ចិន៖ ធ្លាក់ក្នុងចន្លោះជណ្ដើរយន្ដ ដាច់ជើងមួយចំហៀង
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពដ៏តក់ស្លុត កាលពីសប្ដាហ៍កន្លងទៅ បង្ហាញពីម្ដាយវ័យក្មេងម្នាក់ បន្ទាប់ពីបានសង្គ្រោះ កូនប្រុសរបស់ខ្លួនរួច ត្រូវបានជណ្ដើរយន្ដទាញយកទៅ រមូរខ្លួនរហូតស្លាប់នោះ នៅមិនទាន់ផុតរលត់នៅឡើយ។ ប៉ុន្តែរូបភាពថ្មីមួយ ទើបនឹងកើតឡើងទៀត នៅចុងសប្ដាហ៍កន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បណ្ដាលឲ្យបណ្ដាជនចិន បានសម្ដែងប្រតិកម្មសារជាថ្មី។
លោក ហ្សាង ស៊ីសេង (Zhang Shisheng) បុគ្គលិកបោសជូនមួយរូប ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំរបស់ទីក្រុងភាគខាងកើត នៃប្រទេសចិន បានធ្លាក់ទៅក្នុងចន្លោះជណ្ដើរយន្ដ កាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ។ ដូចអ្វីដែលបានបង្ហាញឲ្យឃើញ នៅក្នុងរូបភាពវីដេអូសុវត្ថិភាព សន្ទះបិទម៉ាស៊ីន នៃជណ្ដើរយន្ដបានរបើកឡើង បានធ្វើឲ្យលោក ស៊ីសេង អាយុ៣៥ឆ្នាំ ធ្លាក់ចូលទៅក្នុងនោះ។
ភ្លាមៗនោះ បុរសអ្នកបោសជូត បានប្រតិកកម្មភ្លាម ដោយឈោងទៅចុច ប៊ូតុង ដើម្បីបញ្ឈប់ជណ្ដើរយន្ដជាបន្ទាន់... តែយឺតពេលទៅហើយ។ បើជើងមួយចំហៀងរបស់លោក ស៊ីសេង បានលើកផុត រួចផុតពីគ្រោះថ្នាក់នោះ ជើងមួយចំហៀងទៀតវិញ មិនមានសំណាងដូច្នេះឡើយ ដោយបានជាប់គាំង នៅក្នុងជណ្ដើរយន្ដ អស់ជាច្រើននាទី រហូតដល់ក្រុមអ្នកជួយសង្គ្រោះ បានមកដល់ ដើម្បីទាញលោកចេញ ពីចន្លោះមរណៈនោះ។
ទៅដល់មន្ទីរពេទ្យ ស្ថានភាពរបស់លោក ស៊ីសេង មិនប៉ះពាល់ដល់ជីវិតទេ តែជើងខាងឆ្វេងរបស់លោក ត្រូវបានគ្រូពេទ្យកាត់ផ្ដាច់។
គ្រាន់តែរំលងគ្នា ត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ គ្រោះថ្នាក់បណ្ដាលមកពី សន្ទះជណ្ដើរយន្ដ ដែលមិនត្រូវបានបិត ចាប់ខ្ចៅឲ្យល្អនោះ បានកើតឡើងដល់ទៅពីរករណី។ កាលពីឆ្នាំកន្លងទៅ នៅប្រទេសចិន គ្រោះថ្នាក់ប្រហាក់ប្រហែលគ្នា បានបណ្ដាលឲ្យមានមនុស្សស្លាប់ ៣៧នាក់។ អ្នកជំនាញជាច្រើននាក់ បានបរិហារថា ហេតុការណ៍ដដែលៗនេះ បានកើតឡើង ដោយមូលហេតុ ការត្រួតពិនិត្យ ទៅលើជណ្ដើរយន្ដទាំងនោះ មានសភាពមិនហ្មត់ចត់ មិនគ្រប់គ្រាន់ និងសម្ភារៈបំពាក់ ឲ្យជណ្ដើរយន្ដទាំងនោះ មានលក្ខណៈមិនរឹងមាំ៕
» វីដេអូសុវត្ថិភាព ដែលបង្ហាញពីហេតុការណ៍ ធ្លាក់ក្នុងជណ្ដើរយន្ដ កាលពីថ្ងៃអាទិត្យ (ហាមអ្នកមានបញ្ហាខាងអារម្មណ៍ទស្សនា)៖