត្រាខ្ពស់បំផុត នៃការយកពន្ធដារ ពីលើប្រាក់ចំណូល របស់បណ្ដាជនអាមេរិក នឹងត្រូវកាត់បន្ថយ ពី៣៩,៦% មកត្រឹម៣៣%។ ចំពោះសហគ្រាសឯកជនវិញ អាត្រាយកពន្ធដារនេះ ក៏នឹងត្រូវកាត់បន្ថយដែរ ពី៣៥% មកត្រឹម១៥%។ បង្កើនប្រាក់បៀវត្សន៍«ទាបបំផុត» រហូតដល់១០ដុល្លារ ក្នុងមួយម៉ោង សម្រាប់រដ្ឋទាំងឡាយណា ដែលទទួលយកនយោបាយនេះ របស់លោក ត្រាំ (សព្វថ្ងៃ ប្រាក់បៀវត្សន៍ទាបបំផុត មានត្រឹមតែ ៧,២៥ដុល្លាប៉ុណ្ណោះ)។
បំបាត់ចោល នូវស្ថាប័នរដ្ឋដែលគ្រប់គ្រង ពីលើធនាគារឯកជន។ លើកលែងមិនឲ្យមានពន្ធដារ ទៅលើការស្នងមរតក។ បង្កើនឥទ្ធិពល និងវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់តាមភាសាអង់គ្លេស WTO តាមភាសាបារាំង OMC)។ ចរចាឡើងវិញ ពីកិច្ចព្រមព្រៀង នៃការផ្លាស់ប្ដូរពាណិជ្ជកម្ម ដោយសេរី ក្នុងតំបន់អាមេរិកខាងជើង។ សម្រេចឲ្យអាមេរិក ដកខ្លួនពី «ភាពជាដៃគូ នៃការផ្លាស់ប្ដូរពាណិជ្ជកម្មដោយសេរី» សម្រាប់តំបន់ ក្នុងមហាសាគរប៉ាស៊ីភិច។ បង្កើតច្បាប់បន្ថែមពន្ធ ទៅលើផលិតផល «Made in China»។
២- ការអប់រំ និងសង្គមកិច្ច
រៀបចំឡើងវិញ ពីការខ្ចីប្រាក់ ពីសំណាក់និស្សិត ដោយបង្កើតឲ្យមាន ជាគម្រោងសកម្មមួយ ទៅកាន់បណ្ដាធនាគារ។ ប្រឆាំងការពន្លូតកូន ដោយចាត់ទុកថា ទារកដែលទើបនឹងញាស់ ពីមេជីវិតរបស់ម្ដាយ និងឪពុក មានសិទ្ធិ«ជាមូលដ្ឋាន» សម្រាប់ការរស់រានមានជីវិត និងមិនអាច ត្រូវនរណាម្នាក់រារាំងឡើយ។ នយោបាយនេះ នឹងផ្ដល់លទ្ធភាពឲ្យលោក ត្រាំ លប់ចោលនូវការជួយឧបត្ថម្ភ ទៅដល់ស្ថាប័នសុខភាពទាំងឡាយណា ដែលបន្តអនុវត្តន៍ការ«ពន្លូតកូន»។ ស្ត្រីដែលត្រូវសម្រាលកូន នឹងទទួលបានសិទ្ធិឈប់សម្រាក ដោយមានប្រាក់បៀវត្សន៍ រហូតដល់៦សប្ដាហ៍ (១ខែកន្លះ)។ ប្រាក់ដែលចំណាយ ទៅលើការថែទាំកូន នឹងត្រូវទូទាត់ដកចេញ ពីក្នុងប្រាក់ដែលត្រូវបង់ពន្ធ របស់ឱពុកម្ដាយ។
៣- អន្តោប្រវេសន៍
បណ្ដេញចេញ នូវជនអន្តោប្រវេសន៍ខុសច្បាប់ ទាំង១១លាននាក់ ពីសហរដ្ឋអាមេរិក។ បញ្ឈប់ជាស្ថាពរ នូវគម្រោងទទួលយកជនភៀសខ្លួន ពីប្រទេសស៊ីរី។ ប្រកាសពីមោឃភាព នៃសិទ្ធិទទួលបានសញ្ជាតិ ជាស្វ័យប្រវត្តិ សម្រាប់ជនណា ដែលកើតនៅលើទឹកដីអាមេរិក។ សាងសង់ជញ្ជាំងព្រំដែន ប្រវែង១៦០០គីឡូម៉ែត្រ ដើម្បីខណ្ឌចែកសហរដ្ឋអាមេរិក ពីប្រទេសម៉ិចស៊ិក (ដោយឲ្យប្រទេសម៉ិចស៊ិក ជាអ្នកចេញថ្លៃសាងសង់)។ បង្កើនភ្នាក់ងារអន្តោប្រវេសន៍ ឲ្យឡើងដល់បីដង ពីលើចំនួនភ្នាក់ងារ ដែលមានសព្វថ្ងៃ។ បង្កើតច្បាប់សហព័ន្ធ ដើម្បីដាក់ពន្ធនាគារ សម្រាប់រយៈពេលតិចបំផុត ២ឆ្នាំ ទៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់ណា ដែលត្រូវបានបណ្ដេញចេញហើយ បែរជាលួចវិលត្រឡប់ ចូលមកសហរដ្ឋអាមេរិកវិញ។
៤- សន្តិសុខ និងការប្រឆាំងភេរវនិយម
ដាក់ឲ្យមាន នូវប្រតិបត្តិការយោធា ដើម្បីរិបអូសអណ្ដូងប្រេង ពីអង្គការភេរវនិយម «រដ្ឋអ៊ីស្លាម» (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅស៊ីរី និងនៅអ៊ៀរ៉ាក់។ បង្កើតឡើងវិញ នូវការគម្រាម និងឥទ្ធិពល នៃមហាអំណាចនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ សហការឲ្យបានស្អិតរមួត ជាមួយប្រទេសរ៉ុស្ស៊ី។ តម្លើងថវិការជាតិ ទៅលើវិស័យ«ការពារជាតិ» ឲ្យបានច្រើនបំផុត។ ពង្រឹកការឆែកឆេរ ជាលក្ខណៈប្រព័ន្ធ នៅលើជន ឬស្ថាប័នទាំងឡាយណា ដែលរងការសង្ស័យ។
៥- ការកាន់អាវុធ
បង្កើតឲ្យមានលិខិតអនុញ្ញាត ចេញដោយរដ្ឋាភិបាលសហព័ន្ធ សម្រាប់ឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូប មានសិទ្ធិកាន់អាវុធ។ នយោបាយនេះ របស់លោក ត្រាំ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់សមាគម «NRA» ដែលជាសមាគមដ៏មានឥទ្ធិពល ដើម្បីចលនាឲ្យមានការកាន់អាវុធជាតិផ្ទុះ នៅសហរដ្ឋអាមេរិក។
៦- បរិស្ថាន
ចោទជាសំនួរឡើងវិញ ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងសន្ធិសញ្ញាក្រុងប៉ារីស ស្ដីពីសីតុណ្ហភាព។ ដាក់បញ្ចប់ នូវប្រាក់ឧបត្ថម្ភធន់របស់រដ្ឋ សម្រាប់កម្មវិធីទាំងឡាយ ដែលបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំង នឹងការឡើងកម្ដៅអាកាសធាតុ។ បង្កើតឡើងវិញ នូវការចម្រាញ់យក«ធ្យូងថ្ម» និងអភិវឌ្ឍន៍គម្រោងខួងថ្ម ដើម្បីស្វែងរកឧស្ម័នក្រោមដី។
៧- សុខភាព
ប្រកាសលប់ចោល គម្រោងថែរក្សាសុខភាព សម្រាប់ពលរដ្ឋអាមេរិកគ្រប់រូប «Obamacare» របស់ប្រធានាធិបតីផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barak Obama)។ ជំរុញឲ្យមានការនាំចូល នូវថ្នាំសង្កូវទាំងឡាយ ដែលមានវេជ្ជបញ្ជា និងដែលមានតម្លៃថោក៕