យុវជនមួយក្រុមទាមទារឲ្យ កឹម សុខា ចុះពីតំណែងអនុប្រធានទី១រដ្ឋសភា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 26, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមយុវជន ដែលដឹកនាំដោយ «សម្ព័ន្ធសេនានាគ» ប្រចាំខណ្ឌដូចពេញ ខណ្ដទួលគោក ខណ្ឌ៧មករា និងខណ្ឌមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ រួមទាំងមកពីបណ្តាខេត្តនានាផង បានមកជួបជុំគ្នា នៅមុខរដ្ឋសភានាព្រឹកថ្ងៃទី២៦ ខែតុលានេះ ដើម្បីធ្វើការទាមទារ ទម្លាក់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ចេញពីតំណែង អនុប្រធានទីមួយនៃរដ្ឋសភា។
ការទាមទាររបស់ក្រុមយុវជន ត្រូវបានតំណាងរាស្រ្តប្រាំពីររូប មកពីគណបក្សប្រជាជនកម្ពុជា ចេញមកធ្វើការគាំទ្រ និងស្វាគមន៍។ នេះជាករណីដ៏កម្រមួយ ដែលតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានចេញ«មុខមកគាំទ្រ» ដល់ក្រុមបាតុករ។ ក្នុងចំណោមតំណាងរាស្រ្តទាំងនោះ ក៏មានតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ស្ពឺមួយរូប គឺលោក ហ៊ុន ម៉ានិត ដែលត្រូវជាកូនប្រុស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះដែរ។
គេសង្កេតឃើញថា បាតុកម្មរបស់ក្រុមយុវជន ដែលដឹកនាំដោយក្រុម «សម្ព័ន្ធសេនានាគ» មិនមានការឃាត់ឃាំង ពីក្រុមសមត្ថកិច្ចចម្រុះរបស់កម្ពុជា ផ្ទុយគ្នាស្រឡះ ពីបាតុកម្មនានា របស់ប្រជាពលរដ្ឋ ក្នុងរឿងសិទ្ធិដីធ្លី និងលំនៅដ្ឋាន ក៏ដូចជាការទាមទារ របស់ក្រុមយុវជនក្នុងរឿងបរិស្ថាន ដែលទីបំផុតទៅ ពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរចាច់ឃុំខ្លួននៅពន្ធនាគារ ជាបន្តបន្ទាប់នោះឡើយ។
ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស ធ្លាប់បានលើកឡើងថា ក្រុមយុវជនដែលដឹកនាំដោយក្រុម សម្ព័ន្ធសេនានាគ ទាំងនោះ មាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយនៅពេល ដែលពួកគេជួបជុំគ្នា ធ្វើអ្វីមួយ (ដូចជាការប្រជុំគ្នាស្បថ នៅព្រះអង្គដងកើរ) មិនដែលមានការរារាំង ពីក្រុមអាជ្ញាធរខណ្ឌ និងរាជធានីឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរ ថែមទាំងជួយសម្រួលការងារ និងការពារពួកគេ យ៉ាងពេញទំហឹងថែមទៀតផង។
» សូមអានព័ត៌មានបន្ថែម ដោយចុចនៅលើទីនេះ។
ប្រភពព័ត៌មានច្បាស់ការណ៍ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ពីក្រុមមន្ត្រីសមត្ថកិច្ច ដែលមានវត្តមាន នៅក្បែរក្រុមយុវជន «សំព័ន្ធសេនានាគ» បានបង្ហើបថា ពួកលោកទទួលបញ្ជា ឲ្យមកការពារ និងជួយសម្រួលឲ្យក្រុមទាំងនោះ ធ្វើកិច្ចការរបស់ខ្លួនសម្រេចដោយជោគជ័យ។ ពួកលោកគ្មានភារកិច្ចណាមួយ ដែលបានបញ្ជារឲ្យមកធ្វើការរារាំង បាតុកម្មរបស់យុវជនទាំងនេះឡើយ។ មន្រ្តីសមត្ថកិច្ចម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងបញ្ជាមេរបស់ខ្លួននោះ បានលើកឡើងដែរថា នេះជាផែនការ ដែលរៀបចំឡើង ដោយគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត បើតាមលោក ហ៊ុន សែន ដែលបានថ្លែងឲ្យដឹង ពីរដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ បានអះអាងថា បាតុកម្មរបស់ក្រុមយុវជន «សម្ព័ន្ធសេនានាគ»នេះ ជាការឆ្លើយតប ទៅនឹងបាតុកម្មជាប់ៗគ្នា របស់ពលរដ្ឋខ្មែរ-បារាំង ដែលបានធ្វើឡើង នៅកណ្ដាលរដ្ឋធានីប៉ារីស ដើម្បីធ្វើការទាមទារ ឲ្យរដ្ឋាភិបាល ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជាពិសេស បានទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកបាតុកម្មនៅក្នុងប្រទេសបារាំង ថាជាការរៀបចំឡើង របស់គណបក្សប្រឆាំង។
សេចក្ដីប្រកាសព័ត៌មានមួយ របស់គណបក្សប្រជាជនកម្ពុជា ដែលចេញផ្សាយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង បានសរសេរឲ្យដឹងថា បាតុកម្មដែលរៀបចំ ក្នុងរដ្ឋធានីប៉ារីស ថ្ងៃទី២៤ ខែតុលានោះ បានធ្វើឡើងក្រោមផ្លាកបាតុកម្ម របស់ប្រជាជន ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលដឺកនាំដោយគណបក្សប្រជាជនកម្ពុជា និងមិនមែនជាបាតុកម្ម របស់ប្រជាជនកម្ពុជាទេ។ បាតុកម្មនេះ ជាការរៀបចំឡើង ដោយអ្នកគាំទ្រគណបក្សប្រឆាំង មួយក្រុមតូច និងមេដឺកនាំរបស់ខ្លួន ក្នុងគោលបំណងបម្រើកម្មវត្ថុនយោបាយ។
» សូមអានព័ត៌មានបន្ថែម ដោយចុចនៅលើទីនេះ។
ប៉ុន្តែការចោទប្រកាន់ខាងលើ ត្រូវបានអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធចោល។ ថ្លែងនៅក្នុងវិទ្យសម្លេងអាស៊ីសេរី លោក សុវណ្ណ បានអះអាងថា គណបក្សសង្គ្រោះជាតិ ពុំបានរៀបចំឲ្យមានបាតុកម្មណាមួយប្រឆាំង លោក ហ៊ុន សែន នៅប្រទេសបារាំង នោះទេ។ លោកថា ការធ្វើបាតុកម្ម គឺជាសិទ្ធិសេរីភាព ក្នុងការសម្ដែងមតិ របស់ពលរដ្ឋនៅក្នុងសង្គម ប្រជាធិបតេយ្យ៕
» រូបភាពមួយចំនួន ពីបាតុកម្មរបស់ក្រុមយុវជន «សម្ព័ន្ធសេនានាគ»៖