អគ្គលេខា អ.ស.ប ក្រៀមក្រំចំពោះការលិចនាវា ស្លាប់យ៉ាងតិច៦នាក់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានបញ្ជូនសារកាលពីយប់ថ្ងៃពុធ ទៅកាន់ប្រធានាធិបតីរបស់ប្រទេសកូរ៉ខាងត្បូង លោកស្រី ប៉ាក ជនហេ (Park Geun-Hye) ដើម្បីសម្ដែងនូវទុក្ខក្រៀមក្រំដ៏ជ្រាលជ្រៅរបស់លោក នៅចំពោះការលិចនាវាចម្លង នៅក្នុងឈូងសមុទ្រផ្នែកនារតី នៃប្រទេស ដែលធ្វើឲ្យមានជនរងគ្រោះដល់ជីវិត យ៉ាងតិច៦នាក់ និងច្រើនជាង២៩០នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។
រូបភាពនាវាចម្លង បន្ទាប់ពីវាត្រូវបានលិចដាំក្បាលសឹងតែ១៨០ឌឺក្រេ ទៅក្នុងទឹក។ (រូបភាពផ្តិតពីវីដេអូ)
លិចនាវា - លោក បាន គីមូន តាមរយៈអ្នកនាំពាក្យ លោក ស្តេហ្វាន ឌូចារិក (Stéphane Dujarric) ក្នុងសន្និសីទសារព័ត៌មានមួយ បានបង្ហាញនូវមរណទុក្ខយ៉ាងតក់ស្លុត ទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះ ក៏ដូចជាទៅដល់រដ្ឋាភិបាលនៃប្រទេស និងប្រជាជនកូរ៉េខាងត្បូងទាំងមូល។
សារសម្ដែងទុក្ខរបស់ថ្នាក់ដឹកនាំកំពូល នៃអង្គការពិភពលោកមួយនេះ បានធ្វើឡើងខណៈពេលដែលតុល្យភាពនៃជនរងគ្រោះ ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ។ របាយការណ៍ចុងក្រោយ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ បានឲ្យដឹងថា យ៉ាងហោចមនុស្ស៦នាក់ត្រូវបានរកឃើញស្លាប់ និងមនុស្ស២៩០នាក់ផ្សេងទៀត បានបាត់ខ្លួននៅឡើយ នៅក្នុងការលិចនាវាចម្លង ស៊ីវ៉ូល (SEWOL) ក្បែរនឹងកោះ ជីនដូ (Jindo) នៅក្នុងឈូងសមុទ្រកូរ៉េខាងត្បូង ផ្នែកនារតីនៃប្រទេស។
នាវាចម្លង ស៊ីវ៉ូល ដែលមានទម្ងន់សរុប ៦,៨២៥តោន បានចាកចេញពីកំពង់ផៃ អ៊ីនឆេអ៊ុន (Incheon) កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែមេសា ឆ្ពោះទៅកាន់កោះ ជេហ្សូ (Jeju) ជាមួយនឹងមនុស្សចំនួន៤៧៥នាក់ ដែលភាគច្រើនជាកូនសិស្ស ចេញទៅវិស្សមកាលសិក្សានៅទីនោះ។ មនុស្សចំនួន១៧៩នាក់ ត្រូវបានជួយសង្គ្រោះ បញ្ជូនមកកាន់មណ្ឌលសង្គ្រោះបណ្ដោះអាសន្នមួយ នៅលើកោះក្បែរនោះ។ មូលហេតុនៃការលិចនាវា នៅមិនទាន់ដឹងជាផ្លូវការនៅឡើយ តែរបាយការណ៍ដំបូង បានឲ្យដឹងថា នាវាបានទៅជល់នឹងផ្ទាំងថ្មបង្កប់ក្នុងទឹក។
បន្ទាប់ពីជួបនឹងគ្រោះថ្នាក់នេះភ្លាម នាវាបានបញ្ជូនសារអាសន្នចេញនៅម៉ោង ៨និង៥៨នាទី ព្រឹកថ្ងៃដដែលនោះ ហើយនាវាបានប្រើរយៈពេល២ម៉ោងនិង២០នាទី ដើម្បីលិចចុះទាំងស្រុងទៅក្នុងទឹក។ ការជួយសង្គ្រោះនិងការរុករក នៅតែបន្តធ្វើនៅឡើយ រហូតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បើទោះជាមានខ្យល់សមុទ្រខ្លាំង និងស្ថានភាពឧតុនិយមមិនអំណោយផល (ចុះអ័ប និងសីតណ្ហភាពចុះទាប) នោះក៏ដោយ។
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៤