អង្គការអន្តរជាតិ៖ អូស្ត្រាលី កំពុងរំលោភសិទ្ធិមនុស្សជាមួយ កម្ពុជា ក្នុងរឿងជនភៀសខ្លួន
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 26, 2014
- ប្រធានបទ: ជនភៀសខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា (MOU) ជាទ្វេភាគីមួយ រវាងកម្ពុជា និងអូស្រ្តាលី ត្រូវបានចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលីនោះមក អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បានសម្ដែងប្រតិកម្មខ្លាំងៗ ដោយបានហៅកិច្ចព្រមព្រៀងនេះថា បានបម្រើឲ្យផលប្រយោជន៍«នយោបាយ»រយៈពេលខ្លីមួយរបស់ខ្លួន ជៀសជាងកិច្ចការពារជនភៀសខ្លួន ដែលជាមនុស្សងាយរងគ្រោះជាងគេ ក្នុងពិភពលោក។
លោក រ៉ូប៊ែរ អាប៊ុត (Rupert Abbott) នាយករងរបស់អង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក បានបន្តបរិហាទៀតថា៖ «ប្រទេសអូស្ត្រាលី បានធ្វើឲ្យប្រទេសកម្ពុជា ឃុបឃិតជាមួយខ្លួន នៅក្នុងការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងដោយប្រទេសអូស្ត្រាលី និងប្រព័ន្ធរបស់ខ្លួន ដែលមានសភាពខ្វះចន្លោះខ្លាំង នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍ ស្ថិតនៅក្រៅទឹកដីរបស់ខ្លួន»។
កង្វះតម្លាភាព នៃល័ក្ខខ័ណ្ឌ នៅក្នុងកិច្ចព្រមព្រៀងខាងលើ បានក្លាយជាក្ដីកង្វល់មួយយ៉ាងខ្លាំងក្លា សម្រាប់ប្រទេសទាំងសងខាង។ ក្រុមអ្នកធ្វើការស្និតនឹងជនភៀសខ្លួន មិនអាចចូលទៅជជែកពិភាក្សា ហើយក៏មិនអាចដឹងជាផ្លូវការ នូវល័ក្ខខ័ណ្ឌសិទ្ធិមនុស្សចាំបាច់ ដែលតម្រូវឲ្យមាន ដើម្បីគ្រប់គ្រងជនភៀសខ្លួនឡើយ។ ក្រុមនេះ បូករួមទាំងអង្គការលើកលែងទោសអន្តរជាតិផង បានបន្ទោសពីសមត្ថភាព ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ របស់ប្រទេសកម្ពុជា ដែលនៅល្បីថាជាប្រទេសរំលោភសិទ្ធិមនុស្សខ្លាំងក្លា នៅឡើយ។
នៅចុងឆ្នាំ២០១៣ និងនៅដើមឆ្នាំ២០១៤ មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់និងធ្វើឲ្យរបួស និងមួយចំនួនទៀតបានបាត់ខ្លួននៅឡើយ ដោយការបង្ក្រាបយ៉ាងសាហាវឃោឃៅ ពីសំណាក់កងកម្លាំងអាជ្ញាធរ បញ្ជាដោយរដ្ឋាភិបាលក្រុងភ្នំពេញ នៅក្នុងរលកបាតុកម្មទាមទារសិទ្ធិ របស់ក្រុមអ្នកតវ៉ារាប់ពាន់នាក់។ ប្រទេសកម្ពុជានេះដដែល កំពុងល្បីឈ្មោះ ថាជាប្រទេសដែលសម្បូរដោយបញ្ហាចម្រូងចម្រាស់ ដោះស្រាយមិនចេញ ជុំវិញការណីបណ្ដេញពលរដ្ឋរាប់សិបពាន់នាក់ ឲ្យចេញពីលំនៅដ្ឋាន ឬដីធ្លីរបស់ខ្លួន ហើយពលរដ្ឋក្រីក្រជាច្រើនទៀត នៅមិនទាន់មានផ្ទះសម្បែងសមរម្យនៅឡើយ។
លោក រ៉ូប៊ែរ អាប៊ុត បានថ្លែងបន្តទៀតថា៖ «កាលពីក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នាខែមករាកន្លងមក រដ្ឋាភិបាលអូស្ត្រាលី បានថ្កោលទោសពីតុល្យភាពដ៏ធ្ងន់ធ្ងរ របស់ប្រទេសកម្ពុជា នៅក្នុងវិស័យសិទ្ធិមនុស្ស។ តែផ្ទុយទៅវិញ នៅថ្ងៃនេះ ប្រទេសធំមួយនេះ កំពុងត្រៀមបញ្ជូនទៅកាន់ទីនោះ (កម្ពុជា) នូវពពួកជនភៀសខ្លួន ដែលងាយរងគ្រោះទៅវិញ។»៕