ការសាកល្បងបរាជ័យ៖ កាំជ្រួចផ្ទុះឆេះ ក្រោយពីបាញ់ចេញបានបន្តិច
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៦
- កែប្រែចុងក្រោយ: October 17, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បរាជ័យ នៃការបាញ់សាកល្បងជាថ្មីទៀត នៃកាំជ្រួចរយៈមធ្យមមួយ របស់ប្រទេសកូរ៉េខាងជើង ដោយហេតុថា កាំជ្រួចនោះ បានផ្ទុះឆេះខ្លួនឯង នៅកណ្ដាលអាកាស ក្រោយពីវាត្រូវបានបាញ់ចេញ តែបន្តិចប៉ុណ្ណោះ។ នេះ បើតាមការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ។
ការសាកល្បងនោះ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយរបបកុម្មុយនីសក្រុងព្យុងយ៉ាង បានបាញ់កាំជ្រួចមួយ ឈ្មោះ «Musudan» ដែលបើតាមការអះអាង របស់របបកុម្មុយនីស កាំជ្រួចនេះ អាចបាញ់ទៅដល់មូលដ្ឋានយោធាអាមេរិក នៅលើកោះ «Guam» កណ្ដាលមហាសមុទ្រប៉ាស៊ីភិច។
តាមពិតទៅ ការបាញ់សាកល្បង ដែលទទួលបរាជ័យជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង ដឹងភ្លាមៗ តាំងពីថ្ងៃសៅរ៍ តែព័ត៌មានផ្លូវការបញ្ជាក់ពីករណីនេះនេះ ទើបនឹងបញ្ចេញឲ្យដឹង នៅ១៥ម៉ោង ក្រោយការបាញ់សាកល្បងនោះប៉ុណ្ណោះ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃកងទ័ពរបស់ប្រទេសទាំងពីរ (អាមេរិក និងកូរ៉េខាងត្បូង) បានប្រកាសប្រាប់ ក្រុមអ្នកសារព័ត៌មានថា៖ «ការបាញ់សាកល្បង របស់ប្រទេសកូរ៉េខាងជើង បានកើតឡើងត្រឹមតែរយៈពេលខ្លីមួយទេ ប៉ុន្តែគេចាំបាច់ត្រូវប្រើរយៈពេលយូរ ដើម្បីធ្វើការវិភាគ និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ»។
រីឯអ្នកនាំពាក្យ របស់ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានអះអាងបន្ថែមថា៖ «គ្រាប់កាំជ្រួចនោះ បានផ្ទុះឆេះ តាំងពីជំហានដំបូង បន្ទាប់ពីវាត្រូវបានបាញ់ចេញ»។
ជំហានថ្មី សម្រាប់កាំជ្រួច«អន្តរទ្វីប»...
កាំជ្រួច «Musudan» របស់របបកុម្មុយនីស បានបង្ហាញខ្លួនជាលើងដំបូង នៅក្នុងព្យុហយាត្រាយោធាមួយ របស់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១០។ វាមានសមត្ថភាពបង្ហោះខ្លួន បានចំងាយរវាងពី ២៥០០ ទៅ៤០០០គីឡូម៉ែត្រ។ ចំងាយនេះ ក្រៅពីហោះរំលងប្រទេសជប៉ុនហើយ វាពិតជាអាចហោះ ទៅដល់កោះ «Guam» ដែលជាមូលដ្ឋានយោធាអាមេរិក។ កាលពីខែមិថុនាកន្លងទៅ កាំជ្រួចប្រភេទ «Musudan» នេះ ក៏ត្រូវបានយកមកបាញ់សាកល្បងដែរ។ នៅពេលនោះ កាំជ្រួចនេះហោះបានចំងាយ តែ៤០០គីឡូម៉ែត្រ និងបានធ្លាក់ផ្ទុះ នៅក្នុងដែនសមុទ្រភាគខាងកើត របស់ប្រទេសជប៉ុន។
បើតាមអ្នកជំនាញ របស់កងទ័ពអាមេរិក បានឲ្យដឹងថា រាល់ការសាកល្បងបាញ់កាំជ្រួច ប្រភេទ «Musudan» ទាំងនេះ របស់ប្រទេសកូរ៉េខាងជើង នឹងជួយបង្កើនសមត្ថភាព ឲ្យប្រទេសនេះ ក្នុងការផលិតកាំជ្រួចអន្តរទ្វីប (ហៅកាត់ជាភាសាអង់គ្លេស ICBM) ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីបាញ់ឲ្យដល់ទឹកដីភាគខាងលិច របស់សហរដ្ឋអាមេរិក៕