ដួងសុវណ្ណរដ្ឋ សែរាជវង្ស ស៊ីសុវត្ថិ ប្រាថ្នា«ស្លាប់ក្នុងខ្ទមកម្សត់»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 25, 2017
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះអង្គម្ចាស់ ដួងសុវណ្ណរដ្ឋ ដែលពលរដ្ឋក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្គាល់លោកជា«តាប៉ក់» និងឈ្មោះក្នុង «បូណា» ទើបនឹងបានបង្ក ឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅប្រមាណជា៤ខែមុននេះ ទៅដល់បណ្ដាប្រជានុរាស្ត្រ និងរាជរង្សខ្មែរ ជុំវិញជីវិតលាក់ព្រះកាយរបស់ទ្រង់ រាប់ចាប់តាំងពីឆ្នាំ១៩៧៦មក។ តែនៅវេលានេះ ព្រះអង្គបានទទួលមរណភាពទៅហើយ កាលពីរសៀលម៉ោង ២ និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងវីដេអូជាច្រើន ដែលទើបនឹងត្រូវបានយកមកបង្ហោះ នៅប៉ុន្មានម៉ោងមុននេះ គេឃើញមឈូស ដែលមានដាក់សពរបស់ព្រះអង្គម្ចាស់ ត្រូវបានរៀបចំលំអពីលើ ដោយផ្កាពណ៌ចម្រុះ នៅក្នុងគេហដ្ឋានឈើរបស់ទ្រង់ តាមបែបជារាស្ត្រសាមញ្ញ នៅតាមតំបន់ស្រុកស្រែចំការ។ វីដេអូទាំងនេះ បានបន្ថែមពីលើរូបភាពមួយចំនួនទៀត កាលពីថ្ងៃម្សិលម៉ិញ ដែលបង្ហាញឲ្យឃើញថា សពទ្រង់បានដាក់តំកល់ជាដំបូង នៅលើគ្រែដ៏កញ្ចាស់ ជាមួយនឹងការរៀបចំការធ្វើបុណ្យសព ដោយមានការចូលរួមពីអ្នកភូមិ។
ស្ថានភាពនេះ ធ្វើឲ្យគេនឹកឃើញ ពីពាក្យសំដីរបស់ព្រះអង្គម្ចាស់ កាលពីពេលនៅមានជីវិត ដែលបញ្ជាក់ហើយបញ្ជាក់ទៀតថា ទ្រង់មិនមានបំណង ត្រឡប់ទៅរស់នៅ ក្នុងនាមជាសាច់សាលោហិត នៃព្រះញាតិវង្សនោះវិញឡើយ តែព្រះអង្គសុខចិត្តរស់នៅ សម្រាប់ជីវិតដែលនៅសេសសល់ និងស្លាប់ នៅក្នុងខ្ទមកម្សត់របស់ទ្រង់។ បន្ទូលរបស់ទ្រង់ខាងលើនេះ បានធ្វើឡើងយ៉ាងច្បាស់លាស់ នៅបន្ទាប់ពីក្រុមព្រះញាតិវង្ស ក្នុងនោះមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង បានអះអាងថា លោកតាប៉ក់ ឈ្មោះ បូណា រូបនេះ គឺពិតជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងសុវណ្ណរដ្ឋ ដែលធ្លាប់ជាជំនិត របស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ។ ព្រះអង្គម្ចាស់ ធម្មិកោ ថែមទាំងធ្លាប់ស្នើរ ឲ្យមានអន្តរាគមន៍ ពីព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ក្នុងថានៈព្រះអង្គជាប្រធានឧត្តមទីប្រឹក្សា នៃព្រះមហាក្សត្រ ដើម្បីផ្គត់ផ្គង់ព្រះអង្គម្ចាស់លាក់កាយ អង្គនេះទៀតផង។
ព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ បានលើកឡើង នៅក្នុងកិច្ចសម្ភាសមួយ ជាមួយអ្នកសារព័ត៌មាន កាលពីខែកញ្ញាកន្លងមកថា បើព្រះអង្គមានបំណង ចង់វិលត្រឡប់ទៅរកជីវិត ជាសែរាជវង្សនោះ ម្លេះព្រះអង្គធ្វើបានសម្រេច តាំងពីយូរហើយ និងមិនសុខចិត្តទ្រាំរស់នៅ ក្នុងជីវភាពអញ្ចឹងទេ។ ប៉ុន្តែស្ថានភាពរបៀបនេះ មិនបានធ្វើឲ្យព្រះអង្គម្ចាស់ ស្ដាយស្រណោះខ្លួនអ្វីឡើយ។ ព្រះអង្គបានមានបន្ទូលថា៖ «អត់(ស្ដាយស្រណោះ)អីទេ។ គិតទៅថា ខ្ញុំក៏ស្លាប់ អ្នកណាក៏ស្លាប់ មើលស្ដេចសោយរាជ្យហ្នឹង ងាប់មុនខ្ញុំទៅទៀត មិនមែនងាប់ក្រោយខ្ញុំទេ (សើច) កើតមកកើតមុនខ្ញុំ ក៏ប៉ុន្តែងាប់ទៅវិញ ក៏ងាប់មុនខ្ញុំដែរ។»។
ព្រះអង្គម្ចាស់ បានអះអាងថា ព្រះអង្គពេញចិត្តនឹងជីវិត នៅក្នុងខ្ទមកម្សត់ របៀបជារាស្ត្រសាមញ្ញបែបនេះ។ ព្រះអង្គបន្តថា៖ «បាទ ពេញចិត្តណាស់ ៗ។ ចង់ដើរទៅដួលអញ្ចឹងទៅ គេមកលើកទៅក៏បាន គេគ្រាហ៍ដើរទៅក៏បាន គេមិនគ្រាហ៍ក៏បាន សុខចិត្តដើរទៅណា ដើរតែខ្លួនឯង ចង់ទៅណាទៅៗ។»។
ប៉ុន្តែបំណងប្រាថ្នា ក្នុងការរស់នៅ តាមបែបជីវភាព ជារាស្ត្រសាមញ្ញរបស់ទ្រង់ មិនបានអង្រួនចិត្តមច្ចុរាជ កុំឆក់យកជីវិតរបស់ព្រះអង្គម្ចាស់ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះឡើយ ជាពិសេសនៅពេលដែលទ្រង់ រងអាពាធធ្ងន់ធ្ងរ ដែលគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា មិនអាចព្យាបាលបាន។ ប្រភពពីអ្នកស្និត នឹងព្រះអង្គម្ចាស់ បានឲ្យដឹង នៅតាមបណ្ដាញសង្គមថា ព្រះអង្គម្ចាស់មានអាការៈ «ធ្លាយក្រពះ»។ ដោយសារព្រះអង្គ មានព្រះជន្មចំណាស់ខ្លាំងណាស់ហើយ (ប្រភពអះអាងថា ព្រះអង្គមានព្រះជន្ម៩៦ឆ្នាំ ខណៈឯកសារមួយចំនួន អះអាងថា ព្រះអង្គមានព្រះជន្ម ៩៤ឆ្នាំ) ទើបក្រុមគ្រូពេទ្យមិនអាចធ្វើការវះកាត់បាន និងបានសម្រេចបញ្ជូនទ្រង់ត្រឡប់ ទៅកាន់ខ្ទមកម្សត់ ក្នុងភូមិព្រែកតាមាក់វិញ រហូតដល់ព្រះអង្គបានផុតដង្ហើម។
» រូបថតព្រះអង្គម្ចាស់ នៅមុនផុតដង្ហើម៖
គណនេយ្យហ្វេសប៊ុកមួយ ដាក់ឈ្មោះ «Somalyna Khmer» បានសរសេរវិយោគកថា នៅក្រោយការផុតដង្ហើមរបស់ទ្រង់ថា៖ «លោកតាមិនអាចចាំកូន និងចៅបានទេ ចៅរកទិញសំបុត្រយន្តហោះបានហេីយ ប៉ុន្មានថ្ងៃទៀតសោះ លោកតាមិនអាចចាំបាន!! លោកតាសុខចិត្តលះបង់សព្វបែបយ៉ាង សុខចិត្តរស់ជារាស្រ្តសាមញ្ញ កម្សត់ម្នាក់ឯង លោកតាព្រាត់ប្រាស់កូនៗទាំងអស់ លោកតារស់ក្នុងក្តីសង្ឃឹម ថាថ្ងៃណាមួយ នឹងបានជួបកូនស្រី ដែលនៅសល់តែមួយគត់ របស់លោកតា អស់រយៈពេលជាង ៣០ ឆ្នាំ។ លោកតាបានជួបកូនស្រីតែមួយ ដែលជាទីស្រទ្បាញ់របស់លោកតា មិនយូរប៉ុន្មានផង លោកតាត្រូវលាចាកលោក ដោយមិនអាចរង់ចាំកូន និងចៅបាន។ លោកតាអេីយ សូមលោកតាអហោសិកម្មឲ្យចៅផង ចៅទៅមិនទាន់ដង្ហេីមលោកតាទេ ចៅមិនអាចធ្វេីតាមសំណូមពរទីពីរ របស់លោកតាបាន សូមវិញ្ញាណក្ខន្ធលោកតា ទៅកាន់ដល់សុគតិភព ជាតិណាៗកុំឲ្យមានវាសនា ដូចជាតិនេះ។ សូមឲ្យជួប កុំឲ្យព្រាត់។»៕