ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប

បើសិនជាសារព័ត៌មាននៅអ៊ឺរ៉ុបខ្លះ បាននិយាយពីសន្ទុះងើបឡើង របស់គណបក្សប្រឆាំង ដើម្បីដណ្ដើម​យក​ឃុំ​សង្កាត់​ជាច្រើន ពីគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នោះ សារព័ត៌មាន​បារាំង​មួយ បានរំលឹក​ពីពាក្យ​ដ៏ល្បីល្បាញ របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល បានថ្លែង​​កាល​ពី​មុន​ពេល​បោះឆ្នោត ​គម្រាម«វ៉ៃបែកធ្មេញ»ក្រុមប្រឆាំង ប្រសិនណាពួកគេតវ៉ា ជំទាស់នឹង​លទ្ធផល​​ឆ្នោត។
ពាក្យ​«វ៉ៃ​បែក​ធ្មេញ» ល្បីដល់​អ៊ឺរ៉ុប
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគ្រាក់ៗរបស់លោក។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 07, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា បានទាក់ទាញ​ចំណាប់​​អារម្មណ៍​ខ្លះៗ​ដែរ ទៅដល់សារព័ត៌មានមួយចំនួន នៅទ្វីបអ៊ឺរ៉ុបខាងលិច។ ចាប់អារម្មណ៍ ដោយហេតុពីសន្ទុះ​ងើប​ឡើង របស់​​គណបក្ស​​សង្គ្រោះ​ជាតិ ដែលដណ្ដើមបានជិត៥០០ឃុំសង្កាត់ ចេញពីកំណ្ដាប់ដៃ​របស់គណបក្ស​ប្រជាជនកម្ពុជា បើ​ធៀប​ទៅនឹង​អាណត្តិ​ទី៣ ដែលគណបក្សប្រឆាំង រកបានតែ៤០ឃុំសង្កាត់ប៉ុណ្ណោះ។

ប៉ុន្តែសារព័ត៌មាន «Ouest-France» របស់បារាំង បានលើកមកពន្យល់ បែបផ្សេងទៅវិញ ថាយុវជនជំនាន់​ក្រោយ គឺ​ជា​អ្នក​កំណត់នូវជោគវាសនា របស់ពួកគេទៅអនាគត។ ក្រៅពីបានពន្យល់ នូវវិធីសាស្ត្រ ក្នុងការទាក់​ទាញ​យុវវ័យ ពី​សំណាក់​គណបក្សធំទាំងពីរ សារព័ត៌មានតំបន់ភាគខាងលិច របស់ប្រទេសបារាំងមួយនេះ នៅ​បាន​លើកមកបញ្ជាក់ ពីការ​គម្រាម​ដ៏​ល្បីមួយ របស់លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែលបានថ្លែង​នៅ​មុន​ការ​បោះ​ឆ្នោត ថានឹង«វ៉ៃបែកធ្មេញ»ក្រុមប្រឆាំង ប្រសិនជាក្រុម​នេះ​ងើប​ឡើងតវ៉ា ប្រឆាំងលទ្ធផលនៃការបោះឆ្នោត។

ម្ចាស់អត្ថបទ អ្នកស្រី «Anne Laure Porée» ដែលជា​អ្នកយកព័ត៌មានឲ្យច្រើនស្ថាប័ន ពីប្រទេសកម្ពុជា និង​ដែល​​ស្គាល់​«ស្រុក​ខ្មែរ»​យ៉ាង​ច្បាស់​នោះ បានសរសេរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិ​នេះ ជា​«ការ​សាក​ល្បង»​មួយ សម្រាប់​គណបក្សធំទាំងពីរ និងជាពិសេសបំផុតនោះ គឺជាការសាកល្បង​ ពី​ប្រជា​ប្រិយ​ភាព​​​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែលមិនរង្គើ​ពីកៅអី តាំងពីជាង៣ទសវត្សន៍​​មក​ហើយ។ បន្ទាប់​មក អត្ថបទរបស់អ្នកស្រី​បាន​ដក​ស្រង់​​មក​​សរសេរ ដោយអក្សរក្រាស់ៗ ដើម្បីឲ្យឆាប់មើលឃើញ នូវ​ពាក្យ​ថា៖

«ធ្មេញក្រុមប្រឆាំង»

អ្នកសារព័ត៌មានបានសរសេរថា៖ «សម្រាប់គណបក្សប្រឆាំង ពេលវេលារបស់ពួកគេ បានមកដល់ហើយ បើ​ទោះ​ជា​ពួក​គេ​បាន​ប្រឈមមុខ នៅចំពោះការគាបសង្កត់ ដ៏ខ្លាំងក្លា ពីសំណាក់គណបក្សប្រជាជនកម្ពុជា ប្រៀប​ដូច​ស្ថិតក្រោម រ៉ូឡូ​កិន​ថ្នល់ (Rouleau compresseur) និងនៅចំពោះការគម្រាម "វ៉ៃបែកធ្មេញ"​ក្រុម​អ្នក​ហ៊ាន​តវ៉ា ទល់​នឹង​​លទ្ធផល​ឆ្នោត​ក៏​ដោយ។ នៅ​ពេល​នេះ គណបក្សប្រឆាំង ហាក់លែងខ្វល់ខ្វាយហើយ ពី​សំនុំ​រឿង​ប្ដឹង​ផ្ដល់​​នៅឯតុលាការ និង​ការ​គម្រាម​កំហែង មិនឈប់​មិនឈរ ទៅលើពួកគេនោះ។»។

» គំនូរត្លុក របស់ចៅចេក

Cartoon ChavChek

អ្នកស្រី «Anne Laure Porée» បានស្រង់សំដី របស់យុវតីខ្មែរម្នាក់ ដែលអ្នកស្រីសរសេរឈ្មោះ «សោភា» នៅ​ក្នុង​អត្ថបទ មកបញ្ជាក់ថា នាងបានទៅឃោសនា និងដង្ហែក្បួនឃោសនា ឲ្យគណបក្ស​កាន់​អំណាច តាម​​​ការ​​«បង្ខំ​​របស់​​អាជ្ញាធរ» ហើយថាវិធីសាស្ត្រ ក្នុងការទាក់ទាញយុវវ័យកម្ពុជា ពីសំណាក់គណបក្ស ដែល​មាន​អតីត​ភាព ពី​គណបក្ស​កុម្មុយនីស​ឥណ្ឌូចិនមួយនេះ មានលក្ខណៈជា​«ការចាប់ត្រី ឲ្យចូល​សំណាញ់​នេសាទ» របស់​ខ្លួន។

ចំពោះទីភ្នាក់ងារព័ត៌មាន ស្វីស «ATS» វិញបានរាយការណ៍ថា សន្ទុះកើនឡើងរបស់គណបក្សប្រឆាំង នឹង​គម្រាម​​ទៅ​ដល់ «រជ្ជកាលដ៏សម្បើម» របស់លោក ហ៊ុន សែន។ មានអាយុ ៦៤ឆ្នាំ នាយករដ្ឋមន្ត្រីរូបនេះ មិន​បាន​ឲ្យ​សញ្ញា​ថា លោក​ចង់​ចាក​ចេញ ពីតំណែងនោះទេ។ សម្រាប់គណបក្សប្រឆាំងវិញ បានទទួលបាន​ការ​គាំទ្រ​សឹង​តែ​ជា​ទូទៅ ពីសំណាក់​យុវវ័យ​ជំនាន់ក្រោយ ដែលមានចំនួន​ប្រមាណជា ៧០% នៃប្រជាជន​ទូទាំង​ប្រទេស។ ពួកគេទាំងនោះ មាន​ការ​ធុញទ្រាន់​ណាស់ ទៅនឹង​ប្រព័ន្ធ​ដឹកនាំ​ដ៏​ចាស់គំរិល ដដែលៗ ហើយ​​សម្បូរ​​ពោរ​ពេញ ដោយអំពើ​ពុករលួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...