រ៉ុស្ស៊ី តែងតាំងតារាភាពយន្ដអាមេរិក ឲ្យធ្វើជាបេសកជនមនុស្សធម៌
លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា«បេសកជន»របស់ក្រសួងការបរទេសរ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។
ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ [...]