ការចុះឈ្មោះនិងបោះឆ្នោត នៅតាមព្រំដែនអាចទៅរួច អាស្រ័យលើកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 11, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពមិនត្រូវគ្នាថ្មី ដែលបានកើតឡើង ក្នុងជំនួបការងារកែទម្រង់ នៃការបោះឆ្នោត រវាងគណបក្សធំទាំងពីរ កាលពីថ្ងៃទី០៩ ខែកុម្ភៈនេះ កឺការស្នើឲ្យមានការបង្កើតមណ្ឌលបោះឆ្នោតនៅតាមព្រំដែន ដែលលើកឡើងដោយគណបក្សសង្គ្រោះជាតិ។ គណបក្សនេះយល់ថា ការបង្កើតឲ្យមានមណ្ឌលបោះឆ្នោតតាមព្រំដែន អាច បង្ហលក្ខណៈងាយស្រួល ដល់ពលករចំណាកស្រុករបស់កម្ពុជា ប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនបានគ្រប់គ្រាន់ និងទាន់ពេលវេលាទាំងការចុះឈ្មោះ និងបោះឆ្នោត។ តែការលើកឡើងខាងលើនេះ ត្រូវបានបដិសេធដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់ទស្សនៈនៃក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកនេះ បានយល់ថា អ្វីដែលសំខាន់ គឹការសម្រួល តាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយ ក្នុងការផ្តល់ភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋ ឲ្យបានមកចុះឈ្មោះ និងបោះឆ្នោតបានគ្រប់គ្នា។ ការលើកឡើងនេះ ទំនងជាត្រូវបានលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច ឯកភាពឲ្យមានការបង្កើតមណ្ឌលបោះឆ្នោតនៅតាមព្រំដែន។ តាមកិច្ចសម្ភាសរបស់លោក ជាមួយវិទ្យុក្នុងស្រុកមួយ បានអះអាងថា ការបង្កើតបាន ឬមិនបាន វាអាស្រ័យលើលទ្ធភាពផ្ទាល់ របស់រដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា បើមានលទ្ធភាព បង្កើតឲ្យមានមណ្ឌលបោះឆ្នោតនៅតាមព្រំដែនហើយ តែបែរជាមិនធ្វើនោះ វាជាការបន្ទុចបង្អាក់ រារាំងការចុះឈ្មោះ ក៏ដូចជារារាំងដល់ដំណើរការនៃការបោះឆ្នោត»។
លោកបានផ្តល់អនុសាសន៍ថា គណបក្សទាំងពីរគួណាស់ កំណត់ឲ្យបានជាក់លាក់ នៅក្នុងច្បាប់បោះឆ្នោតតែម្តង ចំពោះការរារាំងការចុះឈ្នោះ ឬការបោះឆ្នោតនៅតាមព្រំដែន។ លោកបានបន្ថែមទៀតថា៖ «តំណាងគណបក្សទាំងពីរ ហាក់បីដូចជាគ្មានអភ័យឯកសិទ្ធិសម្រេច ឬមិនសម្រេច។ ផ្ទុយទៅវិញ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ចំពោះការចុះឈ្មោះនៅតាមព្រំដែននេះ ដើម្បីជៀសវាងនូវការរាំងស្ទះ គណបក្សទាំងពីរគួតែ ចែងនូវក្នុងច្បាប់បោះឆ្នោតតែម្តង ដោយបញ្ជាក់ថា បើអ្នកណា ភាគីណា បុគ្គលណា បក្សណា ក្រុមណាដែល រារាំងដល់ការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋ នឹងត្រូវទទួលពិន័យ។ (...) នោះគណបក្សទាំងពីរ មិនហ៊ានរារាំង ឬបន្ទុចបង្អាក់ ដល់ដំណើការចុះឈ្មោះ ឬបោះឆ្នោតនៅតាមព្រំដែននោះទេ។»
សួមរំលឹកថា ជំនួបគណបក្សធំៗទាំងពីរ កាលពីថ្ងៃរសៀលថ្ងៃទី០ ខែកុម្ភៈម្សិលម៉ិញនេះ នៅវិមានរដ្ឋសភា គណបក្សសង្គ្រោះជាតិ បានស្នើឲ្យមានការបង្កើតទីតំាង ចុះឈ្មោះបោះឆ្នោតមួយកន្លែង នៅក្បែរព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យពលករដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃមានលទ្ឋភាពចូលរួមបោះឆ្នោត។ ប៉ុន្តែសំណើនេះ បានត្រូវក្រុមការងារចរចា ខាងគណបក្សប្រជាជនកម្ពុជាបដិសេធមិនទាន់ឯកភាពទេ។
លោក ប៊ិន ឈិន បានធ្វើការបដិសេធចំពោះសំណើរមួយនេះ ដោយលោកបង្ហាញហេតុផលថា វានឹងបង្កការលំបាក និងភាពរញ៉េរញ៉ៃច្រើន។ លោកឲ្យពលករទាំងអស់មកបោះឆ្នោត នៅតាមស្រុកកំណើតរៀងៗខ្លួន។
សូមទស្សនាកិច្ចសម្ភាសជាមួយលោកគួច ប៊ុន រឿន និងលោក ប៊ិន ឈិន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖