មើល​មតិ​ក្នុង​ហ្វេសប៊ុក ពី​បញ្ហា​«ជនជាតិ» និង​«សញ្ជាតិ»

មានមតិលើកឡើងជាច្រើន ទៅលើការប្រើប្រាស់ នូវពាក្យ «ជនជាតិ» និង«សញ្ជាតិ» ដែលត្រូវប្រើជាមួយ ជាតិខ្មែរ។ តើពាក្យពីរខាងលើមានន័យ ដូចគ្នាឬខុសគ្នា? តើមានផលល្អ និងផលអាក្រក់យ៉ាងណាខ្លះសម្រាប់ប្រទេស បើជន​បរទេសមាន សញ្ជាតិជា«ខ្មែរ»?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានមតិលើកឡើងជាច្រើន ទៅលើការប្រើប្រាស់ នូវពាក្យ «ជនជាតិ» និង«សញ្ជាតិ» ដែលត្រូវប្រើជាមួយ ជាតិខ្មែរ។ តើពាក្យពីរខាងលើមានន័យ ដូចគ្នាឬខុសគ្នា? តើមានផលល្អ និងផលអាក្រក់យ៉ាងណាខ្លះសម្រាប់ប្រទេស បើជន​បរទេសមាន សញ្ជាតិជា«ខ្មែរ»?


អត្តសញ្ញាណសញ្ជាតិខ្មែរ គំរូថ្មី។ (រូបថត ឯកសារ)

សង្គម - ដូចម្តេចហៅថា «ជនជាតិ» និងដូចម្តេចហៅថា «សញ្ញាតិ»? ត្រង់នេះ ត្រូវបញ្ជាក់ឲ្យច្បាស់ក្នុងច្បាប់កម្ពុជា។ បើទោះបីជាកម្ពុជា មានច្បាប់«សញ្ជាតិ» តែច្បាប់នេះ មិនបានបកស្រាយច្បាស់លាស់នៅឡើយ ពីបញ្ហា«ជនជាតិ» និង«សញ្ញាតិ»នោះ។ ឯច្បាប់រដ្ឋធម្មនុញ្ញ វិញ ក៏មិនបានបញ្ជាក់ដែរ ពិសេសត្រង់ពាក្យថា «ជនជាតិ»នេះតែម្តង។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឈ្មោះ គីម សុខា (Sokha Kim)  បានលើកឡើងថា ប្រទេសនិមួយៗ មានជនជាតិច្រើន។ លោកបានពន្យល់ថា «ជនជាតិ» គេសំដៅលើជនជាតិដើមរបស់ខ្លួន។ ឧទាហរណ៏: ជនជាតិព្នង សញ្ជាតិកម្ពុជា, ជនជាតិកួយ សញ្ជាតិកម្ពុជា ។ល។ «ដូច្នេះ បើតាមការយល់ឃើញរបស់ខ្ញុំ ការប្រើជនជាតិខ្មែរ និងសញ្ជាតិកម្ពុជា គឺជាការត្រឹមត្រូវបំផុត ហើយរដ្ឋាភិបាលក៏គួតែធ្វើជំរឿន ឬអត្តសញ្ញាណប័ណ្ណ តាមរបៀបនេះ។ (...) ការធ្វើដូច្នេះអាចយើង មានទិន្និន័យអាចគ្រប់គ្រងបានត្រឹមត្រូវ នូវជនជាតិដើម និងជនជាតិមួយចំនួន ដូចជាយួនជាដើមដែលបានធ្វើសញ្ជាតិ។»

ការលើកឡើងខាងលើនេះ ត្រូវបានបដិសេធដោយលោក សុខ ផល្លា (Sok Phalla) ម្ចាស់គណនីហ្វសប៊ុកម្នាក់ទៀត។ លោកបានធ្វើការសង្កត់ធ្ងន់ត្រង់ពាក្យថា«សញ្ជាតិកម្ពុជា»។ លោកលើកឡើងថា «ឥឡូវខ្មែរមានច្បាប់សញ្ជាតិ ពោលគឺមានន័យថា ជនជាតិ “ខ្មែរ” សញ្ជាតិ “ខ្មែរ” មិនមែនសញ្ជាតិ “កម្ពុជា” ទេ»។

ការលើកឡើងខុសៗគ្នាខាងលើនេះ នៅតែជាចំណោទ ដែលត្រូវដោះស្រាយ។ លោក ទួន ភិរម្យ (Phyrum Tuon) បានថ្លែងឡើងថា បើចង់ដឹងច្បាស់ ទាល់តែសាកសួរតំណាងរាស្រ្ត ដែលបានបកស្រាយនៅពេលអនុម័តច្បាប់ស្តីពីសញ្ជាតិ។ លោកបានយល់ថាត្រឹមត្រូវ ដែលថា"ជនជាតិខ្មែរ សញ្ជាតិខ្មែរ" និងអ្នកចូលសញ្ជាតិ ជា"ជនបរទេស សញ្ជាតិខ្មែរ"។ លោកបានពន្យល់ថា «ការធ្វើបែបនេះដោយខ្លាច ជនបរទេសដែលចូលសញ្ជាតិ យើងច្រើនជាងជនជាតិដើម នាំឲ្យយល់ច្រឡំថា “ខ្មែរ” ពុំមែនជាជនជាតិម្ចាស់ស្រុក។ បើ “ជនជាតិខ្មែរ សញ្ជាតិខ្មែរ” ទោះពួកចូលសញ្ជាតិច្រើនប៉ុណ្ណា ក៏គេដឹងថាជនជាតិខ្មែរ ជាជនជាតិម្ចាស់ស្រុកដែរ។»

ដោយឡែកលោកមេធាវី ជួង ជូងី នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Chou Ngy Choung លោកបានធ្វើការពន្យល់បែបនេះថា «យើងជាជនជាតិ “ខ្មែរ” ប៉ុន្តែសញ្ជាតិ “កម្ពុជា”។ ជនជាតិ “ខ្មែរ” ពីកំណើត មិនអាចកែប្រែបានទេ។ ប៉ុន្តែសញ្ជាតិ “កម្ពុជា” អាចចូលបាន។ ជនបរទេស មិនអាចចូលជាតិជា “ខ្មែរ” បានទេ តែអាចចូលសញ្ជាតិ “កម្ពុជា” បាន។ ជនជាតិវៀតណាម មិនអាចចូលជាជនជាតិ “ខ្មែរ” បានទេ តែអាចចូលជាសញ្ជាតិ “កម្ពុជា” បាន។»

លោកមេធាវី ជួង ជូងី បានបន្តថា រដ្ឋធម្មនុញ្ញមិនបែងចែកជនជាតិ “ខ្មែរ” ពីសញ្ជាតិ “កម្ពុជា” ទេ។ លោកបានចាត់ទុកថា ជនជាតិក៏ “ខ្មែរ” សញ្ជាតិ ក៏ “ខ្មែរ” (វា)មិនត្រឹមត្រូវទេ។ សញ្ជាតិ “កម្ពុជា” ទើបត្រឹមត្រូវ។ ដោយលោកបានអះអាងដូច្នេះថា «ការប្រើសញ្ចាតិ “ខ្មែរ” ដែរ ជាការផ្តល់ឱកាសឲ្យជនបរទេស ងាយស្រូលចូលជ្រៀតជ្រែកជាតិសាសន៍ខ្មែរ។»

ផ្ទុយនឹងការលើកឡើង របស់លោកមេធាវីខាងលើ លោកមេធាវីម្នាក់ទៀត ក្នុងគណនីហ្វេសប៊ុកឈ្មោះ សន សុជាតិ (Sorn Socheat) បានពន្យល់ដូច្នេះវិញថា «សញ្ជាតិខ្មែរ បង្ហាញប្រាប់អន្តរជាតិថា ក្នុងចំណោម ជនជាតិទាំងអស់ ជនជាតិខ្មែរ ជាជនជាតិដើមម្ចាស់ស្រុក។ ផ្ទុយទៅវិញ សញ្ជាតិកម្ពុជា ធ្វើឱ្យអន្តរជាតិដែលមិនបាន ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរយើង មិនដឹងថា តើជនជាតិណាមួយ ជាជនជាតិដើមម្ចាស់ស្រុកទេ។»៕

---------------------------------------------

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកវិភាគករណី«ខ្មែរ» និង«កម្ពុជា»នេះ ឲ្យបានច្បាស់ឡើងវិញ ក្នុងអត្ថបទលើកក្រោយ ដោយមានអន្តរាគមន៍ ពីអ្នកជំនាញខាងប្រវត្តិសាស្ត្រនិងសង្គមកម្ពុជាផង។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...