ហ៊ុន សែន ឲ្យជ្រើសរើសទាហានបន្ថែមជិត៤ពាន់នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ សីហា ២០១៧
- កែប្រែចុងក្រោយ: September 01, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុក្រឹត្យ ចុះហេត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលបានធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ បានសម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសទាហានចំនួន ៣៨៥០នាក់បន្ថែមទៀត។ ជាការជ្រើសរើសទាហានបន្ថែម ធ្វើឡើង ខណៈស្ថិតិរបស់គេហទំព័រ «Global Fire Power 2017» បានបង្ហាញថា ប្រទេសកម្ពុជាមានចំនួនទាហាន ដ៏ច្រើនលើសលប់ ជាពិសេសទាហានបម្រុង មានចំនួនដល់ទៅ ៧០ ០០០នាក់។
នៅក្នុងអនុក្រឹត្យនោះ លោក ហ៊ុន សែន ដែលមានឋានៈ ជាអគ្គមេបញ្ជាការកងទ័ពផង មិនបានបញ្ជាក់ថា តើការជ្រើសរើសទ័ពថ្មីៗ ទាំងជិត៤០០០នាក់នោះ ធ្វើឡើងដើម្បីមូលហេតុអ្វីទេ។ ប៉ុន្តែកងទ័ព ដែលនឹងត្រូវជ្រើសរើសទាំងនោះ មួយចំនួនធំនឹងត្រូវបម្រើ នៅក្នុងកងពលថ្មី ដែលទើបនឹងត្រូវបានបង្កើតឡើង នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហាកន្លងមកនេះ។
ខាងក្រោមនេះ ជាសេចក្ដីលំអិត នៃពលទាហាន ដែលនឹងត្រូវជ្រើសរើស ហើយត្រូវទៅបំពេញក្របខណ្ឌ នៅកងឯកភាពមួយចំនួន ដូចតទៅ៖
១៖ ទីបញ្ជាការយោធភូមិភាគទី១ ចំនួន២៥០នាក់
២៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២៩០០នាក់
៣៖ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំនួន២៥០នាក់
៤៖ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០០នាក់
៥៖ កងអនុសេនាធំស្រុកសៀមប៉ាង ចំនួន ២៥០នាក់។
គេហទំព័រ «Global Fire Power 2017» ដែលជំនាញខាងការស្រាវជ្រាវ ធ្វើស្ថិតិពីកងទ័ព នៅក្នុងប្រទេសនានា នៅលើពិភពលោក បានអះអាងថា ប្រទេសកម្ពុជា ដែលមានប្រជាជន ជាង១៥លាននាក់ មានពលទាហានប្រមាណជា ១៩៥ ០០០នាក់ ក្នុងនោះ ទាហានសកម្មមាន ១២៥ ០០០នាក់ និងទាហានបម្រុងមាន ៧០ ០០០នាក់។ ថវិកាជាតិសម្រាប់ចំណាយ ទៅលើវិស័យយោធា នៅក្នុងប្រទេស ដែលនៅជាប់ឈ្មោះជាប្រទេសក្រីក្រមួយនេះ ត្រូវបានគេហទំព័រដដែល ប៉ាន់ប្រមាណ ថាមានចំនួនដល់ទៅ ១៩២ លានដុល្លារ៕