អាល្លឺម៉ង៖ អាចដើរកម្សាន្ដ«ស្រាត»បាន នៅទីក្រុងមូនីឆ
មូនីឆ (Munich) ទីក្រុងដ៏ធំមួយរបស់ប្រទេសអាល្លឺម៉ង់ ទើបនឹងអនុញ្ញាតឲ្យអ្នករស់នៅ និងអ្នកទេសចរណ៍របស់ខ្លួន អាចដើរកម្សាន្ដដោយលែងខ្លួន «ននលគោក»បាន។ ប៉ុន្តែកន្លែងមួយចំនួននៅមានលក្ខខណ្ឌ នៅតែហាមមិនអនុញ្ញាតឲ្យ ក្រុមដែលគ្មានខោអាវស្លៀកពាក់ ចូលមកក្បែរទេ។
ស្ត្រី«ស្រាត»មើលពីក្រោយ។ (រូបថតឯកសារ)
ស្រាតដើរតាមផ្លូវ លែងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល តទៅទៀតហើយ។ ជាពិសេសនៅទីក្រុងមូនីឆ ផ្នែកខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ព្រោះនៅពេលនេះ វាបានក្លាយទៅជារឿងធម្មតាសម្រាប់អ្នករស់នៅ ឬអ្នកទៅកម្សាន្ដនៅទីនោះ។
ទីក្រុងមូនីឆ បានក្លាយជាទីក្រុងទីបីរបស់អាល្លឺម៉ង់ ដែលអនុញ្ញាតឲ្យមានការស្រាតដើរតាមផ្លូវសាធារណៈ។ តំបន់ចំនួន៦ ត្រូវបានគេបើកឲ្យក្រុមអ្នកចូលចិត្ត ធ្វើតាមបែបធម្មជាតិទាំងនោះ នូវសេរីភាពដែលពួកគេចង់ធ្វើ។
ការសម្រេចនេះ បានធ្វើបន្ទាប់មានការជជែកគ្នាយ៉ាងតឹងតែង ជាច្រើនខែកន្លងមក ជាពិសេសនៅពេលដែលច្បាប់ហាមឃាត់មិនឲ្យស្រាត បានផុតកំណត់ ហើយជាឱកាសដែលក្រុមអ្នកចូលចិត្ត «ស្រាត» បង្ហាញពីមូលហេតុរបស់ពួកគេ។
វប្បធម៌ស្រាត របស់អាល្លឺម៉ង់
តំបន់ចំនួន៦ ត្រូវបានកំណត់ឲ្យពួកអ្នកស្រាត អាចដើរបាន ហើយតំបន់ទាំងនោះ មិនមានការបិទបាំង និងដាក់ជញ្ជាំងកំណត់ព្រំអ្វីឡើយ។ ប៉ុន្តែតំបន់ពិសេស ដែលស្ថិត១០នាទី ពីទីលានកណ្ដាលទីក្រុងមូនីឆ មិនត្រូវបានអនុញ្ញាតឡើយ។
តាមពិតទៅ គេឧស្សាហ៍ជួបប្រទះណាស់ មនុស្សដែលដើរកម្សាន្ដដោយគ្មានសម្លៀកបំពាក់ នៅកន្លែងជាច្រើនក្នុងទីក្រុង ជាពិសេសនៅតាមបណ្ដាសួនច្បារនានា កន្លែងដែលមនុស្សប្រុសស្រីជាច្រើន បានយកធ្វើជាកន្លែងយកពន្លឺថ្ងៃ។ ដូច្នេះ បើមានការអនុញ្ញាតឲ្យមានការ«ស្រាត»ដើរ នៅថ្ងៃនេះ មិនមានអ្វីប្លែកប៉ុន្មានឡើយ សម្រាប់ជនជាតិអាល្លឺម៉ង់នោះ។
ការ«ស្រាត»ជារឿងធម្មតាមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ទាំងមូល។ ឆ្នេរកម្សាន្ដ«ស្រាត»លើកទីមួយ ត្រូវបានបើក នៅឆ្នាំ១៩២០។ ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ជាកំពូលប្រទេសផ្នែក«ស្រាត» ជាមួយនឹងប្រជាជនប្រមាណជា ១៧% បានស្រាតរួចហើយ នៅតាមតំបន់ឆ្នេរកម្សាន្ដ។
-----------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤