សម រង្ស៊ី៖ គ្មានទេការបែងចែកអំណាច មានតែការបង្កើតគណៈកម្មការពិសេស
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីអង្គព្រះមហាក្សត្រ បានចេញព្រះរាជសារកៅហៅមេដឹកនំាគណបក្សទាំងពីរ ពោលគឺលោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បីជួបចចារគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហាជាតិកាលពីម្សិលមិញរួចមក។ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានយល់ព្រមតាមការកោះហៅរបស់ព្រះមហាក្សត្រ ដោយ សម្រេចជួបពិភាក្សាគ្នានៅថ្ងៃស្អែកនេះ ក្រោមអធិបតីព្រះមហាក្សត្រ។ តែលោក សម រង្ស៊ី បានអះអាងថា លោកចូលរួមចចារមែន ប៉ុន្តែគ្មាននោះទេការចរចារដើម្បីបែងចែកអំណាច គឺមានតែមួយគត់ទាមទារឲ្យ បង្កើតគណៈកម្មការពិសេសតែប៉ុណ្ណោះ។
លោក សម រង្ស៊ី និងលោក កឹម សុខា (រូបកណ្ដាលពាក់កម្រងផ្កា) នៅមុខលោកតាដំបងគ្រញូង ខេត្តបាត់ដំបង ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត គណបក្ស)
នៅថ្ងៃនេះ មេដឹកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីក្រុងបាត់ដំបង ដែលជា ទីកន្លែង លោកជួបអ្នកគាំទ្ររបស់ខ្លូននៅថ្ងៃនេះមកថា លោកយល់ព្រមចូលរួមចចារ តាមការកោះ អញ្ជើញរបស់ ព្រះមហាក្សត្រជាមួយលោក ហ៊ុន សែន។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការជួបចចារនោះនឹងគ្មានសោះឡើយ ការពិភាក្សាណាមួយ អំពីការបែងចែកអំណាចជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ ពោលគឺមានតែមួយគត់ប៉ុណ្ណោះ គឺចចារដើម្បីបង្កើតគណៈកម្មការពិសេស ដើម្បី ស៊ើបអង្កេតរកភាពមិនប្រក្រតីពេលបោះឆ្នោត។ មេដឹកនាំបក្សប្រឆំាងរូបនេះ បានបន្តថា លោកយកពលរដ្ឋជាធំ លោកត្រូវតែទាមរកយុត្តិធម៌ឲ្យពលរដ្ឋ ដែលទទួលរងនូវភាពអយុត្តិធម៌ជាមុនសិន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងបណ្តាញសង្គម Facebook របស់ខ្លួនថា នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន នៅព្រះបរមរាជវាំងនាថ្ងៃស្អែកនេះ លោក សម រង្ស៊ី នឹងដឹកនាំគណៈប្រតិភូ ខាងគណបក្សសង្គ្រោះជាតិចំនួនពីររូប រួមមានលោក កឹម សុខា អនុប្រធានគណបក្ស និងលោក ស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ី។
ព្រះមហក្សត្រនៃប្រទេសកម្ពុជា បានចេញព្រះភក្រ្តធ្វើអន្តរាគន៍ជុំវិញវិបត្តិនយោបាយ ដែលបានជាប់ គាំងក្រោយពេលបោះឆ្នោតអស់រយៈពេលជិតពីរខែកន្លងមកនេះ។ ការចេញព្រះភក្រ្តរបស់ ព្រះអង្គ នៅពេលនេះ ត្រូវបានគេឃើញមើលថា ជាចំណុចប្រសើរណាស់ ដើម្បីបន្ធូរបន្ថយនូវស្ថានការណ៍ នយោបាយនៅក្នុងប្រទេស ឲ្យមានភាពវិជ្ជមានឡើងវិញ ពោលគឺនឹងអាចឈានទៅរកមានដំណោះស្រាយ នយោបាយដែលបានជាប់គាំងក៏អាចថាបាន។
ភ្លាមៗបន្ទាប់ព្រះមហាក្សត្រ បានកោះហៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរលិខិតឆ្លើយតប ថ្វាយព្រះមហាក្សត្រ ដោយយល់ព្រមតាមការសម្រេចព្រះទ័យរបស់ព្រះអង្គ ក្នុងការជួបពិភាក្សាជាមួយ នឹងថ្នាក់ដឹកនាំគណបក្សសង្គោះជាតិ អំពីបញ្ហាប្រទេសជាតិ នៅថ្ងៃទី ១៤ ខែកញ្ញា ស្អែកនេះ នៅព្រះបរម រាជវាំង។ នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រនោះ លោក ហ៊ុន សែន បានបញ្ជាក់ថា លោក នឹងដឹកនាំស ហការីរបស់លោកចំនួនពីររូបមាន លោក សាយ ឈុំ និងលោក ស ខេង ចូលរួមនៅក្នុងកិច្ចចចារនោះ។
យ៉ាងណាក៏ដោយ ជំនួបចចាររបស់មេដឹកនាំគណបក្សទាំងពីរ ក្រោមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ នៅថ្ងៃស្អែកនេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានសម្តែងការសាទរ។ ក៏ប៉ុន្តែអ្វីដែលគេបារម្ភនោះថា តើជំនួបចចារនេះ នឹងអាចបានលទ្ធផលល្អដែរឬយ៉ាងណា? បើគណបក្សប្រឆំាងបានប្រកាសពីគោលជំហរហើយថា កិច្ចពិភាក្សានេះ និយាយគ្នាតែអំពីការបង្កើតគណៈកម្មការពិសេសតែប៉ុណ្ណោះ ខណៈដែលគណបក្សប្រជាជនកម្ពុជា បានប្រកាសជាញឹកញាប់ហើយថា គណៈ កម្មការពិសេស៊ើបអង្កេតការបោះឆ្នោតមិនអាចបង្កើតបាននោះទេ ព្រោះវាផ្ទុយនឹងច្បាប់។ ម្យ៉ាងវិញ ទៀតនោះ លទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវបានគ.ជ.ប ប្រកាសរួចហើយនោះ។
សូមបញ្ចាក់ថា កាលពីថ្ងៃទី ១២ ខែកញ្ញា ម្សិលមិញ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច បរមនាថ នរោត្តម សហមុនី បានចេញព្រះរាជសារចំនួនពីរក្នុងពេលតែមួយ ដោយព្រះរាជសារ មួយផ្ញើរជូនលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងព្រះរាជសារមួយទៀតផ្ញើរជូន លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា។ ខ្លឹមសារនៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនោះ គឺដើម្បី កោះអញ្ជើញមេដឹកនាំនៃគណបក្សទាំងពីរ ឲ្យចូលរួមប្រជុំពិភាក្សាគ្នា រកដំណោះស្រាយបញ្ហារបស់ប្រ ទេសជាតិ។ ជំនួបនោះ នឹងប្រារព្ធឡើងក្រោមអធិបតីរបស់ព្រះមហាក្សត្រ នៅប្រាសាទខេមរិន្ទ ព្រះបរម រាជវាំង នាវេលាម៉ោង ៩: ០០ នាទីព្រឹក ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្អែកនេះ។
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ