កម្ពុជា៖ «ផ្លុងគ្រាប់បែក» ដើម្បីគម្រាមមហាជន ដែលនឹងចូលរួមធ្វើមហាបាតុកម្ម?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គ្រាប់បែក និងការបង្កៃជាតិផ្ទុះចំនួនពីរកន្លែង ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ កណ្ដាលរាជធានីភ្នំពេញ។ ជាព្រឹត្តិការណ៍មួយថ្មីទៀត បង្កជាសញ្ញា«មិនល្អ»ដល់នយោបាយប្រទេស ជាពិសេសនៅមុនការជួបប្រជុំរវាងមេដឹកនាំគណបក្សធំទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ នៅថ្ងៃសៅរ៍ទី១៤ខែកញ្ញា និងមហាបាតុកម្ម ដែលគ្រោងរៀបចំដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យទី១៥ខែកញ្ញាខាងមុខ។
គ្រាប់បែក M79 ដែលត្រូវបានគេ យកមកបំផ្លុងចោល នៅជិតស្ពាននាគវត្តភ្នំថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលមកហាត់ប្រាណជាប្រចាំរាល់ព្រឹក បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគាត់បានប្រទះឃើញ គ្រឿង«បំផ្ទុះ»យ៉ាងហោចពីរកន្លែង ត្រូវបានដាក់បង្កៃចោល នៅកណ្ដាលបេះដូងនៃព្រះរាជាណាចក្រ។ ការបង្កៃគ្រាប់ផ្ទុះពីគ្រាប់៖ មួយគ្រាប់ស្ថិតនៅក្បែរវិមានរដ្ឋសភា ជាប្រភេទម្សៅលាយជាមួយជីអ៊ីរ៉េដាក់ក្នុង«ធុងប៊ីដុង» ដែលមានទាំងក្បាលគ្រាប់មួយនៅក្នុងនោះផង និងមួយគ្រាប់ទៀត ស្ថិតនៅសួនច្បារជិតស្ពាននាគក្បែវត្តភ្នំ នៅមិនឆ្ងាយប៉ុន្មានពីទីលានប្រជាធិបតេយ្យ ជាទីដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងជួបជុំគ្នានៅថ្ងៃខាងមុខនេះ។ ចំណុចទីពីរនេះ ស្ថិតនៅក្បែររូបចម្លាក់មហាត្មះគន្ធី ជិតស្ពាននាគ គ្រឿងផ្ទុះប្រភេទគ្រាប់ M79 ចំនួន៣គ្រាប់ ដាក់នៅក្នុងថង់ខ្មៅមួយ ដែលមើលទៅនៅថ្មីៗនៅឡើយ បានចងភ្ជាប់គ្នាចំនួនបីគ្រាប់ ក្នុងនោះក៏មានដែកគោលមួយចំនួនចងភ្ជាប់ជាមួយ។
សម្រាប់«គ្រឿងផ្ទុះ» ជាប្រភេទម្សៅលាយជាមួយជីអ៊ីរ៉េដាក់ក្នុង«ធុងប៊ីដុង» នៅជិតវិមានរដ្ឋសភានោះ ត្រូវបានកងកម្លាំងអាជ្ញាធរ«បំផ្ទុះនៅនឹងកន្លែង»។ ឯគ្រាប់ប្រភេទM79 ចំនួន៣គ្រាប់ ដែលថ្មីស្រឡាងបានចងភ្ជាប់គ្នាចំនួនបីគ្រាប់ ត្រូវកងកម្លាំងអាជ្ញាធរ និងមន្ត្រី CMAC ធ្វើការដោះយកចេញ ដោយមិនបានធ្វើការបំផ្ទុះនៅនឹងកន្លែងនោះទេ។ ទាំងការរកឃើញ និងកំទេច«គ្រឿងផ្ទុះ»នេះ ធ្វើឡើងក្រោយពេលគ្នាបន្តិចតែប៉ុណ្ណោះ និយាយរួមកំទេច«គ្រឿងផ្ទុះ»នោះនៅជិតរដ្ឋសភារួច ហើយបានបន្តរមកកំទេច«គ្រឿងផ្ទុះ»មួយផ្រេងទៀត ជិតស្ពាននាគជាក្រោយ។ ការកំទេច និងយកចេញនៃគ្រឿងផ្ទុះទាំងពីរកន្លែងនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬប៉ះពាល់អ្វីឡើយ។
គ្រាប់បែកបង្កៃ គម្រាមដល់គម្រោងធ្វើបាតុកម្ម?
ដល់ម៉ោង១១ថ្ងៃត្រង់ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានិភ្នំពេញ និង លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដែលមាន«វត្តមាន»នៅទីនោះ មិនបានផ្តល់កិច្ចសម្ភាសដល់អ្នកសារព៏ត៌មានទេ ក្រោយព្រឹត្តការណ៍នានានៃការបំផ្ទុះ និងចល័តគ្រឿងផ្ទុះទាំងពីរកន្លែងនោះ។
តែលោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ចំពោះហេតុការនេះថា មិនទាន់បានធ្វើការវាយតម្លៃនោះទេ។ លោកនឹងបន្តរធ្វើការស្រាវជ្រាវ (…) រួមគ្នាជាមួយស៊ីម៉ាក់ ដើម្បីបន្តរតាមដាន និងពិនិត្យទៅតាមភូមិសាសន៍ផ្សេងៗទៀត។ លោកបានបញ្ជាក់ថា «យើងមិនទាន់ដឹងថាជាការគំរាមកំហែងផ្នែកនយោបាយ ឬយ៉ាងណានោះមិនទាន់ដឹងទេ។ យើងបន្តរការស្រាវជ្រាវឲ្យបានច្បាស់សិន ទើបដឹងថាវាយ៉ាងម៉េច។ (…) បាតុកម្មដែលធ្វើឡើងដោយគណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិល ដែលមានច្បាប់ត្រឹមត្រូវ ពីសាលារាជធានីភ្នំពេញ ពីក្រសួងមហាផ្ទៃ ពីរាជរដ្ឋាភិបាល យើងនឹងការពារសុវត្ថិភាពជូនពួកគេ។ តែមិនអនុញ្ញាតិឲ្យមានការសម្រាកនៅទីនោះទេ ហេតុផលគឺសន្តិសុខ។»
សម្រាប់មន្រ្តីខាងគណបក្សសង្គ្រោះជាតិ លោក ហូ វ៉ាន់ ដែលបានចូលរួមតាមដាននោះ លោកមិនបានសន្និដ្ឋានថា ជាទង្វើរបស់ភាគីណាមួយនោះទេ តែយោងតាមទិដ្ឋភាពខាងលើ លោកនឹងបង្កើនសុវត្ថិភាពទាំងផ្ទៃក្នុង និងសហការជាមួយអជ្ញាធរ ដើម្បីធ្វើការទប់ស្កាត់នូវហេតុការណ៍នានា។ លោកបានបន្តរថា «សូមសមត្ថកិច្ចចាត់វិធានការឲ្យបានរឹងមាំ និងប្រុងប្រយ័ត្នខ្ពស់ លោកបានបន្តរថាក្នុងស្ថានការកំពុងតែតានតឹងនេះ សូមកុំឲ្យកើនមានការផ្ទុះ ឬសម្លេងផ្ទុះ ដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋ ដែលជាបាតុករក្នុងថ្ងៃបាតុកម្មខាងមុខនេះ»។ លោកនឹងសហការជាមួយអាជ្ញាធរ រួមទាំងសមត្ថកិច្ចដែលមានជំនាញខ្ពស់ក្នុងការរក្សា និងការពារដល់សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋដែលចូលរួម។ បាតុកម្មនេះនឹងបន្តរទៅទាំងបីថ្ងៃ តាមការគ្រោងទុក ទោះបីសាលារាជធានីភ្នំពេញអនុញាតិតែមួយថ្ងៃក៏ដោយ។
អាចមានក្រុមទីបី?
មានវត្តមានក្នុងពេលនោះដែរ មន្ត្រីខាងសង្គមស៊ីវិលមួយរូប លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ពាក់ព័ន្ធនឹងការផ្លុងគ្រាប់បែកទាំងពីរកន្លែងនេះថា អាចមានក្រុមទីបីផ្សេងទៀតដែលបង្កឡើង ដើម្បីបង្កើតឲ្យមានភាពចលាចល ក្នុងពេលប្រទេសកំពុងមានវិបត្តិផ្នែកនយោបាយ និងបញ្ហាប្រទាំងប្រទើសនៃការរស្នើសុំ«ចំនួនបីថ្ងៃ»ធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ ជាមួយនិងសាលារាជធានីភ្នំពេញ។
បញ្ហាក្រុមទីបីនេះ លោក អំ សំអាត មិនអាចធ្វើការសន្និដ្ឋានថា កើតឡើងពីក្រុមទីមួយ ឬក្រុមទីពីរ (គណបក្សកាន់អំណាច ឬគណបក្សប្រឆាំង) នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ លោកបានស្នើសុំដល់ភាគីទាំងពីរ កុំឲ្យយកបញ្ហានេះធ្វើការ«លាបពណ៌»គ្នាទៅវិញទៅមក។ ករណីដែលពិសេសនោះ គេត្រូវរួមគ្នាបង្កើតនូវគណៈកម្មការចម្រុះមួយដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវ។ លោកបានបន្ថែមថា ចេតនានៃអ្នកបង្កឡើងនោះមានពីរ «ទីមួយធ្វើឲ្យមានភាពចលាចលក្នុងសង្គម ទីពីរជាការគំរាមកំហែងដល់ក្រុមបាតុករ ដែលនឹងចូលរួមមហាបាតុកម្មចំនួនបីថ្ងៃខាងមុខនេះ។»
សូមរម្លឹកថា កាលពី ថ្ងៃទី១២ ខែកញ្ញាម្សិលម៉ិញនេះ ក៏មានគ្រាប់បែកដៃចាស់មួយគ្រាប់ដែរ ត្រូវបានគេប្រទះឃើញ នៅក្បែរវេទិការៀបចំពិធីស្វាគមន៍ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅឯទីរួមខេត្តសៀមរាប ខេត្តអង្គរ។ ប៉ុន្តែអាជ្ញាធរបានអះអាងថា នោះជាគ្រាប់បែកច្រែសចាប់មួយ ដែលទំនងជាបានមកជាមួយ នឹងការចាក់ដីបំពេញទីធ្លាមួយនៅក្បែរនោះ។
សម្រាប់ព្រឹត្តិការណ៍«គ្រាប់បែបបង្កៃ» ដែលមើលទៅដូចមានការរៀបចំយ៉ាងត្រឹមត្រូវ នៅកណ្ដាលរាជធានីភ្នំពេញនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ជាពិសេសមជ្ឈដ្ឋានពីប្រជាពលរដ្ឋ ចោទជាសំនួរឡើងថា តើគ្រាប់ផ្ទុះទាំងនោះ នរណាអាចមានលទ្ធភាពលាក់ទុក ឬយកមកផ្លុងចោលដោយងាយយ៉ាងនេះ? តើជាពលរដ្ឋធម្មតា អាចមានសមត្ថភាព ចល័តគ្រឿងផ្ទុះទាំងនេះ បានយ៉ាងងាយស្រួលដូច្នេះបានឬទេ?
តែទោះបីជាយ៉ាងណាក៏ដោយ គេបានជឿជាក់ថា មិនមានប្រជាពលរដ្ឋ«សមញ្ញ»ណាម្នាក់ ចង់ប្រឡែងលេង ឬចង់បង្កឲ្យមានបញ្ហាដ៏អាក្រក់បែបនេះកើតឡើងឡើយ បន្ទាប់ពីប្រទេសកម្ពុជាបានហែលឆ្លងកាត់ ការប្រើប្រាស់អាវុធជាតិផ្ទុះ ក្នុងរយៈពេលសង្គ្រាមក្នុងស្រុកដ៏រ៉ាំរ៉ៃ ជាង៣០ឆ្នាំ កន្លងមកនោះ។ គេបានទម្លាក់ការទទួលខុសត្រូវមួយផ្នែកទៅលើអាជ្ញាធរ ទាក់ទងនឹងសមត្ថភាពគ្រប់គ្រងជាតិផ្ទុះ នៅក្នុងប្រទេសកន្លងមក ហើយនេះអាចជា«លេស»មួយ ដើម្បីអាចឲ្យអាជ្ញាធររឹតបន្តឹងការឆែកឆេរ ក្រោមរូបភាពរកអាវុធជាតិផ្ទុះ ខណៈពេលអាចមានមហាជនរាប់សិបពាន់នាក់ អាចនឹងសម្រុកចូលមករាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យទី១៥ខែកញ្ញាខាងមុខ៕
(វីដេអូ ទាក់ទងនឹងបញ្ហានេះ នឹងមានដាក់ជូនក្នុងពេលបន្តិចទៀត)
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ