តួឯកបានលាចាកលោក នៅមុនភាពយន្ដ «Les Pépites» ចេញបញ្ចាំង
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 26, 2016
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តួឯកម្នាក់បានស្លាប់ បន្ទាប់ពីបានថតភាពយន្ដមួយ ស្ដីពីវីរភាពរបស់ខ្លួន បានចប់សព្វគ្រប់។ វាមិនមែនជាគម្រោង របស់អង្គការដើម្បីភាពញញឹមនៃកុមារ (ហៅកាត់តាមភាសាបារាំង PSE) ហើយក៏កាន់តែមិនមែនជាការគិតទុកមុន របស់កុមារទុរគតខ្មែររាប់ពាន់ម៉ឺននាក់ ដែលត្រូវបានតួឯករូបនេះ លះបង់ស្វះស្វែង និងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះ ពួកគេនោះឡើយ។
តែភាពយន្ដឯកសាររឿង «Les pépites» ជាគម្រោងរបស់លោក ហ្សាវីយ៉េ ឌឺឡូហ្សាន (Xavier de Lauzane) សមិទ្ធិករភាពយន្ដបារាំង ដែលចង់លើកយកមកបង្ហាញ នៅលើផ្ទាំងសំពត់ស ពីសកម្មភាពមនុស្សធម៌ដ៏កម្រ ដែលសឹងមិនគួរឲ្យជឿបាន របស់តួឯកពីរនាក់ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ (Christian des Pallières) និងភរិយា អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières) ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារនោះតែម្ដង។
ភាពយន្ដនោះ បានរៀបរាប់តាំងពីដើមដំបូង នៃដំណើរផ្សងព្រេង របស់ប្ដីប្រពន្ធជាតិបារាំងពីរនាក់ ជាពិសេសគឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ ដែលធ្លាប់ធ្វើការ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី ឈ្មោះ «IBM» តែបានចុះទៅកាន់ប្រទេសកម្ពុជា ក្នុងដំណើរបេសកកម្មមនុស្សធម៌មួយ បន្ទាប់ពីលោកបានចូលនិវត្តន៍ តាំងពីជាង២០ឆ្នាំមុន។
នៅពេលដំបូងឡើយ លោក គ្រីស្យង់ និងភរិយា គ្រាន់តែមានគោលគំនិតនៅក្នុងខ្លួន ដូចមនុស្សជាច្រើនក្នុងលោក ដែលតែងគិតថា នៅពេលខ្លួនចាស់ចូលនិវត្តន៍ទៅ ចង់«ដើរកំសាន្ដ ទៅឲ្យបានឆ្ងាយ... លះបង់ចោលគ្រប់យ៉ាង ហើយចង់ធ្វើអ្វីមួយដើម្បីរកន័យ ឲ្យជីវិតចុងក្រោយរបស់ខ្លួន»។ សម្រាប់ស្វាមីភរិយាទាំងពីរនាក់ វាជាក្ដីសុបិន្ដមួយ ហើយពួកគាត់ចង់ឲ្យក្ដីសុបិន្តនោះ ក្លាយជាការពិត។
ប៉ុន្តែ បន្ទាប់ពីបានចុះទៅដល់កម្ពុជា អ្នកទាំងពីរបានឃើញដោយផ្ទាល់ភ្នែក ប្រកបដោយភាពតក់ស្លុត នូវទិដ្ឋភាពដ៏ខ្លោចផ្សារ នៃកុមារខ្មែររាប់សិបនាក់ ដែលកំពុងនៅពីលើវាលចាក់សម្រាមដ៏ធំមួយ ភាគនារតីនៃរាជធានីភ្នំពេញ។ កុមារទាំងនោះ មិនបានទៅសាលាទេ។ ផ្ទុយទៅវិញ ពួកគេកំពុងធ្វើការងាររបស់ពួកគេ ក្នុងការកាយរកកាកសំណល់ ដើម្បីចិញ្ចឹមជីវិត មិនថាយប់ឬថ្ងៃ។
ពីពេលនោះហើយ ដែលគម្រោងរំដោះកុមារ ចេញពីទុរគតភាព បានចាប់ផ្ដើមឡើង។ ប្ដីប្រពន្ធ ដេប៉ាលីយ៉ែរ បានធ្វើរោងស្បូវតូចមួយ នៅក្បែរវាលចាក់សម្រាម ដើម្បីចែកអាហារទៅឲ្យកុមារ មុននឹងធ្វើគម្រោងបង្កើតសាលារៀន ដើម្បីផ្ដល់ការអប់រំ ទៅឲ្យពួកគេ។ ចេញពីគម្រោងនេះ ទើបសមាគម «ដើម្បីភាពញញឹមនៃកុមារ» ដែលភាសាបារាំងមានន័យថា «Pour un Sourire d'Enfant» (នៅកម្ពុជា ស្ថាប័ននេះជាអង្គការ តែនៅបារាំង គឺជាសមាគម) ត្រូវបានបង្កើតឡើងឃើញពន្លឺថ្ងៃ។
អ្នកដែលបានទស្សនាភាពយន្ដឯកសារនេះ ក្នុងជំហានដំបូង (ជំហានមុនការចេញបញ្ចាំងជាផ្លូវការ) សុទ្ធតែបានលាន់មាត់ ទ្រាំមិនហើបគូថពីកៅអីមិនបាន ដើម្បីកោតសរសើ ពីវីរភាព និងជាពិសេសពីសមានចិត្ត របស់ស្វាមីភរិយាទាំងពីរនាក់។ តែការកោតសរសើនោះ ក៏បានកើតឡើងព្រមគ្នា ជាមួយនឹងការរំជួលចិត្តនោះដែរ។ គឺជាការរំជួលចិត្ត ដែលធ្វើឲ្យអ្នកទស្សនាខ្លះ បានបង្ហូទឹកភ្នែក។
ថ្ងៃនេះ ខុសពីថ្ងៃម្សិលម៉ិញ...
តែនៅពេលនេះ ទស្សនិកជននៅជុំវិញផែនដី ជាពិសេសកុមារៗខ្មែរ ទាំងរាប់ពាន់ម៉ឺននាក់ កំពុងតែយំ... និងបន្តយំរហូតទៅ... បើទោះជាពួកគេ មិនទាន់បានទស្សនា ភាពយន្ដឯកសារនេះក៏ដោយ។ «យំ» ព្រោះលែងមានមនុស្ស ដែលពួកគេហៅ «ប៉ាពី (Papy - ពាក្យបារាំងសម្រាប់ហៅ លោកតា)» ដូច«ប៉ាពី»របស់ពួកគេនេះទៀត។ «យំ» ព្រោះតួឯកនៅក្នុងភាពយន្ដឯកសារ និងជាស្ថាបនិកម្នាក់ នៃគម្រោងសង្គ្រោះកុមារដ៏អស្ចារ្យ ត្រូវបានមច្ចុរាជឆក់យកជីវិត ទៅជារៀងរហូត កាលពីល្ងាចថ្ងៃសៅរ៍ទី២៤ ខែកញ្ញាកន្លងមកនេះ ក្រោមមូលហេតុរោគាពាធ ក្នុងអាយុ៨១ឆ្នាំ (នៅកម្ពុជា គេចាត់ទុកលោក មានអាយុ៨២ឆ្នាំ)៕
----------------------
» ស្ប៉តពាណិជ្ជកម្ម របស់ភាពយន្ដឯកសាររឿង «Les pépites» ដែលគ្រោងចេញបញ្ចាំង នៅថ្ងៃ៥ ខែតុលា ខាងមុខ៖