របប កាដាហ្វី បានចម្លងជំងឺអេដស៍ ទៅឲ្យកុមារនៅប៊េនកាហ្សី?
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៣ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 14, 2016
- ប្រធានបទ: អាថ៌កំបាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ជូករី ហ្គាណឹម (Choukri Ghanem) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីប៊ី រវាងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៦ (និងក្រោយមកទៀត ជារដ្ឋមន្ត្រីរ៉ែប្រេង) បានទម្លាយឲ្យគេឯងបានដឹង នូវអាថ៌កំបាំងដ៏ព្រឺព្រួចមួយ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ដែលត្រូវបានគេរកឃើញ នៅក្រោយមរណភាពរបស់លោក ក្នុងឆ្នាំ២០១២ ទាក់ទងនឹងសំនុំរឿងគិលានុបដ្ឋាកជាតិប៊ុលហ្គារី ចំនួនប្រាំនាក់ និងវេជ្ជបណ្ឌិត ជាតិប៉ាឡេស្ទីនម្នាក់ ដែលបានរងការចាប់ដាក់ពន្ធនាគារ រវាងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៧ នៅក្នុងប្រទេសរបស់លោក។ អ្នកទាំង៦នាក់ ត្រូវបានដោះលែងនៅឆ្នាំ២០០៧ បន្ទាប់ពីមានយុទ្ធនាការចរចាយ៉ាងស្វិតស្វាញ ពីសំណាក់ប្រទេសបារាំង នៅពេលនោះ។
នៅក្នុងសៀវភៅកំណត់ហេតុនោះ ដែលត្រូវបានគេហទំព័រព័ត៌មានដ៏ល្បីរបស់បារាំង ឈ្មោះ «Mediapart» ទទួលបាននៅក្នុងដៃ លោក ជូករី ហ្គាណឹម បានសរសេរថា លោកបានទទួលជួបនៅឆ្នាំ២០០៧ លោក «Mohamed El Khaddar» សមាជិកមួយរូប នៃគណៈកម្មការស៊ើបអង្កេត ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស នៅក្នុងប្រទេសលីប៊ី។ ហើយនៅក្នុងជំនួបនោះ អ្នកទាំងពីរបានត្រឡប់មកនិយាយឡើងវិញ ទាក់ទងនឹងការដោះលែងគិលានុបដ្ឋាក និងវេជ្ជបណ្ឌិតបរទេស ទាំង៦រូប។
លោក «Mohamed El Khaddar» បាននិយាយប្រាប់លោក ជូករី ហ្គាណឹម ថានៅចំពោះការសាកសួរ របស់គណៈកម្មការស៊ើបអង្កេត កាលពីអំឡុងឆ្នាំ១៩៩៩នោះ លោក «Abdallah Senoussi» នាយកចារកម្មរបស់កងទ័ពលីប៊ី បានអះអាងពីការទទួលបាននូវមេរោគដ៏រង្គាល ចំនួនបួនអំពូល។ លោក «Abdallah Senoussi» បានឆ្លើយសារភាពទៀតថា មិនត្រឹមតែលោកទេ ដែលទទួលបាន នូវ«កញ្ចប់មេរោគ»ទាំងនេះ តែនៅមានលោក «Moussa Koussa» នាយកកងកម្លាំងពិសេសលីប៊ីមួយរូបទៀត ក៏ទទួលបានកញ្ចប់មេរោគនេះដែរ។ លោក «Moussa Koussa» ទទួលបានរហូតដល់ទៅ២៧អំពូល។
សមាជិកគណៈកម្មការស៊ើបអង្កេត លោក «Mohamed El Khaddar» បានបន្តប្រាប់ទៅលោក ជូករី ហ្គាណឹម ទៀតថា៖ «អ្នកទាំងពីរ (លោក «Abdallah Senoussi» និងលោក «Moussa Koussa») បានចាក់បញ្ចូលមេរោគទាំងនេះ ទៅឲ្យកុមារចំនួន២៣២នាក់។ កុមារទាំងនោះ មិនមែនយកពីក្រុង ប៊ែនហ្គាហ្សី (ក្រុងមួយនៅភាគឦសាន នៃប្រទេសលីប៊ី) នោះទេ តែត្រូវបាននាំខ្លួន ពីមន្ទីរពេទ្យ«Tajourah» ដែលស្ថិតនៅក្បែររដ្ឋធានី ទ្រីប៉ូលី (Tripoli នៃប្រទេសលីប៊ី)។»។
សងសឹកប្រឆាំងក្រុមបះបោរ នៅក្រុងប៊ែនហ្គាហ្សី...
ហេតុការណ៍នេះ ទំនងជាត្រូវបានធ្វើឡើង (១)ដើម្បីសងសឹកប្រឆាំងនឹងក្រុមបះបោរ នៅក្រុងប៊ែនហ្គាហ្សី ដែលមិនពេញចិត្តនឹងរបបរបស់លោក មអាម៉ារ កាដាហ្វី (Mouammar Khadafi) និង(២)មានគោលបំណង ដើម្បីពិភពលោកមើលមកប្រទេសលីប៊ី ថាកំពុងរងគ្រោះ នៅក្នុងទង្វើភេរវកម្មអន្តរជាតិមួយ ដោយសារនៅពេលក្រោយមក គ្រូពេទ្យបរទេសចំនួន៦នាក់ (គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតខាងលើ) ត្រូវបានចាប់ដាក់ពន្ធនាគារ។
ហេតុអ្វី ក៏រកឃើញកំណត់ហេតុនេះ?
ដោយសារតែតុលាការបារាំង សព្វថ្ងៃនេះ កំពុងធ្វើការស៊ើបអង្កេត ទៅលើសំនុំរឿងមួយ ដែលសង្ស័យថា យុទ្ធនាការឃោសនាបោះឆ្នោត របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ក្នុងឆ្នាំ២០០៧ ទទួលបានការទំនុបបំរុងផ្នែកហិរញ្ញវត្ថុ ដោយខុសច្បាប់ ពីលោក មអាម៉ារ កាដាហ្វី (Mouammar Khadafi) ដែលកាលនោះ ជាប្រធានាធិបតីនៃប្រទេសលីប៊ី។ ឯកសារកំណត់ហេតុដដែល ក៏បានឲ្យដឹង យ៉ាងលំអិតដែរថា មានការផ្ទេរប្រាក់ចំនួនបីដង ទៅ«នរណាម្នាក់» ដែលជាបេក្ខជនប្រធានាធិបតីបារាំង និងមានចំនួន ៦,៥លានអ៊ឺរ៉ូ (ប្រមាណជិត៧លានដុល្លារ)។
សូមជម្រាបជូនថា លោក «Moussa Koussa» កំពុងរស់នៅភៀសខ្លួន ឯបរទេសនៅឡើយ បន្ទាប់ពីរបបលោក កាដាហ្វី បានរលំរលាយទៅ។ រីឯលោក «Abdallah Senoussi» ត្រូវបានគេចាប់បញ្ជូនខ្លួន ឲ្យត្រឡប់ចូលមកក្នុងប្រទេសលីប៊ីវិញ ដើម្បីរងចាំការកាត់ទោស៕