ផៃ ស៊ីផាន៖ ​​ការ​​មាក់​​ងាយ​​របប​​ដឹកនាំកម្ពុជា ជា​ការ​«ជេរ​ម៉ែ»

ការទាមទារឲ្យមានការសុំទោស ដែលមិន​ទទួល​បាន​លទ្ធផល ពីសំណាក់លោក ហុង លីម តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ។​ ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទំនង​ជា​ចង់​និយាយ​​បែប​ផ្សេង​ទៅ​វិញ៖ ការមាក់ងាយរបបដឹកនាំ នៅកម្ពុជាសព្វថ្ងៃ មានន័យស្មើនឹងការជេរ«ម្ដាយ»ឯង យ៉ាង​ដូច្នេះ។
ផៃ ស៊ីផាន៖ ​​ការ​​មាក់​​ងាយ​​របប​​ដឹកនាំកម្ពុជា ជា​ការ​«ជេរ​ម៉ែ»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី កាន់ស្រាបៀរនៅនឹងដៃ ថតរូបបង្ហោះលើហ្វេសប៊ុក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 11, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុទ្ធនាការទាមទារឲ្យមានការសុំទោស ពីសំណាក់សមាជិកសភារដ្ឋវិតូរៀ នៃប្រទេសអូស្ត្រាលី លោក ហុង លឹម (ឈ្មោះពេញ លឹម មុយហុង) ទៅលើសំណុំរឿង «របបដឹកនាំបែបតិរច្ឆាន នៅកម្ពុជា» ទំនងជានៅបន្ត​ទៅ​មុខ​ទៀត បើទោះជាការខិតខំនេះ មិនទទួលបានលទ្ធផលក៏ដោយក្ដី។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ​គណរដ្ឋមន្ត្រី បានបន្តសរសេរលិខិត ប្រាប់ទៅបណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃនេះ ដោយបានពន្យល់ តាម​ន័យ​ធៀប​ថា ការមាក់ងាយ​ទៅដល់របបដឹកនាំសព្វថ្ងៃ ដែលខិតខំជួយរំដោះកម្ពុជា ចេញពីរបបប្រល័យ​ពូជ​សាសន៍ ខ្មែរក្រហមនោះ ជាការ«ជេរម្ដាយ»ឯង។

លោក ផៃ ស៊ីផាន បានយករូបថតមួយសន្លឹក មកបង្ហោះនៅលើគណនីរបស់លោក រួចធ្វើអត្ថាធិប្បាយថា នៅ​ពេលដែលលោក បានឃើញរូបនេះ លោកបាននឹកឃើញសំដី«យុទ្ធសាស្ត្រ» របស់លោក ហ៊ុន សែន ដែល​បាន​លើកឡើងថា «នៅពេលដែលលង់ទឹក សូម្បីតែខ្មោចឆ្កែ ក៏តោងដែរ ដើម្បីការរស់រានមានជីវិត»។ លោក ស៊ីផាន ចង់​ថ្លែង​សំដៅ ទៅការរងគ្រោះរបស់ប្រជាជនកម្ពុជា នៅក្នុងរបប ប៉ុល ពត ដែល«បង្កើតនូវពាក្យមួយ ថា​ “វាល​ពិឃាត”»។

អ្នកនាំពាក្យដែលបានដឹកនាំយុទ្ធនាការ ទាមទារឲ្យមានការសុំទោស ពីសំណាក់លោក ហុង លឹម បាន​សរសេរ​បន្ត​ថា៖ «ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានផ្តល់ឱកាសដល់ខ្មែរ មិនត្រឹមតែការរស់រានមានជីវិត ជួប​ជុំ​ញាតិ​មិត្ត​សារ​ជា​ថ្មីវិញនោះទេ ក៏ប៉ុន្តែបានផ្តល់ឱកាសដល់ខ្មែរ ក្នុងការរត់ចោលស្រុក ដែលក្លាយ​ទៅ​ជា​ខ្មែរ-អាមេរិក ខ្មែរ-​បារាំង ឬខ្មែរ-អូស្ត្រាលី ជាដើម»។

លោក ស៊ីផាន បានសរសេរទៀតថា៖ «ខ្ញុំក៏នឹកឃើញផងដែរថា នៅពេលនោះ ស្ថានភាពនយោបាយ​នៃការ​ដណ្តើម​អំណាច និងឥទ្ធិពល រវាងមហាអំណាចធំៗ កម្ពុជាដែលនៅសល់ជីវិតពីរបបខ្មែរក្រហម ខំប្រយុទ្ធ​ជា​មួយ​ខ្មែរ​ក្រហម ដើម្បីជីវិតនៅតាមព្រំដែនខ្មែរ-ថៃ ជាមួយនិងការខិតខំដណ្តើមសេរីភាព សិទ្ធិជាមនុស្ស និង​ការ​រស់​នៅ ក្រោមការហ៊ុំព័ន្ធសេដ្ឋកិច្ច និងនយោបាយពីមហាអំណាចលោកខាងលិច ជាពិសេស​សហរដ្ឋ​អាមេរិក ដែល​លួច​លាក់​គាំទ្រ​ទាំង​ស្រុង​ក្រុម​ឃាតករ ខ្មែរក្រហម ដែលប្រឆាំងនិងកម្ពុជាសម័យនោះ»។

អ្នកនាំពាក្យ ដែលកាន់តំណែង ជារដ្ឋលេខាធិការ​ទីស្ដីការគណរដ្ឋមន្ត្រីផងនោះ បានថ្លែងរៀបរាប់​ពី​ការ​សង្កេត​របស់លោកបន្តថា ខ្មែរខ្លះ ដែលបានភៀសខ្លួនរត់ចោលស្រុក «មិនហ៊ានបង្ហាញ​អត្តសញ្ញាណថាខ្លួន ជា​ដើម​កំណើត​ខ្មែរ​នោះ​ទេ ដោយប្រឌិត កុហកថាខ្លួនគេ ជាជនជាតិហ្វីលីពីន ឬថៃទៅវិញ» ខណៈខ្មែរខ្លះទៀត «បើ​ទោះ​ជា​គេ​ចូល​សញ្ជាតិ ជាបារាំង ឬអាមេរិក ក៏ដោយ ក៏គេមានគំនិត សប្បាយរីករាយ ជាមួយនិងកិត្តិយស នៃ​មោទនភាព​ជា​ខ្មែរ​នោះដែរ»។

លោក ផៃ ស៊ីផាន បានធ្វើការសរុបសេចក្ដី ដោយខ្លួនលោកថា៖ «គេអាចប្តូរសញ្ជាតិ ក៏ប៉ុន្តែគេមិន​ប្រមាថ​មាក់​ងាយ ដល់ពូជពង្សរបស់គេឡើយ។ ឧទាហរណ៍ ដូចជាការប្រមាថ​មាក់ងាយដល់ម្តាយ របស់បុគ្គល​ណា​ម្នាក់ បុគ្គលនោះ ប្រាកដជាប្រតិកម្មតតាំង នឹងអ្នកប្រមាថជាក់ជាពុំខាន។»។

បើទោះជាមន្ត្រីអ្នកនាំនាំពាក្យ មិនបានលើកឡើងចំឈ្មោះក៏ដោយ តែសំណេររបស់លោក ទំនងជាចង់បញ្ជាក់ ពីបុព្វហេតុនៃយុទ្ធនាការ ទាមទារឲ្យមានការ«សុំទោស» ពីសំណាក់សមាជិកសភាអូស្ត្រាលី លោក ហុង លឹម ទាក់ទងនឹងការថ្លែងមួយ របស់អ្នកតំណាងរាស្ត្រ​ដែលមានដើមកំណើតខ្មែររូបនេះ ធៀបរបបដឹកនាំសព្វថ្ងៃ ថាមានលក្ខណៈ«ដូចតិរច្ឆាន» កាលពីដើមខែសីហា។

យ៉ាងណាក៏ដោយ ចំពោះសំណេររបស់លោក ផៃ ស៊ីផាន ហៅខ្មែររស់នៅ​ឯនាយសមុទ្រ ថាជា«ខ្មែរភៀសខ្លួន​រត់ចោលស្រុក»នោះ ត្រូវបានខ្មែរដែលកំពុងរស់​នៅឯបរទេស វាយតម្លៃថា ជាការលើកឡើង ដើម្បីយក​តែ​ឈ្នះ ខណៈលោក ផៃ ស៊ីផាន បានជួបភាពបរាជ័យ នៅក្នុងការទាមទារឲ្យមានការសុំទោស ពី​សំណាក់​លោក ហុង លឹម និងចំណាត់ការ ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីនោះ។

វិស្វករខ្មែរ-កាណាដា​ផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា ដែលកំពុងរស់នៅក្នុងប្រទេសកាណាដា បានថ្លែង​ឡើង​ថា ការចេញទៅរស់នៅក្រៅប្រទេស ឬក្រៅស្រុកកំណើត វាជាជម្រើសមួយ ហើយមនុស្សគ្រប់គ្នា​នៅលើ​ផែនដីនេះ មានជម្រើសនេះ ព្រោះវាជាសិទ្ធិ នៅក្នុងការរស់នៅ និងការចិញ្ចឹមជីវិត នៅទីកន្លែង​ណា​មួយ ដែល​ពួកគេយល់ថា មានភាពសមប្រកបសម្រាប់ខ្លួន។

លោក មេត្តា បានរៀបរាប់ថា៖ «ជម្រើសនេះ គួរត្រូវលោក ផៃ ស៊ីផាន និងអ្នកគាំទ្រគណបក្សប្រជាជន​គោរព។ បើទោះជាគ្នាចេញទៅក្រៅស្រុក តាមការភៀសខ្លួនក៏ដោយ សួរថាបើគ្មានសង្គ្រាម ការគម្រាមកំហែង ការ​កាប់​សម្លាប់ តើខ្មែរទាំងនោះសុទ្ធចិត្តរត់កាត់ព្រៃ កាត់ភ្នំក្រំថ្មឬ?  សព្វថ្ងៃនេះ មានពលករខ្មែរច្រើននាក់ណាស់ ដែល​ចេញ​ទៅ​ធ្វើការនៅបរទេស ហើយមុននិងក្រោយ ពលករទាំងនោះ អាចនឹងស្នើសុំសញ្ជាតិ ឬអាចរស់នៅ​ក្នុង​ប្រទេស​ទាំង​នោះ ជារៀងរហូតទៅ។ អញ្ចឹងសួរទៅលោក ស៊ីផាន ទៀតថា បើនៅក្នុងស្រុកមានការងារ និង​ប្រាក់​ឈ្នួល​សម​ប្រកប តើ​ពលករទាំងនោះ ចេញទៅក្រៅប្រទេសឬ?»។

រីឯអតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​កម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង ក៏បានអះអាងដែរថា តាមពិតទៅ គឺមន្ត្រី​«ប្រឡាយកាត់»​នៅក្នុង​ស្រុក​មួយ​ចំនួន​ទេ ដែល​កំពុងធ្វើឲ្យស្រុកខ្មែរ លែងមានអត្តសញ្ញាណខ្មែរពិតប្រាកដ ខណៈខ្មែរនៅក្រៅស្រុកមួយចំនួន ត្រូវបង្ខំចិត្ត ឬ​តម្រូវ​តាម​កាលៈទេសៈ ដើម្បីលាក់​អត្តសញ្ញាណរបស់ខ្លួន។ អតីតមន្ត្រីបានពន្យល់ថា៖ «បើរំដោះ​ស្រុក​ចេញ​ពី​ខ្មែរក្រហម​ ដើម្បីធ្វើស្រុកឲ្យក្លាយទៅស្រុកយួន ឬស្រុកចិនដូច្នេះទេ អញ្ចឹងតើការប្រើពាក្យថា"ម្ដាយ" ដើម្បី​រំលើក​​គុណ​ស្រ័យ​នេះ មានន័យថាដូចម្ដេចទៅវិញ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...