កម្ពុជានឹងទទួលជនភៀសខ្លួនពីអូស្ត្រាលី ជាថ្នូរនឹង៣៥លានដុល្លារ (vdo)
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 26, 2014
- ប្រធានបទ: ជនភៀសខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំនួនទឹកប្រាក់សរុបទាំងអស់ ១៤០លានដុល្លារ (៣៥លានដុល្លារ ក្នុងមួយឆ្នាំ X៤) ដែលប្រទេសអូស្ត្រាលីសន្យា នឹងផ្ដល់មកប្រទេសកម្ពុជា បន្ទាប់ពីប្រទេសដ៏ក្រីក្រជាងគេក្នុងពិភពលោកមួយនេះ យល់ព្រមទទួលជនអន្តោប្រវេសន៍រាប់រយនាក់ ដែលភៀសខ្លួនពីប្រទេសផ្សេងៗ នៅក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសអូស្ត្រាលី។ នេះបើតាមការថ្លែង របស់មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីមួយរូប ទៅកាន់ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសនេះ។
កិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នៅក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានបង្កឲ្យមានការក្ដៅក្រេវក្រោធ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន និងមួយចំនួនទៀត មកពីសហគមន៍ជនរងគ្រោះដោយសារបញ្ហាដីធ្លី និងការបណ្ដេញចេញ។ ក្រុមអ្នកតវ៉ា បានបរិហារពីអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការ គ្រប់គ្រងជនអន្តោប្រវេសន៍យួនខុសច្បាប់ ដោះស្រាយនយោបាយដីធ្លី បង្កឲ្យមានការបណ្ដេញចេញពីលំនៅដ្ឋាន ហើយប្រជាពលរដ្ឋក្រីក្រជាច្រើន កំពុងប្រឈមនឹងបញ្ហាគ្មានទីលំនៅ តែរដ្ឋាភិបាលបែរជាយល់ព្រមទៅទទួលជនអន្តោរប្រវេសន៍ ឲ្យមកស្នាក់នៅក្នុងប្រទេសកម្ពុជាទៅវិញ។
សូមតាមដានប្រតិកម្មរបស់ពលរដ្ឋកម្ពុជាទាំងនេះ នៅចំពោះកាម៉េរ៉ាថត របស់ស្ថានីយទូរទស្សន៍របស់អ៊ឺរ៉ុប៖
កិច្ចព្រមព្រៀងដែលប្រទេសអូស្ត្រាលី បានធ្វើជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ បានជួយបំពេញមុខដ៏រីកថ្លាឲ្យរដ្ឋាភិបាលអូស្ត្រាលី ក្នុងការអនុវត្តន៍នយោបាយ «គ្មានជនអន្តោប្រវេសន៍សូម្បីមួយនាក់»។ ជនអន្តោប្រវេសទាំងនោះ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី បង់ក្លាដេស និងប៉ាគីស្ថាន ត្រូវបានប្រមូលដាក់ក្នុងកោះមួយ ដាច់ស្រយ៉ាល និងនៅកណ្ដាលមហាសាគរបាស៊ីភិក តាំងពីច្រើនខែមកហើយ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៊ុត (Tony Abott) ធ្លាប់បានសន្យាកាលពីឆ្នាំទៅម៉ិញ ថានឹង«បញ្ឈប់ជាស្ថាពរ នូវជនអន្តោរប្រវេសន៍តាមទូកទាំងនោះ»៕