ហ្សីដាន បរិហារពី«ចរិតគួរឲ្យខ្មាស» នៃក្រុមអ្នកច្រណែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មេសា ២០១៨
- កែប្រែចុងក្រោយ: April 17, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានគិតថា វាជារឿង«គួរឲ្យខ្មាសអៀនណាស់» សម្រាប់ប្រតិកម្មអវិជ្ជមានទាំងឡាយ ប្រឆាំងនឹងក្រុមបាល់ទាត់របស់លោក ដែលបានប្រកួតឈ្នះក្រុម ជូវេនទូស (Juventus) ដើម្បីបន្តឡើងទៅទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ២០១៧-២០១៨ កាលពីសប្ដាហ៍មុន។
នៅក្នុងការប្រកួត «ត្រឡប់» នោះ ក្រុម ជូវេនទូស បានរកគ្រាប់បាល់ បានបីគ្រាប់ ស្មើនឹងគ្រាប់បាល់ ដែលក្រុម រៀល រកបាន នៅក្នុងការប្រកួត «ទៅ» កាលពីពីរសប្ដាហ៍កន្លងទៅ។
តែក្រុម រៀល បានឈ្នះជាស្នាពរ ដោយហេតុថា ក្នុងការប្រកួត «ត្រឡប់» នៅនាទីទី ៩០+៧ កីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo) បានទាត់បាល់ពិន័យ ១១ម៉ែត្រ រកបានមួយគ្រាប់ ឲ្យក្រុមរៀល (ពិន្ទុសរុប ៤-៣) បន្ទាប់ពីអាជ្ញាកណ្ដាលជាតិអង់គ្លេស លោក «Mickaël Oliver» បានផ្លុំកញ្ចែពិន័យក្រុម ជូវេនទូស ពីកំហុសតូចមួយ ដែលខ្សែការពាររបស់ក្រុម ជូវេនទូស បានបះជាមួយ ខ្សែប្រយុទ្ធ របស់ក្រុម រៀល នៅនាទីទី ៩០+៣។
ការផ្លុំកញ្ចែពិន័យ ពីសំណាក់អាជ្ញាកណ្ដាលជាតិអង់គ្លេស ត្រូវបានអ្នកវិភាគបាល់ទាត់ និងសារព័ត៌មានកីឡាជាច្រើន នៅអ៊ឺរ៉ុប ជាពិសេសសារព័ត៌មាន នៅអ៊ីតាលី បារាំង និងសារព័ត៌មានស្និតក្រុម បាសឺឡូន (Barcelone - ដែលជាក្រុមបាល់ទាត់ គូសត្រូវរបស់ក្រុម រៀល) រិះគន់ខ្លាំងៗ ដោយហៅការពិន័យនោះ ថាជា«ការលួចប្លន់ជ័យជំនះ» ទៅឲ្យក្រុមរៀល។
ការរិះគន់ ត្រូវបានលោក ហ្សីដាន អតីតជើងឯកពិភពលោក ឆ្នាំ១៩៩៨ (ជាមួយក្រុមជម្រើសជាតិបារាំង) វាយបកវិញខ្លាំងៗ កាលពីចុងសប្ដាហ៍នេះ ដោយបានហៅក្រុមអ្នករិះគន់ ថាជាពួកអ្នកច្រណែន នឹងក្រុមរបស់លោក។ លោកថា៖ «វាជារឿងគួរឲ្យខ្មាសអៀនណាស់ ដែលនិយាយ ពីការលួចប្លន់។ នៅពេលយើងគ្រាន់បើជាងគេ វាតែងតែមានគេច្រណែន អញ្ចឹងហើយ។»។
លោកបានពន្យល់ថា៖ «យើងអាចយល់ស្រប ឬមិនយល់ស្រប ជុំវិញការផ្លុំកញ្ចែ ឲ្យទាត់បាល់ពិន័យ ប៉ុន្តែយើងមិនត្រូវនិយាយ ពីការលួចប្លន់នោះទេ។ ខ្ញុំមិនទទួលយកទេ ការដែលនិយាយ ពីការលួចប្លន់។ តាមយោបល់ខ្ញុំ យើងពិតជាស័ក្ដិសម នឹងជ័យជំនះ ដើម្បីឡើងទៅវគ្គ១ភាគ២នេះ។»។
ចំពោះករណីកីឡាករ ប៊ូហ្វុង (Gianluigi Buffon) កីឡាករចាំទីដ៏ចាស់វស្សា របស់ក្រុម ជូវេនទូស ដែលត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ និងបន្ទាប់មក បានហៅអាជ្ញាកណ្ដាល ថាជាមនុស្សដែលគ្មានចិត្ត ហើយគួរនៅអង្គុយ មើលការប្រកួតជាមួយប្រពន្ធខ្លួន នៅឯផ្ទះ ជាជាងមកធ្វើអាជ្ញាកណ្ដាលនោះ លោក ហ្សីណាឌីន ហ្សីដាន បានប្រតិកម្មតបថា៖ «វាគ្រាន់តែជាពាក្យសំដី។ កីឡាករ ប៊ូហ្វុង បានក្ដៅក្រហាយ មួម៉ៅ អស់កម្លាំង។ វាជាប្រតិកម្ម ចេញពីអារម្មណ៍មនុស្សម្នាក់ ដែលខ្ញុំអាចយល់បាន ពីការមួម៉ៅក្ដៅក្រហាយនេះ។»៕