«កូនស្រី កឹម សុខា ជាសមាជិក គ.ជ.ប» បញ្ហាគ្រួសារនិយមវាយលុក?
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៤
- កែប្រែចុងក្រោយ: August 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនតែគណបក្សប្រជាជនកម្ពុជានោះទេ តែឥឡូវនេះគណបក្សសង្រ្គោះជាតិ ក៏ផ្តើមបង្ហាញនយោបាយគ្រួសារនិយម ឬបក្សពួកនិយម ក្នុងការទទួលបានមុខតំណែងសំខាន់នោះដែរ។ មុខតំណែង ដែលមិនស័ក្ដិសមនឹងទទួលបាន ហើយត្រូវទទួលរងការរិះគន់ពីសាធារណៈមតិ។
កញ្ញា កឹម មនោរវិទ្យា កំពុងទទួលទានបាយ នៅក្នុងកន្លែងដ៏ល្អមួយ ខណៈឪពុករបស់កញ្ញា លោក កឹម សុខា កំពុងទទួលទានបាយ នៅលើស្មៅតាមចិញ្ចើមថ្នល់ ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក។ (រូបថតផ្តិតពីទំព័រហ្វេសប៊ុក)
គ្រួសារនិយម - បន្ទាប់ពីធ្លាយព័ត៌មានក្រៅផ្លូវការ តែឥឡូវសឹងតែប្រែជាផ្លូវការដែរ ចំពោះលទ្ធភាពដែលគណបក្សសង្រ្គោះជាតិ អាចនឹងដាក់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យកាន់តំណែងជាសមាជិកដឹកនាំ គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត គ.ជ.ប។ នេះបើតាមការអះអាងដោយផ្ទាល់មាត់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
ឆ្លើយទៅនឹងសំណួរដែលថាកញ្ញា កឹម មនោវិទ្យា អាចជាបេក្ខភាពក្នុងសមាជិក គ.ជ.ប ឬយ៉ាងណានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានពន្យល់ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង ផ្សាយជាខេមរភាសារថា៖ «អាចជាបេក្ខនារីមួយរូប។ តែគណបក្សសង្រ្គោះជាតិ នៅមិនទាន់ជ្រើសបេក្ខភាពណាមួយជាស្ថាពរនៅឡើយទេ។ (...) តែនឹងបើកចំហឲ្យបានច្រើន។»
សម្រាប់កញ្ញា កឹម មនោវិទ្យា វិញ បានសារភាពថា នាងពិតជាចាប់អារម្មណ៍ទទួលតំណែង ជាសមាជិក គ.ជ.ប.។ ថ្លែងប្រាប់ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជា កូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ បានសង្កត់ធ្ងន់ថាមូលហេតុដែលនាងចង់ទទួលបានតំណែងជាសមាជិក គ.ជ.ប ព្រោះតំណែងនេះ អាចឲ្យនាងជួយដល់ប្រទេសកម្ពុជាបានច្រើន តាមរយៈការពង្រឹងស្ថាប័នឯករាជ្យនៅកម្ពុជា។
ប្រសិនបើ កញ្ញា កឹម មនោវិទ្យា ដែលមិនធ្លាប់កាន់ការនៅក្នុងរដ្ឋការម្ដងណាសោះ បានជាប់ជាសមាជិក នៅក្នុងចំណោមថ្នាក់ដឹកនាំសំខាន់ៗទាំង៩រូបរបស់ គ.ជ.ប នោះមែន ករណីនេះត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា ផ្ដល់ការវាយតម្លៃជាពីរចំណុច៖ «នោះគឺការមិនទុកចិត្តអ្នកដទៃ ក្រៅពីកូនស្រីក្រុមគ្រួសាររបស់ខ្លួន និងឆ្លុះបញ្ចាំងពីដំបៅរស៊ីរូងផ្ទៃក្នុងរបស់សង្គមកម្ពុជា ដែលកែមិនឡើង ព្រោះបើសូម្បីតែក្រុមគណបក្សប្រឆាំង ដែលអួតអាងពីភាពស្អាតស្អំនោះ ក៏មានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយមនេះ នៅជាប់ស្អិតដូចជាគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដែរ»។
គណបក្សប្រជាជនកម្ពុជា បានផ្តល់តំណែងសំខាន់ក្នុងជួររដ្ឋាភិបាល កម្លាំងប្រដាប់អាវុធ ជាដើម ដល់យុវជនជំនាន់ក្រោយ ដែលភាគច្រើនជាសាច់ញាតិជិតស្និត របស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ ការផ្ទេរតំណែងនេះ ត្រូវបានមន្រ្តីគណបក្សសង្រ្គោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ ពីប្រព័ន្ធគ្រប់គ្រងពោរពេញដោយភាពអយុត្តិធម៌ ព្រោះអ្នកដែលមានលក្ខណៈសម្បត្តិល្អជាងនេះ មិនងាយនឹងទទួលបានតំណែងសំខាន់ៗដូចនេះទេ។
ប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានចាត់ទុកការ ដែលគណបក្សនយោបាយណាមួយ ដែលហ៊ាន ដាក់ឈ្មោះកូន ឬសាច់ញាតិបង្កើត របស់ខ្លួន ទៅធ្វើជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៩ រូប នៃស្ថាប័នរៀបចំការបោះឆ្នោត ថានឹងនាំឲ្យមានការរិះគន់ជាសាធារណៈ ហើយថានឹងនាំឲ្យមានទំនាស់ផលប្រយោជន៍នៅពេលអនាគត។ ករណីនេះ លោក ព្រាប កុល បញ្ជាក់ថា៖ «ប្រសិនបើធ្លាប់គិតលេងៗ សូមមេត្តាប្តូរចិត្តវិញជាបន្ទាន់ កុំឲ្យយឺតពេល»៕