រ៉ូណាល់ដូ បង្ហើបពីគម្រោងចាកចេញពីក្រុម រៀល ?
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៦ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 27, 2018
- ប្រធានបទ: តារាបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីនៅទាត់ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) តាំងពីឆ្នាំ២០០៩មកនោះ នៅរដូវក្ដៅឆ្នាំនេះ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) មានគម្រោងចាកចេញពីក្រុមឬ? នេះ ជាអ្វីដែលខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអធិរាជស បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីក្រុម រៀល បានយកជ័យជំនះ (៣-១) លើក្រុម លីវើភូល (Liverpool - អង់គ្លេស) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។
កីឡាករជាតិព័រទុយហ្គាល់ បានថ្លែងតាមរយៈទូរទស្សន៍អេស្ប៉ាញ «beIN Sports» ថា៖ «យើងត្រូវរីករាយនឹងជ័យជំនះ ជាមួយក្រុម រៀល (...) ប៉ុន្តែខ្ញុំនឹងចេញមកបកស្រាយ នៅថ្ងៃខាងមុខ ដើម្បីជាចម្លើយទៅកាន់អ្នកគាំទ្រ ដែលតែងតែនៅជាមួយខ្ញុំ។ ជារឿងមួយល្អណាស់ ដែលបានទាត់ នៅក្នុងក្រុម រៀល ហើយវាមិនសំខាន់ទេ បើគេនិយាយពីអនាគត របស់កីឡាករណាម្នាក់នោះ។ តែខ្ញុំមិននិយាយថា ខ្ញុំនឹងត្រូវតែចាកចេញទេ។ អ្នកឯងរង់ចាំមើលទៅ។»។
បើទោះជាយប់នេះ កីឡាករខ្សែប្រយុទ្ធរកគ្រាប់បាល់ មិនបានមួយគ្រាប់ក៏ដោយ ក៏កីឡាករ រ៉ូណាល់ដូ នៅតែអួតអាងពីការលើកពាន ជាលើកទី៥របស់ខ្លួន (ក្នុងរយៈពេលដែលកីឡាករ បានមកទាត់ឲ្យក្រុម រៀល) នេះដែរ។ កីឡាករបានថ្លែងបន្តថា៖ «យ៉ាងណាក៏ដោយ តើនរណាដែលរកគ្រាប់បាល់ បានច្រើនជាងគេ នៅក្នុងក្របខណ្ឌ "Champions League" នេះ? ក្របខណ្ឌនេះ គួរត្រូវប្ដូឈ្មោះដាក់ថា "CR7 Champions League" (CR7 ជារហស្សនាមរបស់កីឡាករ រ៉ូណាល់ដូ)។ ខ្ញុំបានឈ្នះពាននេះ ចំនួន៥ ហើយខ្ញុំនៅតែជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេ។»។
នៅចំពោះជំហរខាងលើ កីឡាកររួមក្រុមដែលទាត់នៅខ្សែការពារ កីឡាករ ស៊ែជោ រ៉ាម៉ូស (Sergio Ramos) បានពន្យល់ថា៖ «វាជារឿងចាំបាច់ណាស់ ដែលកីឡាករ រ៉ូណាស់ ត្រូវបញ្ជាក់ឲ្យច្បាស់ និងឲ្យបានលឿនបំផុត ពីអ្វីដែលខ្លួនចង់បាន។ ប៉ុន្តែ រ៉ូណាល់ដូ ចូលចិត្តចង់ឲ្យគេនិយាយពីខ្លួនណាស់ (...) ហើយខ្ញុំមើលទៅ វាមិនមានក្រុមណាផ្សេង គ្រាន់បើជាក្រុម រៀល សម្រាប់កីឡាករ រ៉ូណាល់ដូ នោះទេ។»។
អ្នកកាសែត បានងាកសំនួរទាក់ទងនឹងអនាគត របស់កីឡាករ រ៉ូណាល់ដូ ខាងលើ ទៅកាន់លោក ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) គ្រូបង្វឹករបស់ក្រុម រៀល ក្នុងសន្និសីទសារព័ត៌មាន នៅក្រោយការប្រកួត។ លោក ហ្សីដាន បានអះអាងដំបូងឡើយថា កីឡាករខ្សែប្រយុទ្ធនឹងបន្តនៅ ជាមួយក្រុមបាល់ទាត់ដ៏ធំ របស់ប្រទេសអេស្ប៉ាញនេះ តទៅទៀត។ ប៉ុន្តែលោកបានប្ដូរចម្លើយវិញ នៅប៉ុន្មានម៉ាត់ក្រោយមកថា៖ «យើងនឹងរង់ចាំមើល ពីអ្វីដែលអាចនឹងកើតឡើង ក្នុងពេលខាងមុខ»៕