អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន

បន្ទាប់ពីរងការចង្អុលមុខរួច លោក សុខ ខេមរា អ្នកយកព័ត៌មាន ឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ត្រូវស្ត្រី​អ្នក​ទទួល​ខុសត្រូវ ខាងពិធីការម្នាក់​ បញ្ជាឲ្យបណ្ដេញលោកចេញ ពីពិធីចែកសញ្ញាបត្រ ដែលត្រូវបានធ្វើឡើង កណ្ដាល​រាជធានី​ភ្នំពេញ ក្រោមវត្តមាន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ម៉ិញ។
អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន
លោក ហ៊ុន សែន តប​ជាមួយអ្នកសារព័ត៌មាន នៅខាងមុខវិមានរដ្ឋសភាជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 15, 2017
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដេញចេញ ព្រោះជា«គោលការណ៍»ខាងលើ។ ហើយខាងលើ ឬ«ថ្នាក់លើ»មួយនោះ គឺស្ត្រីអ្នកទទួល​ខុស​ត្រូវ ផ្នែក«ពិធីការ»ម្នាក់ សម្រាប់ពិធីចែក​សញ្ញាបត្រ នៅក្នុងសាកលវិទ្យាល័យមួយ ដែលត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនានេះ កណ្ដាលរាជធានីភ្នំពេញ។

ដូចរៀងរាល់ព្រឹត្តិការណ៍ ដែលមានវត្តមានរបស់លោក ហ៊ុន សែន វាជាឱកាសមួយ​ សម្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​ឡាយ អាច​ប្រមាញ់​យកព័ត៌មាន សម្រាប់ប្រិយមិត្ត​របស់ផងខ្លួន។ តែផ្ទុយទៅវិញ អ្នកកាសែត​មក​ពី​ស្ថាប័ន វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា «VOA» ទំនងជាទទួលបាន​ នូវបទ​ពិសោធន៍​​យ៉ាងជូរចត់ ដោយ​​ត្រូវ​បាន​កងអង្គរក្ស របស់នាយករដ្ឋមន្ត្រី ក្រោមបញ្ជារបស់ស្ត្រី«ពិធីការ»ម្នាក់នោះ បណ្ដេញចេញ​មិន​ឲ្យ​យក​ព័ត៌មាន ទាំងគ្មាន​ហេតុផល​​ច្បាស់លាស់។

ដូចការលើកឡើង របស់អ្នកយកព័ត៌មានរូបនោះ នៅលើបណ្ដាញសង្គម ក្រោយការបណ្ដេញចេញនោះ ដូច្នេះ​ថា៖ «កងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ​សែន រារាំងមិនឲ្យខ្ញុំ​ សុខ​ ខេមរា Sok Khemara ​អ្នកយកព័ត៌មាន​វីអូអេ VOA ចូលយកព័ត៌មាន នៅកន្លែងចែកសញ្ញាប័ត្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ​នេះ»។​

«ចេញប្រកាសផ្លូវការ?»

លោក សុខ ខេមរា បានពន្យល់ឡើងវិញ ពីហេតុការណ៍នោះថា៖ «បងស្រីពិធីការ​បានចង្អុលមកខ្ញុំ​ ហើយ​សួរ​ថា​មកពីណា​?​ ខ្ញុំឆ្លើយថា មកពី​វីអូអេ​ ហើយ​គាត់សួរទៀតថា​ មកធ្វើអ្វី?​ ខ្ញុំឆ្លើយថា​ មកយកព័ត៌មាន និងថតរូប។​ ភ្លាម​នោះ គាត់បានស្រែកប្រាប់កងអង្គរក្សថា បណ្តេញខ្ញុំចេញ​។​ ខ្ញុំសួរកងអង្គរក្សថា ហេតុអ្វីបានខ្ញុំនៅមិនបាន​ គាត់​ប្រាប់​ថា​ នេះជាគោលការណ៍​ខាងលើ។»។​

អ្នកសារព័ត៌មានរូបនេះ បានសំដែង​ក្ដីខកចិត្តថា៖ «ដូចជាមិនដែលឮនាយករដ្ឋមន្ត្រី ឬក្រសួងព័ត៌មាន ចេញ​ប្រកាស​ផ្លូវ​ការ​ថា មិនឲ្យអ្នកកាសែតបរទេស​​ចូលយកព័ត៌មាន ក្នុងកម្មវិធីនាយករដ្ឋមន្ត្រី»។

«អ្នកសារព័ត៌មានបក្សប្រឆាំង...»

អ្នកសារព័ត៌មាន ដែលមកពីស្ថាប័នផ្សព្វផ្សាយមួយចំនួន មិនត្រូវបានស្វាគមន៍ នៅក្នុងកម្មវិធីធំៗ ដែលមាន​វត្តមាន​​របស់លោក ហ៊ុន សែន ទេ។ នៅក្នុង​«ពិធី​ជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នក​សារព័ត៌មាន​​​ក្នុង​ស្រុក» នៅយប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ  លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​​អ្នកសារព័ត៌មាន ដែលមានវត្តមាននៅក្នុងពិធីនោះ ថាជាអ្នក​សារព័ត៌មាន​​«ធម្មតា»។ ខណៈ​អ្នក​សារព័ត៌មាន​​ដទៃ​ទៀត (ទោះ​មួយចំនួន ឬទាំងអស់ក៏ដោយ) ដែល​​មិនទទួលបានការអញ្ជើញ ឲ្យចូលរួម​ក្នុង​ពិធី​នេះ ត្រូវ​​បាន​​លោក ហ៊ុន សែន លាប​ពណ៌​ឲ្យថា ជា​«អ្នក​សារព័ត៌មាន​​បក្ស​ប្រឆាំង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...