ក្រសួងមហាផ្ទៃនឹងចាប់សម រង្សីតាមដីកាតុលាការ បើលោកមានវត្តមាននៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ខណៈមេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្តាហ៍មុន បានប្រកាសថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជា ឲ្យបានមុនថ្ងៃបោះឆ្នោតនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ ឯណេះវិញ បានបង្ហាញថាលោកនឹងប្រើដីការបស់តុលាការ ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងភ្លាម បើវត្តមានរបស់លោកមាននៅលើទឹកដីប្រទេសកម្ពុជា។
ជាចំណាត់ការ ដែលសម្រាប់អ្នកវិភាគនយោបាយ និយាយថារដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីបញ្ជៀសភាព«ទន់ខ្សោយ»របស់ខ្លួន។
លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។
សេចក្ដីប្រកាសរបស់គេហទំព័រក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ ដែលបានឆ្លើយតបទៅនឹងការវិលត្រឡប់មកវិញ នៃមេដឹកនាំបក្សប្រឆាំង នាមុនថ្ងៃបោះឆ្នោតនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា៖ «លោក សម រង្ស៊ី បាននិរទេសខ្លួនដោយខ្លួនឯង ដើម្បីគេចចេញពីការចាប់ខ្លួនក្នុងបទព្រហ្មទណ្ឌ ដូច្នេះការវិលត្រឡប់ចូលក្នុងប្រទេសវិញរបស់លោក សម រង្ស៊ី ជាសិទ្ធិរបស់គាត់»។
មន្រ្តីរូបនេះបន្តថា៖ «មកទល់បច្ចុប្បន្ននេះ មិនដឹងថាគាត់មកឬមិនមកនោះទេ ប៉ុន្តែក្នុងករណីដែលលោក សម រង្ស៊ី ពិតជាមកមែននោះ នគរបាលជាតិ ដែលជាស្ថាប័នប្រតិបត្តិច្បាប់ គ្មានជម្រើសអ្វីក្រៅពីអនុវត្តដីការបស់តុលាកាឡើយ» ។
នេះជាការឆ្លើយតបទៅនឹង ការប្រកាសជាខ្សែវីដេអូ បង្ហោះតាមទំព័រហ្វេសបុក(facebook) កាលពីចុងសប្តាហ៍មុន របស់លោក សម រង្សី ថានិងត្រឡប់មកចូលរួមការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
សូមរម្លឹកថាលោក សម រង្សី បានបញ្ជាក់តាមខ្សែវីដេអូបង្ហោះតាមទំព័រហ្វេសបុក(facebook)ថា មុននឹងលោកសម្រេចចិត្តចូលមកកម្ពុជានេះលោក ក៏បានសរសេរលិខិតផ្ញើរទៅក្រសួងការបរទេសចំនួន១៨ ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១រួចរាល់ហើយ។
បន្ថែមលើនេះទៀតកាលពីថ្ងៃទី៧ ខែ កក្កដា នៅទីក្រុងប៉ារីស លោកសម រង្សី បានបញ្ចាក់ចំពោះការសម្រេចចិត្តថ្មីនៃការវិលត្រឡប់មកប្រទេសកម្ពុជា ដោយយោងលើហេតុផលនៃរបាយការណ៍ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក សូរិយា ភ. ស៊ូប៊ែឌី (Surya P.Subedi) ពីករណីស្ថានភាពសិទ្ធិមនុស្ស ធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ជាពិសេសការមានវត្តមានរបស់លោកមានសារៈសំខាន់ក្នុងការចូលរួមការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ដើម្បីបានដើរតួពេញលេញក្នុងនយោបាយ។ ក្នុងលិខិតនោះលោកសម រស្សី ក៏បានសរសេរបញ្ជាក់ថាលោក សូរិយា ភ. ស៊ូប៊ែឌី បានចាត់ទុកថាការសម្រេចកាត់ទោសរូបលោក ឲ្យជាប់ពន្ធនាគារដោយតុលាការកម្ពុជានោះ (វា)ជារឿងនយោបាយ។
ក្នុងលិខិតដដែលនោះបាន បន្តថា លោក(សម រង្ស៊ី)ត្រូវបង្ខំចិត្តនិរទេសខ្លួន ដើម្បីគេចពីកាត់ទោសដាក់ពន្ធនាគារយៈពេល១៥ឆ្នាំ ដែលពាក់ពន្ធនឹងវិបត្តិនយោបាយរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង។ ហើយលោកនឹងនៅតែសម្រចចិត្តត្រឡប់មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោត បើទោះបីជាលោកបានបរាជ័យក្នុងការចរចារជាមួយលោក ហ៊ុន សែន និងបរាជ័យក្នុងការស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ជាពិសេសទោះជាលោកដឹងថា មានការចាប់ខ្លួនលោកដោយអាជ្ញាធរកម្ពុជាក៏ដោយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃ ស៊ីផាន បាននិយាយដោយខ្លីថា នេះជាករណីរបស់តុលាការ ឯរដ្ឋាភិបាលវិញគ្មានវិធានការណាមួយប្រឆាំងនឹងលោកសម រង្ស៊ីនោះទេ ហើយពេលនេះក៏គ្មានការសម្របសម្រួលផ្នែកនយោបាយណាមួយ ក្នុងរឿងលោកសម រង្ស៊ីនោះដែរ។
ជុំវិញនៃគម្រោងការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងនេះលោកឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា បើមិនចាប់ខ្លួនទេ អានុភាពរបស់រដ្ឋាភិបាលទន់ខ្សោយ តែបើមានការចាប់ខ្លួន វិញនោះរដ្ឋាភិបាលអាចនឹងរងនូវគំនាបទាំងក្នុងនិងក្រៅប្រទេស។ «បើមានការចាត់ការមិនស្រួលទេ អាចមានភាពវឹកវរក្នុងប្រទេស។ អាចមានការអាក់ខាន ឬរអាក់រអួលដល់ដំណើរការបោះឆ្នោត ឬការបោះឆ្នោតទាំងមូលអាចត្រូវបានផ្អាកទៅវិញ។ ទាំងនេះជាការមិនល្អសម្រាប់រដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសមិនបាន»។
លោកគល់ បញ្ញា នាយកប្រត្តិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះ ថា Comfrel បានបន្ថែមថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះបញ្ហាច្បាប់ និងបញ្ហានយោបាយត្រូវតែចាំបាច់ឲ្យមានតុល្យភាពគ្នា ព្រោះថាករណីលោកសម រង្ស៊ីពាក់ព័ន្ធនឹងករណីនយោបាយ។ «អញ្ចឹងគេត្រូវថ្លឹងថ្លែងគ្នា គេមិនអាចមើលតែច្បាប់ម៉្យាងទេ ពីព្រោះករណីលោកសម រង្ស៊ី គាត់មេដឹកនាំបក្សប្រឆាំង បញ្ហាដែលកើតឡើងចំពោះលោកភាគច្រើន មើលទៅទាក់ទិននឹងបញ្ហានយោបាយ។ អញ្ចឹងនៅស្រុកគេមួយចំនួន ក៏គេគិតអំពីតុល្យភាពរវាងផលប្រយោជន៍នយោបាយ និងផលប្រយោជន៍នៃការអនុវត្តច្បាប់»។
គួរបញ្ជាក់ថាលោក សម រង្ស៊ី បាននិរទេសខ្លួនពីឆ្នាំ២០០៩ ហើយលោកក៏ធ្លាប់បានប្រកាសជាច្រើនលើកច្រើនសារថានឹងវិលចូលមកកម្ពុជាវិញ ប៉ុន្តែមិនដែលបានអនុវត្តន៍តាមការប្រកាសនោះឡើយ។ លោកត្រូវបានតុលាការផន្ទាទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ តាមសាលក្រម កំបាំងមុខ ពីបទក្លែងបន្លំអក្សរ ក្នុងឯកសារសាធារណៈ និងការផ្សាយព័ត៌មានមិនពិត រួមទាំងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ សាលក្រម និងការកាត់ទោសនេះ ត្រូវបានគណបក្សប្រឆាំងច្រានចោល និងអះអាងថា តុលាការមិនឯករាជ្យ តុលាការស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ