ហ៊ុន សែន បង្ហើប«ច្រក»ចាប់ កឹម សុខា តាមតុលាការ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្រ្តីបីទសវត្សន៍ លោក ហ៊ុន សែន បានត្រឡប់មកពន្យល់ លើករណីរបស់លោក កឹម សុខា ថា ដូចជាមិនមានករណី ចៃដន្យមួយ យ៉ាងដូច្នេះទេ ព្រោះក្នុងពេលបាតុកម្មម្តងៗ មហាជនដែលចូលរួមធ្វើបាតុកម្ម បានស្រែកជ័យឃោសថា«ហ៊ុន សែន អើយចុះចេញទៅៗ»។ ក្នុងន័យនេះ លោកបានបន្ថែមថា ជាចេតនាមយយ របស់លោក កឹម សុខា ចង់និយាយពីការផ្លាស់ប្ដូរ។ ដែលការផ្លាស់ប្ដូរនេះ មានន័យស្មើ នឹងការផ្ដួលរំរដ្ឋាភិបាលហើយ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពីធីប្រគល់ប័ណ្ណជ័យលាភី អាហារូបករណ៍ ដល់និស្សិតសាកលវិទ្យាល័យកម្ពុជា។
ក្រៅពីការពន្យល់ន័យ តាមពាក្យខាងលើ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចោទប្រកាន់ លោក កឹម សុខា នោះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នេះ លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហើបពីគ្រោងការ ដែលរដ្ឋាភិបាល«ប៉ង» នឹងចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីមានការប៉ះទង្គិចគ្នាភ្លាមៗ នៅជិតស្ពាននាគ កាលបីថ្ងៃតី១៥ ខែកក្កដា ឆ្នាំ២០១៤ម្លេះ។
លោក ហ៊ុន សែន បង្ហាញថា បើគ្មានការសម្រេចរបស់លោកទេ លោក កឹម សុខា នឹងត្រូវជាប់ពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម តាំងពីថ្ងៃទិ១៥ ខែកក្កដា ឆ្នាំ២០១៤ មកម្លេះ។ តែលោកបានប្រាប់ឲ្យឧបនាយករដ្ឋមន្ដ្រី និងអ្នកច្បាប់ គិតឲ្យបានច្បាស់លាស់ ព្រោះលោក កឹម សុខា មិននៅកន្លែងកើតហេតុទេ តែអាចមានការពាក់ព័ន្ធ ព្រោះពេលនោះ លោក កឹម សុខា ជាប្រធានស្តីទី ដូច្នេះមិនមានរឿងអ្វី ដែលមិនបានដឹងនោះទេ។ យ៉ាងណា ទុកនាទីនេះឲ្យតុលាការ គេធ្វើការសាកសួរទៅចុះ។ លោក ហ៊ុន សែន បានបន្ថែមទៀតថា៖ «យើងត្រូវច្បាស់លាស់តែម្ដង ប្រតិបត្ដិការរបស់យើង ធ្វើតែទៅលើ អ្នកនៅលើសមរភូមិជាក់ស្ដែង។ ឯ កឹម សុខា មិនមែនអ្នកនៅលើសមរភូមិទេ។ សូមកុំភ័ន្ដច្រឡំ!។ អីចឹងទុកករណី លោក កឹម សុខា មិនចាប់ខ្លួនទេ។ ទុកឲ្យតុលាការ គេហៅទៅសួរចុះ!។»
យ៉ាងណា លោកនាយករដ្ឋមន្រ្តី បានដាក់ជំនឿចិត្តថា នឹងអាចធ្វើការចាប់ខ្លួនតាមច្បាប់ ដោយប្រើយន្តការតុលាការបាន។ លោកបានធ្វើការរំលឹកថា ព្រោះស្របពេល នឹងព្រឹត្តិការណ៍នោះកើតឡើង លោក កឹម សុខា គាត់មានឋានៈជាប្រធានស្ដីទី នៃគណបក្សសង្គ្រោះជាតិ។ តើនៅពេលនោះ គាត់បានដឹងរឿងនេះ ដែរឬទេ?
ទន្ទឹមនឹងការថ្លែង របស់លោក ហ៊ុន សែន ក្នុងថ្ងៃទី១៩ ខែមីនា ដដែលនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការពន្យល់បកទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ដែលថា លោក កឹម សុខា ប្រើពាក្យ «ផ្តួលរំលំ»រដ្ឋាភិបាល។ ក្នុងសេចក្តីថ្លែងការនេះ បានស្រង់នូវសម្តីលោក កឹម សុខា ថា «សូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរ បាន១០០ភាគរយភ្លាមៗ។ (…) ដំណាក់កាលនេះ ទោះបីយើងប្តូរមិនបានទាំងអស់ក៏ដោយ គឺយើងដូរបានខ្លះ។»
ក្នុងន័យនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ធ្វើការបកស្រាយបន្ថែម តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការផ្លាស់ប្តូរ មានន័យថា ផ្លាស់ប្តូរតាមរយៈការបោះឆ្នោត មិនមែនតាមការផ្តួលរំលំទេ។ ឯការដូរបានខ្លះ ចង់សំដៅលើការកែទម្រង់ គ.ជ.ប និងច្បាប់បោះឆ្នោត។ វប្បធម៌សន្ទនា ការស្វែងយល់ ពីដំណោះស្រាយវិបត្តិនយោបាយ រវាងគណបក្សទាំងពីរនៅកម្ពុជា តាមរយៈវិសោធកម្មច្បាប់ធម្មនុញ្ញ ច្បាប់នានា ដែលទាក់ទងនឹងការបោះឆ្នោតជាដើម។ ទាំងអស់នេះហើយ ដែលចង់សំដៅទៅលើពាក្យ ថា «ផ្លាស់ប្តូរ»នោះ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ដូច្នេះថា «គណបក្សសង្គ្រោះជាតិ ក៏ដូចជាលោក សម រង្ស៊ី លោក កឹម សុខា តែងតែប្រកាន់យកគោលការអហិង្សា ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ និងជម្ហរុញឲ្យមានការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»៕