កែម ឡី៖ ដំណើរទៅក្រៅប្រទេសរបស់ សម រង្ស៊ី ជាសកម្មភាពវិជ្ជមាន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅយប់នេះ នឹងធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅកាន់បណ្តាប្រទេសនៅសហគមន៍អ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី នៅពេលនេះ ត្រូវបានលោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជាលើកឡើងថា គឺជាជំហាន វិជ្ជមានមួយសម្រាប់គណបក្សប្រឆាំង។
លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា លោក កែម ឡី បានធ្វើការអត្ថាធិប្បាយជុំវិញ ដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វួ នៅថ្ងៃនេះថា នេះគឺជាយុត្តិសាស្រ្តដ៏ល្អមួយ និងជាសកម្មភាពវិជ្ជមានមួយ របស់គណបក្សប្រឆាំងនៅកម្ពុជា។
ទាក់ទងនឹង«សកម្មភាពវិជ្ជមាន» ត្រូវបានលោក កែម ឡី បកស្រាយថា ដោយសារតែប្រទេសកម្ពុជាជាប្រទេស ដែលបានចុះហត្ថាលេខាលើសន្ធិសញ្ញាជាច្រើន នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដូច្នេះអង្គការនេះមានតួនាទីមានកាតព្វកិច្ចជួយដោះស្រាយ នូវបញ្ហាដែលបានកើតឡើង នៅក្នុងបណ្តាប្រទេសដែលបានចុះហត្ថលេខា។ លោក បន្តថា ហើយដើម្បីឲ្យអង្គការអន្តរជាតិនេះ បានដឹងពីអ្វីដែលកើតមានឡើង ក្នុងប្រទេសហត្ថលេខី និងអាចជួយបានលុះត្រាតែធ្វើសកម្មភាព ដើម្បីបញ្ចុះបញ្ចូលឲ្យ បានដឹងនូវបញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសនោះ។ តួយ៉ាងដូចជាសកម្មភាពរបស់ លោក សម រង្ស៊ីនេះជាដើម។
អ្នកវិភាគរូបនេះបន្តថា អ្វីដែលលោក សម រង្ស៊ី បានធ្វើ យ៉ាងហោចណាស់ក៏មានបណ្តាមេដឹកនាំធំៗមួយចំនួន ដែលបានជួបនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនានា ដូចជាកិច្ចប្រជុំ APEC ជាដើម ដែលមេដឹកនាំទាំងនោះអាចនឹងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ បន្ទាប់ពីបានទៅចុះឈ្មោះបោះឆ្នោតនៅរសៀលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងចាកចេញពីប្រទេសកម្ពុជា សំដៅទៅកាន់ប្រទេសនៅទ្វីបអ៊ឺរ៉ុបនាយប់នេះ បានអះអាងថា នៅក្នុងបេសកម្មទៅក្រៅប្រទេសរបស់ខ្លួនលើកនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បី
ស្នើឲ្យអន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងកុំឲ្យធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារផ្សេងៗទៀតផ្តល់កម្ចីដល់ រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យសោះ។ រដ្ឋាភិបាល ដែលលោក សម រង្ស៊ី អះអាងថា «ជារដ្ឋាភិបាលមិនគ្រប់ទឹក»។
ជុំវិញបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វ័ មិនអាចទាក់ទងសុំការបកស្រាយ ពីមន្រ្តីរដ្ឋាភិបាលបានទេនៅថ្ងៃនេះ។ ប៉ុន្តែក្នុងពេលកន្លងមក លោក ជាម យៀប ដែលជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលធ្លាប់បានអះអាងថា ពួកគេមិនភ្ញាក់ផ្អើលនោះទេ ចំពោះសកម្មភាពរបស់មេដឹកនាំបក្សប្រឆាំង ។ តែលោក ជាម យៀប បានចាត់ទុកការអំពាវនាវឲ្យសហគមន៍អន្តរជាតិមិនឲ្យផ្តល់ជំនួញដល់កម្ពុជា និងមិនឲ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នថា ជាសកម្មភាពក្បត់ជាតិ៕
------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ០៧ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ