រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី

ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បានញ័រជើងមិនតិចទេ នៅចំពោះការវាយសន្ធាប់ ពីសំណាក់ក្រុម បាយឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់) ហើយកំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក៏មិនបានរកគ្រាប់បាល់ ជួយសង្គ្រោះក្រុម រៀល របស់ខ្លួនដែរ។ តែនៅទីបំផុត ក្រុម រៀល នៅតែបានឡើង ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ពីរគ្រាប់ របស់កីឡាករ ការីម ប៊េនហ្សេម៉ា (Karim Benzema)។
រៀល ទប់​ការ​វាយ​សន្ធាប់​របស់ បាយឺន ដើម្បីឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាថ្មី
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (ពាក់អាវស) របស់ក្រុមរៀល នៅចំពោះការវាយបក យ៉ាងសន្ធាប់ ពីសំណាក់កីឡាករ​ក្រុម បាយ៉ឺន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី០១ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 02, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ញ័រជើងខ្លាំង ព្រោះក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) នឹងត្រូវ«ហាលអាវ» ប្រសិនជាក្រុម បាយឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់) រកបានគ្រាប់បាល់ តែមួយគ្រាប់ទៀត ក្នុងការប្រកួតត្រឡប់ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃអង្គារ ទី១ ខែឧសភានេះ ក្នុងកីឡដ្ឋាន «Santiago-Bernabeu» នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

លទ្ធផលនៃការប្រកួត ស្មើគ្នា ២-២ ខណៈការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុម បាយឺន បានចាញ់ក្រុម រៀល ១-២ ដែលធ្វើឲ្យក្រុម រៀល មានប្រៀប ក្នុងពិន្ទុសរុប ៤-៣។ តែដូចបានជម្រាបខាងលើរួច ប្រសិនជាក្រុម បាយ៉ឺន រកបានតែមួយគ្រាប់ទៀត នោះវានឹងធ្វើឲ្យពិន្ទុ​សរុប មានទំហំស្មើគ្នា ៤-៤ ហើយក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយយោងតាមលក្ខខណ្ឌ នៃចំនួនគ្រាប់បាល់ ដែលក្រុមនេះរកបាន នៅខាងក្រៅផ្ទះ មានចំនួនច្រើនជាងគ្រាប់បាល់ នៅក្រៅផ្ទះ របស់ក្រុម រៀល។

តែសេណារីយ៉ូខាងលើ គ្រាន់តែជាក្ដីសុបិន្តរបស់ក្រុម បាយ៉ឺន និងអ្នកគាំទ្រប៉ុណ្ណោះ បើទោះជាក្រុម បាយ៉ឺន បានរកគ្រាប់បាល់ បានតាំងពីនាទីទី២ ដោយកីឡាករ «Joshua Kimmich» នោះក៏ដោយ។ សុបិន្តមិនបានសម្រេច ព្រោះមានមូលហេតុច្រើនយ៉ាង៖

ដំបូងគេ គឺកីឡាករ ការីម ប៊ែនហ្សេម៉ា (Karim Benzema) បានជួយសង្គ្រោះក្រុម រៀល ដើម្បីរកគ្រាប់បាល់ស្មើវិញ នៅនាទីទី១០ ហើយថែមទាំង ឲ្យក្រុម រៀល បាននាំមុខមួយគ្រាប់ទៀត នៅនាទី ទី៤៥ នោះទៀត។ បន្ទាប់មក នៅពេលបន្ថែមម៉ោង នៃពាក់កណ្ដាលម៉ោងដំបូង ដៃរបស់កីឡាករ ម៉ាសឺឡូ (Marcelo) បានប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ តែអាជ្ញាកណ្ដាល មិនបានផ្លុំកញ្ចែរ​ពិន័យ ឲ្យទាត់បាល់ ១១ម៉ែត្រ ប្រឆាំងក្រុម រៀល ទេ។

នៅចំពោះការរកគ្រាប់បាល់ បានស្មើនៅនាទីទី ៦៥ ដោយកីឡាករ «James Rodríguez» របស់ក្រុម បាយ៉ឺន នោះ ក្រុម រៀលម៉ាឌ្រីត ដែលជាម្ចាស់ផ្ទះ បានធ្វើការទប់ទល់ យ៉ាងខ្លាំងក្លា និងបង្អាក់ចង្វាក់ទាត់ របស់ក្រុម បាយឺន រហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីទប់ពិន្ទុ ឲ្យនៅត្រឹមតែដដែល (២-២)។

ទីបញ្ចប់នៃការប្រកួត បើទោះជាកំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនបានរកគ្រាប់បាល់ ឲ្យក្រុម រៀល ក៏ដោយ តែថ្វីជើង វិន័យ និងចង្វាក់ទាត់បាល់ របស់កីឡាកររួមក្រុមផ្សេងទៀត បានជួយឲ្យក្រុមនេះ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាថ្មីទៀត បន្ទាប់ពីដណ្ដើមបានជើងឯក ពីរជំនាន់ជាប់ៗគ្នា រួចមកហើយ។ ក្រុម រៀល នឹងត្រូវជួបជាមួយ ក្រុមមួយ ពីចំណោមក្រុម លីវើភូល (Liverpool) និងក្រុម រ៉ូម៉ា (AS Roma) ដែលត្រូវប្រកួត «ត្រឡប់» ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រនេះ នៅយប់ថ្ងៃពុធនេះ។

ប្រសិនជាក្រុម រៀល បានឈ្នះលើកពាន ជាជើងឯកអ៊ឺរ៉ុបឆ្នាំនេះទៀត នោះក្រុមរបស់ប្រទេសអេស្ប៉ាញមួយនេះ នឹងក្លាយជាក្រុមដំបូងគេ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលលើពានអ៊ឺរ៉ុប ដ៏សម្បើម បានរហូតដល់ទៅ បីជំនាន់ជាប់គ្នា នៅក្រោមការដឹកនាំ របស់គ្រូបង្វឹកតែមួយ គឺលោក ហ្សីណាឌីន ហ្សីដាន់ (Zinédine Zidane)៕

» សង្ខេបជាវីដេអូ នៃការប្រកួតរវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃអង្គារ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...