ហ៊ុន សែន ហាមបញ្ចេញមតិរំខាន លើទំព័រហ្វេសប៊ុកលោក
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៦ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 27, 2017
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាការរំខាន... ពួកគេទាំងនោះ ត្រូវបានលោក ហ៊ុន សែន សរសេរព្រមានថា នឹង«ពុំមានលទ្ធភាព» ចូលទៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពីចុងសប្ដាហ៍កន្លងមកនេះ ដោយបានពន្យល់បន្ថែម ប្រៀបធៀបការហាមប្រាមនេះ ទៅនឹងទំព័រហ្វេសប៊ុក របស់មេដឹកនាំនយោបាយផ្សេងទៀត ដែលលោក ហ៊ុន សែន អះអាងថា «មិនដែលឃើញឆ្លើយតប ជាមួយអ្នកណា ជាពិសេសអ្នកគាំទ្ររបស់ខ្លួន»។
នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រហ្វេសប៊ុកផ្លូវការ របស់លោកដូច្នេះថា៖ «អ្នកចូលមករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាពចូលមកទៀតទេ។ ខ្ញុំមានមនុស្សច្រើនលាននាក់ ឆ្លងឆ្លើយជាមួយខ្ញុំគ្រប់គ្រាន់ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញមតិអ្វី ជាមួយខ្ញុំទេ។»។
លោក ហ៊ុន សែន ដែលរងការរិះគន់ ថាបានគ្រប់គ្រងប្រទេសកម្ពុជា ទៅតាមអារម្មណ៍ផ្ទាល់ខ្លួននោះ បានឆ្លៀតឱកាសនេះ ដើម្បីដាក់ជាសារនយោបាយខ្លីមួយ ទៅកាន់មេដឹកនាំនយោបាយផ្សេងទៀត ដែលលោកហៅថា ជា«មេដឹកនាំដែលតាំងខ្លួនឯង ថាប្រជាធិបតេយ្យ និងជិតស្និតជាមួយរាស្ត្រ» ដែលទំព័រហ្វេសប៊ុក របស់មេដឹកនាំទាំងនោះ ទំនងជាត្រូវបានលោក ហ៊ុន សែន តាមដានជារៀងរាល់ពេល។ លោកបានសរសេរថា៖ «Page មេដឹកនាំអស់លោក បិទជិតហើយ ក៏មិនដែលឃើញឆ្លើយតប ជាមួយអ្នកណាដែរ ពិសេសអ្នកគាំទ្ររបស់ខ្លួន។»។
បុរសខ្លាំងកម្ពុជា បានចោទសួរឡើងថា៖ «តើនេះឬជា Facebook page នៃមេដឹកនាំដែលតាំងខ្លួនឯង ថា(ជាអ្នក)ប្រជាធិបតេយ្យ និងជិតស្និតជាមួយរាស្ត្រ?»។
សឹងជារៀងរាល់ការថ្លែងជាសាធារណៈ លោក ហ៊ុន សែន តែងបានប្រកាស ប្រកបដោយមោទនភាពថា លោកយកទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើការទទួលសំណើរ ឬទទួលប្រតិកម្មពីប្រជាពលរដ្ឋ ដែលមានបំណង ចង់លើកឡើងដោយផ្ទាល់ ទៅកាន់រូបលោក ឬអ្វីមួយ ដែលលោកហៅថា ជាការដឹកនាំ តាមបែបរដ្ឋាភិបាលអេឡិចត្រូនិក (E-Government)។ ប៉ុន្តែបើយោងតាមការលើកឡើង របស់លោកខាងលើនេះ សំណើរឬប្រតិកម្មពីពលរដ្ឋ ទំនងជាត្រូវលោកទទួលយក តែសំណើរឬប្រតិកម្មណា ដែលស្របនឹងនយោបាយរបស់លោកប៉ុណ្ណោះ។
វិស្វករផ្នែកបច្ចេកវិទ្យា ពីទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា លោក សុធា មេត្តា បានពន្យល់ពីករណីនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន ពិតជាមានសិទ្ធិ ក្នុងការប្លុក (Bloc) អ្នកណាម្នាក់ ឬច្រើននាក់ ចេញពីទំព័ររបស់លោក ប្រសិនបើអ្នកទាំងនោះ លើកឡើងពីអ្វី ដែលធ្វើឲ្យលោកមិនសប្បាយចិត្ត។ តែក្នុងនាមលោក ជាបុគ្គលសាធារណៈ និងជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសមួយទាំងមូល (មិនមែនដឹកនាំ តែមួយចំហៀង ឬតែក្រុមអ្នកស្របលោកទេ) ការហាមឃាត់ក្រុមមួយ ឬពលរដ្ឋណាម្នាក់ មិនឲ្យបញ្ចេញ«មតិយោបល់» ផ្ទុយពីលោកនោះ វាបែរជាបង្ហាញឲ្យឃើញ ពីរូបភាពចង្អៀតចង្អល់ ដ៏អាក្រក់របស់លោក ហ៊ុន សែន ខ្លួនលោកទៅវិញទេ។ លោក សុធា បានបញ្ជាក់ទៀតថា ជាពិសេស វានឹងធ្វើឲ្យការលើកឡើង ដែលចោទថាលោក ហ៊ុន សែន ថាជាមេដឹកនាំផ្ដាច់ការនោះ គឺជាការពិត៕