អគ្គមគ្គទេសក៍កូរ៉េខាងជើង គីម ជុនអ៊ុន បាត់ខ្លួនទៅណា?
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 26, 2014
- ប្រធានបទ: កូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក គីម ជុនអ៊ុន ដែលមានអាយុពី៣០ ទៅ៣១ឆ្នាំនោះ មិនបានចេញតាមកញ្ចក់តាមទូរទស្សន៍រដ្ឋ តាំងពីថ្ងៃទី៣ ខែកញ្ញា នៅក្នុងការប្រគុំតន្ត្រីមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលជាធម្មតាលោក ត្រូវមានវត្តមានជាមួយភរិយារបស់លោក។
កាលពីខែកក្កដា លោកត្រូវបានគេឃើញថាបានរុំខ្លួនជុំជិត នៅពេលដែលលោកបានមកចូលរួម ក្នុងពិធីបុណ្យខួបមរណភាពលើកទី២០ របស់ជីតារបស់លោក ដែលជាអ្នកបង្កើតរបបកុម្មុយនីស នៅកូរ៉េខាងជើង។ គេបានសង្ស័យ ពីការហ៊ំខ្លួនជុំជិតនេះ ថាជារោគសញ្ញានៃជម្ងឺ«ហើម»។
នៅក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យមួយរូប របស់ក្រសួងបង្រួបបង្រួមទឹកដីកូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បងប្អូនគូរសត្រូវរបស់កូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ប្រទេសកូរ៉េខាងជើង មិនបានប្រកាសជាផ្លូវការអ្វីសោះ (...) អញ្ចឹងយើងមិនមានការបកស្រាយអ្វីទេ។ យើងកំពុងសម្លឹងមើលពីករណីជាច្រើន ក្នុងនោះពាក្យចចាមអារាម ដែលនិយាយពីស្ថានភាពសុខភាពរបស់លោក។»។
ការសង្ស័យនេះ កាន់តែរីកធំឡើង បន្ទាប់ពីអវត្តមានរបស់អគ្គមគ្គទេសក៍រូបនេះ នៅក្នុងការបើកសម័យកាលប្រជុំថ្មីមួយ នៅក្នុងសប្ដាហ៍នេះ នៅសភាប្រជាមានិតរបស់កូរ៉េខាងជើង។ ការបើកសម័យប្រជុំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេស ដោយសារតែវាបានធ្វើឡើងតែម្ដង ឬពីរដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដើម្បីពិនិត្យយល់ព្រម ទៅលើការសម្រេចចិត្ត របស់គណបក្សកុម្មុយនីសដឹកនាំប្រទេស ដែលមានតែមួយគត់។
ប្រភពព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ (Yonhap) បានលើកយកដំណើររាងឃ្លោង កាលពីខែកក្កដា មកបកស្រាយថា នេះអាចទំនងជាមកពីជម្ងឺហើម និងអាចបណ្ដាលមកពីជម្ងឺទឹកនោមផ្អែម ការធាត់ចុកខ្លាញ់ និងសម្ពាធឈាមឡើងខ្លាញ់។ ប្រភពព័ត៌មានមួយទៀត បានលើកឡើងថា គ្រូពេទ្យជាច្រើននាក់របស់ប្រទេសកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ឬប្រទេសស្វីស ដើម្បីសុំយោបល់ពីក្រុមគ្រូពេទ្យជំនាញៗនៅទីនោះ។
សម្រាប់អ្នកស្រាវជ្រាវមួយរូប លោក ហុង អ៊ុនអីក (Hong Hyun-Ik) នៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយការពារលោក គីម ថា៖ «ពាក្យចចាមអារាមទាំងនោះ ដូចជាជ្រុលបន្ដិចហើយ។ វាប្រហែលជាការលាក់ខ្លួនេះ បណ្ដាលមកពីការអស់កម្លាំង ហើយលោកត្រូវការសម្រាកបន្តិច»៕