រ៉ុស្ស៊ី តែងតាំងតារាភាពយន្ដអាមេរិក ឲ្យធ្វើជាបេសកជនមនុស្សធម៌
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ សីហា ២០១៨
- កែប្រែចុងក្រោយ: August 07, 2018
- ប្រធានបទ: តារាល្បី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា«បេសកជន»របស់ក្រសួងការបរទេសរ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។
ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង រាប់ចាប់តាំងពីសង្គ្រាមត្រជាក់ បានផុតរលត់នោះមក។ ការធ្លាក់ចុះ ដែលកើតមានយ៉ាងគំហុក ជាពិសេសនៅក្នុងសំនុំរឿងធំៗចុងក្រោយ ដូចជាសង្គ្រាមនៅស៊ីរី បញ្ហាទឹកដីនៅក្នុងប្រទេសអ៊ុយក្រែន និងការចោទប្រកាន់ ពីការជ្រៀតជ្រែក ពីសំណាក់វិមានក្រឹមឡាំង ចូលក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ជាដើម។
ប៉ុន្តែរាល់បញ្ហាទាំងអស់ខាងលើ តែងត្រូវបានប្រទេសរ៉ុស្ស៊ីបដិសេធ និងច្រានចោល។
លោក ស្ដេវេន ស៊ីហ្គាល ជាតារាភាពយន្ដដែលមានឈ្មោះល្បី នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ ដោយលោកឧស្សាហ៍សំដែង នៅក្នុងតួអង្គវ៉ៃតប់ ធាក់ទាត់ ដោយប្រើក្បាច់គុន «Aïkido» ដ៏ចំណាន។ តារាភាពយន្ដវ័យ៦៦ឆ្នាំរូបនេះ ត្រូវបានប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ផ្ដល់សញ្ជាតិរ៉ុស្ស៊ីជូន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ៕