តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ៖ ត្រួត​ពិនិត្យ​តែ​វត្ត​ខ្មែរ​ក្រោម តែ​មិន​ត្រួត​ពិនិត្យ​វត្ត​យួន

ស្របនឹងអាជ្ញាធរចុះធ្វើការត្រួតពិនិត្យរដ្ឋបាល នៅវត្តសាមគ្គីរង្សី ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារសន្តិសុខសង្គម តំណាងរាស្រ្តមួយរូបរបស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា អាជ្ញាធរធ្វើការត្រួតពិនិត្យមិនមានសមភាព ខណៈដែលមានវត្តជាច្រើន ដែលគេស្គាល់ថា ជាវត្តបង្កើតដោយជនជាតិវៀតណាម គ្មានច្បាប់ត្រឹមត្រូវ តែគ្មានអាជ្ញាធរណាធ្វើការត្រួតពិនិត្យ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញ ថ្ងៃទី១០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នក​តំណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ំ សំអាន បាន​ថ្លែង​ថា មុន​នឹង​ចុះ​មក​ត្រួត​ពិនិត្យ​រដ្ឋបាល នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ដែល​ជា​វត្ត​បង្កើត​ឡើង​ដោយ​ព្រះ​សង្ឃ​កម្ពុជា​ក្រោម គួរ​តែ​ធ្វើការ​ត្រួត​ពិនិត្យ​វត្ត​មួយ​ចំនួន ដែល​ជា​វត្ត​របស់​សហគមន៍​វៀតណាម ថា​តើ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ដែរ​ទេ? ការ​ចុះ​ត្រួត​ពិនិត្យ ក៏​គួរ​តែ​ធ្វើ​ឱ្យ​មាន​សមភាព​គ្នា គ្រប់​វត្ត​ទាំង​អស់។

ការលើកឡើងរបស់តំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅឃ្លាំ​មើល គណៈកម្មការរដ្ឋបាលត្រួតពិនិត្យបែបបទរដ្ឋបាល វត្តសាមគ្គីរង្សី ដែលដឹកនាំដោយអភិបាលរង រាជធានី​ភ្នំពេញលោក ឃួង ស្រេង នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

លោក អ៊ំ សំអាន បានពន្យល់ថា៖ «តើយូនមានសញ្ជាតិខ្មែរឬអត់? បើមានសញ្ជាតិខ្មែរទើបអាចធ្វើវត្តបាន។ ប៉ុន្តែ​យួនអត់មានសញ្ជាតិខ្មែរផង ដូចជានៅខេត្តសៀមរាប តំបន់ជាប់គ្នាមួយយួននៅហ្នឹង ប្រហែលជារាប់​ពាន់គ្រួសារ​ច្រើនណាស់ នៅតំបន់ជាប់គ្នា ហើយមានវិហារយួនដល់ទៅពីរ មិនដឹងថាវិហារហ្នឹង មានច្បាប់ទម្លាប់អីច្បាស់​លាស់​ដែរឬទេ? ហើយនៅរាជធានីភ្នំពេញ វិហារយួនក៏ច្រើនដែរ អាហ្នឹងក៏គួរតែទៅមើល។»។

តំណាងរាស្រ្តរបស់គណបក្សជំទាស់មួយនេះថា ការចុះមកធ្វើការត្រួតពិនិត្យរដ្ឋបាល ក្នុងវត្តសាមគ្គីរង្សី គឺជាការ​គម្រាមកំហែងដល់ព្រះសង្ឃកម្ពុជាក្រោម ដែលគង់នៅវត្តមួយនេះ ព្រោះថា វត្តនេះបានផ្តល់នូវកន្លែងស្នាក់នៅ ដល់ក្រុមអ្នកមានជម្លោះដីធ្លីមកពីតាមបណ្តាខេត្ត ដែលឡើងមកតវ៉ានៅទីក្រុងភ្នំពេញ។

តំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ំ សំអាន បានបន្ថែមថា៖ «ខ្ញុំសម្គាល់ឃើញថា វត្តនេះក៏មានការទទួល​ស្គាល់ពីព្រះករុណាដែរ គឺសម្តេចតា ទោះបីមិនទាន់មានច្បាប់ពីក្រសួងមហាផ្ទៃ។ ហើយក៏មានសមាគមខ្មែរ​កម្ពុជា​ក្រោមនៅវត្តនេះដែរ។ បើគិតពីច្បាប់ភូមិបាល គឺថាវត្តនេះរស់នៅជាង៥ឆ្នាំហើយ កាលណាយើង​រស់នៅ​តំបន់ណាមួយតែ៥ឆ្នាំ តាមច្បាប់ភូមិបាលដីនេះនេះក្លាយជារបស់គាត់ហើយ ហើយគ្មានអ្នកណាអាចយក​វត្តនេះ​បាន​ទេ។»។

លោក ណៃ វ៉ងដា មន្រ្តីឃ្លាំមើលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានអះអាងយ៉ាងដូច្នេះថា លោក​គាំទ្រ​នូវការចុះត្រួតពិនិត្យរដ្ឋបាល នៅវត្តសាមគ្គីរង្សី ដើម្បីបំពេញចន្លោះខ្វះខាតរបស់វត្តកម្ពុជាក្រោមមួយនេះ ប៉ុន្តែ​មិន​គាំការធ្វើរដ្ឋបាល ដែលនាំឱ្យបិទវត្តមួយនេះឡើយ។

លោក ណៃ វ៉ង់ដា បញ្ជាក់ពីគោលជំហររបស់អង្គការសង្គមស៊ីវិលបន្តថា៖ «យើងខ្ញុំនៅតែគាំទ្រ ការធ្វើរដ្ឋបាល​ទាំង​ឡាយណា ដែលនៅតែរក្សាវត្តសាមគ្គីរង្សីជាទីពឹងពាក់របស់អ្នកក្រីក្រ របស់អ្នកអត់ឃ្លាន ក៏ដូចជាជនរង​គ្រោះទូទាំងប្រទេស ដែលមិនដែលរកទីស្នាក់អាស្រ័យវត្តនេះបាន។ យើងខ្ញុំមិនគាំទ្រការធ្វើរដ្ឋបាល​ទាំងឡាយ​ណា ដែលនាំឱ្យបិទវត្តសាមគ្គីរង្សីនេះ ព្រោះថាវត្តនេះត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុងប្រទេស និង​ក្រៅ​ប្រទេសចាត់ទុកថាជាវត្តស្រែបុណ្យ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...