សិទ្ធិកម្មសិទ្ធិ និងសិទ្ធិដីធ្លីរបស់ពលរដ្ឋ៖ ការតវ៉ានៅមានហានិភ័យខ្ពស់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាប្រឈមជាច្រើន ដែលប្រជាពលរដ្ឋ តាមសហគមន៍ ក៏ដូចជាអង្គការសង្គមស៊ីវិល និងអ្នក សារព័ត៌មាន មានក្តីកង្វល់ពីសុវត្ថិភាពរបស់ខ្លួន ចំពោះការគំរាមកំហែង ការវាយដុំដោយហិង្សា ការចាប់ចង ដោយមន្ត្រីមានអំណាច ឬតាមរយៈប្រពន្ធ័តុលាការ បន្ទាប់ពីមានករណីណាមួយ បានកើតឡើង។
ជំនួបពិភាក្សា នៃក្រុមសកម្មជន នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស។
ប្រធានសហគមន៍ភូមិប្រាំលោកស្រី អឿន សារី មកពីស្រុកបវិល ខេត្តបាត់ដំបង បានលើកឡើងថា ការទាមទារ ឲ្យមានការដោះស្រាយ ជូនប្រជាពលរដ្ឋនូវរាល់ករណីជំលោះដីធ្លី ជានិច្ចកាលតែងតែមានការគំរាមកំហែង ការចាប់ខ្លួនពីបុគ្គលអាជ្ញាធរមួយចំនួន ដែលបានអនុវត្តការងារដោយមិនប្រក្រតី«ទទួលបានផលប្រយោជន៍»។ ការគំរាមកំហែងទាំងនោះ រហូតមានការប្រើប្រាស់អាវុធ បាញ់មកលើប្រជាពលរដ្ឋក៏មាន។
ការលើកឡើងរបស់ លោកស្រី អឿន សារី បានធ្វើនៅក្នុងឱកាសនៃជំនួបពិភាក្សារមួយ រៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលមានការចូលរួម ពីក្រុមសកម្មជនសិទ្ធិមនុស្ស មកពីជាងដប់ខេត្តនៅក្នុងប្រទេសកម្ពុជា រួមមាន ប្រធានសមាគមន៍ សកម្មជនដីធ្លី សហជីព សិស្សនិស្សិត និងអ្នកធ្វើការលើវិស័យសិទ្ធមនុស្សនោះជាដើម។ ការជួបជជែកគ្នានេះ ផ្ដោតសំខាន់ទៅលើ វិធានការប្រតិបត្តិ ដើម្បីបង្កើននូវសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងយុទ្ធសាស្ត្រ និងវិធីសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ប្រធានសហគមន៍ភូមិប្រាំបានបន្តថា រាល់ការទាមទារបស់សហគមន៍ ឬប្រជាពលរដ្ឋ ធ្វើឡើងដោយស្របច្បាប់ ដោយអហិង្សា តាមនីតិវិធី និងជំរុញឲ្យអាជ្ញាធរ ដោះស្រាយ និងអនុវត្តតាមផ្លូវច្បាប់ ដោយមានការជួយជ្រោមជ្រែង ពីអង្គការសិទ្ធិមនុស្ស មានការដឹងឮ និងជួយផ្សព្វផ្សាយពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ «រឿងអ្វីក៏ដោយ ឲ្យតែគេដឹងច្រើន ការគំរាមកំហែង ការគាបសង្កត់មកលើប្រជាពលរដ្ឋ ត្រូវកាត់បន្ថយ។ បើទោះជានៅមាន ការគំរាមកំហែង ក៏នៅមានកំរិត។»
ឆ្លើយតបទៅនឹងការលើកឡើង របស់លោកស្រី អឿន សារី នេះ មេឃុំបឹងប្រាំ លោក ឈា លី ស្រុកបវិល ខេត្តបាត់ដំបង បានប្រាប់មនោរម្យព័ងអាំងហ្វូ តាមទូរសព្ទ័ថា ប្រជាពលរដ្ឋភាគច្រើន មានបញ្ហាទំនាស់លើករណីសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។ លោកមេឃុំបន្តថា ប្រជាពលរដ្ឋគាត់មិនបានរក ឬទទួលការអន្តរាគមន៍ ពីអាជ្ញាធរទេ ផ្ទុយទៅវិញ ពួកគាត់បានទាមទាលើស ពីអ្វីដែលខ្លួនមាននោះទៅទៀត ដូចជាអ្នកខ្លះ គាត់មិនមានដី តែគាត់បានមកចូលរួមការទាមទារដីហ្នឹង នឹងគេដែរ។
លោកមេឃុំបន្តថា ប្រជាពលរដ្ឋទាំងនោះមានពីរក្រុម។ ទីមួយ គាត់ចង់បានការដោះស្រាយ ដោយទទួលយកអន្តរាគមន៍ពីអាជ្ញាធរ និងមានការចូលរួមពីសហគម។ តែមួយក្រុមទៀត ពួកគាត់មិនទទួលយកការដោះស្រាយពីអាជ្ញាធរទេ។ ពួកគាត់នេះ ឈរលើជំហរខ្លួនឯង ធ្វើការទាមទារ និងហាមឃាត់មិនឲ្យអាជ្ញាធរ ធ្វើការវាស់វែងក្នុងការចែកដីធ្លីទេ ហើយថែមទាំងបានបំផ្លាញ នូវទ្រព្យសម្បត្តិសាធារណៈ ដូចជាត្រាក់ទ័រជាដើម ដែលជាហេតុ ឈានទៅមានការចាប់ខ្លួននោះ។ តែឥឡូវ ពួកគាត់ទាំងនោះ ត្រូវបានដោះលែងវិញ អស់ហើយ។
លោកបញ្ជាក់ថា ឃុំបឹងប្រាំនេះ ជាភូមិថ្មី ដោយអនុវត្តតាមអនុក្រិត្យសម្បទានសង្គមកិច្ច ចុះថ្ងៃទី១៥ សីហា ឆ្នាំ២០១១ ធ្វើការបែងចែកដីដោយស្មើរភាពគ្នា មានន័យថា ទទួលបានទំហំដីប៉ុនគ្នា គ្រប់គ្រួសារ។ ប៉ុន្តែក្រោយមក មានអនុក្រិត្យលេខ០១ ចុះខែមិថុនា ឆ្នាំ២០១២ នេះមួយទៀត ដែលអនុក្រិត្យនេះ មានការចុះវាស់វែង បែងចែកដោយក្រុមនិស្សិតស្ម័គ្រចិត្ត ហើយបានផ្តល់ដីតាមទំហំកាន់កាប់ជាក់ស្តែង ធ្វើអោយករណីនេះ មានការពិបាកក្នុងការអនុវត្ត។
ដោយឡែក លោក ឈួន ប៊ុនធឿន អ្នកសម្របសម្រួលកម្មវិធី នៃជំនួបពិភាក្សារវាងក្រុមសកម្មជនសិទ្ធិមនុស្ស បានលើកបញ្ជាក់ថា ការប្រមូលផ្តុំនូវសហគម ដីធ្លី មកចូលរួមជជែកពិភាក្សានេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សិក្សាស្វែងយល់ និងរិះរកដំណោះស្រាយនានា ក្នុងការកាត់បន្ថយ នូវបញ្ហាប្រឈមជាច្រើន ដែលពាក់ពន្ធ័ នឹងការការពារសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀតការពារដោយច្បាប់។ «ទោះយ៉ាងណា ក៏ធ្វើឲ្យកំរិត នៃគ្រោះថ្នាក់របស់គាត់មានការថយចុះ»។
អ្នកសម្របសម្រួលរូបនេះបន្តថា ការគំរាមកំហែងដែលខាងសង្គមស៊ីវិល បានជួបប្រទះជាញឹកញាប់មានបីផ្នែកធំៗ ដែលពាក់ពន្ធ័នឹងរាងកាយ ទ្រព្យសម្បត្តិ និងព័ត៌មាន ហើយជាពិសេសការគំរាមកំហែង រហូតដល់អាយុជីវិត ដូចករណី លោក ឈុត វុទ្ធី ជាដើម។ ពាក់ពន្ធ័ទៅនឹង លទ្ធផលអវិជ្ជមាននៃការទាមទាតវ៉ា ដែលឈានទៅដល់ការចាប់ខ្លួនការឃុំខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច ឬដោយតុលាការនោះ ក្រុមការងារនៃអង្គការសិទ្ធិមនុស្ស បានអះអាងថា នឹងធ្វើការតាមដាន ស្រាវជ្រាវ ស៊ើបអង្កេត និងចាត់តាំងមេធាវីការពារតាមផ្លួវច្បាប់៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ