គ.ជ.ប នឹងរងការចោទប្រកាន់រឿងលួចបន្លំសន្លឹកឆ្នោតទៅតុលាការ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ភាពបរាជ័យលើបណ្តឹងតវ៉ានៅខេត្តក្រចេះ ដោយសេចក្តីសម្រេចបិទផ្លូវតវ៉ា របស់ក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថានឹងមានបណ្តឹងប្តឹង មន្ត្រីជានខ្ពស់នៃ គ.ជ.ប ទៅកាន់តុលាការ ទាក់ទងនឹងភាពមិនប្រក្រតី ដែលបានរកឃើញមុន និងក្រោយការបោះឆ្នោត។
តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន (រូបកណ្ដាល)។ (រូបថត MONOROOM.info/ O. Vary)
ការប្រកាសប្ដឹង មន្ត្រីជាន់ខ្ពស់នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានថ្លែងបញ្ជាក់ បន្ទាប់ពីតំណាងគណបក្សសង្គ្រោះជាតិ លោកគួយ ប៊ុនរឿន បានចាកចេញពីបន្ទប់សវនាការទាំងការ«ខកចិត្ត» លើសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយលោកបានថ្លែងប្រាប់អ្នកសារព័តមាន ថា«(វា)មិនមានអ្វីប្លែកនោះទេ ហើយក៏មិនមែនជាលើកទីមួយនោះដែរ ដែលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងពីភាពមិនប្រក្រតី នៃការបោះឆ្នោត (...) ក្រុមប្រឹក្សាធម្មនុញ្ញតែងតែបដិសេធ នូវបណ្តឹងរបស់គណបក្សសង្គ្រោះជាតិជានិច្ច»។
«គ្មានចេតនាប្ដឹងអ្នកតូចតាច»
ការប្រកាសដាក់ពាក្យបណ្តឹង ប្តឹង គ.ជ.ប ជាផ្លូវការទៅតុលាការនោះ តំណាងគណបក្សសង្គ្រោះជាតិ លោកគួយ ប៊ុនរឿន បានបញ្ជាក់ថា លោកមិនមានចេតនាណាមួយ ទាមទារឲ្យមានការផ្តន្ទាទោសមន្ត្រីថ្នាក់ក្រោមនៃ គ.ជ.ប នោះទេ តែអ្វីដែលចង់បាន ត្រូវតែស្វែងរកអ្នកបញ្ជាក្នុងរឿងនេះ មកធ្វើការផ្តន្ទាទោស។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលមន្រ្តីថ្នាក់ក្រោមអនុវត្ត តែងតែទទួលបញ្ជាពីថ្នាក់លើនោះ គឺ គ.ជ.ប។
លោកគួយ ប៊ុនរឿន បានថ្លែងដោយមិនសប្បាយចិត្តថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បែរជាបង្គាប់ឲ្យដាក់ទោសទណ្ឌ ទៅលើមន្ត្រីទទួលខុសត្រូវរៀបចំការបោះឆ្នោត «តូចតាច» នៅតាមការិយាល័យមួយចំនួនក្នុងខេត្តក្រចេះទៅវិញ ដោយចោទប្រកាន់ថាមន្រ្តីទាំងនោះ ថាបានប្រព្រឹត្តខុស ក្នុងការបំពេញការងាររបស់ខ្លួន។ ចំណែកមន្រ្តីជាន់ខ្ពស់របស់ គ.ជ.ប ហាក់ដូចជាត្រូវបានរួចខ្លួន ដោយមិនមានការទទួលទោសអ្វីទាល់តែសោះ។ «ក្នុងនាមជាស្ថាប័ន ដែលធានាឲ្យមានការរៀបចំការបោះឆ្នោតមួយ ត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ នោះក៏ត្រូវតែមានទោសដូចគ្នា នឹងមន្រ្តីថ្នាក់ក្រោមដែរ។ (...) ទីបំផុតមន្ត្រីខាងលើរួចខ្លួន មន្រ្តីថ្នាក់ក្រោម តូចតាចបែរជាមានទោស។»
«...ការទទួលខុសត្រូវ និងបទបន្លំឯកសារ ...»
«យើងនឹងធ្វើការពិចារណា ព្រោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា ឯប្រព័ន្ធបោះឆ្នោត ក៏ត្រូវបានបញ្ចប់។ (...) យើងគិតគូរទៅតាមក្រមព្រហ្មទណ្ឌវិញ ត្រូវប្តឹងទៅតុលាការតែម្តង លើមន្ត្រីណាដែលពាក់ព័ន្ធ នឹងភាពមិនប្រក្រតី នៃការរៀបចំនៃការបោះឆ្នោត។ (...) យើងប្តឹងពីបទព្រហ្មទណ្ឌ ទាក់ទងការទទួលខុសត្រូវមួយ និងបទបន្លំឯកសារ និងបទផ្សេងៗទៀត ដែលទាក់ទងទៅនឹងយន្តការនៃការបោះឆ្នោត ទៅលើអ្នកទទួលខុសត្រូវដែលជាសមាជិក គ.ជ.ប តែម្តង។» នេះជាការប្រកាសរបស់លោក គួយ ប៊ុនរឿន។
សេចក្តីសម្រេចរបស់លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានច្រានចោលពាក្យបណ្តឹង លោកកែវ ភារម្យ តំណាងគណបក្សសង្គ្រោះជាតិ និងតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប។ ជាមួយគ្នានេះប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបង្គាប់បញ្ជាទៅ គ.ជ.ប ឲ្យចាត់វិធានការដាក់ទណ្ឌកម្មលើ មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹក ឆ្នោតទាំងប្រាំបីការិយាល័យ នៅឃុំស្វាយជ្រះដោយចោទប្រកាន់ថា ជាអ្នកដែលប្រព្រឹត្តខុស។
ចំណែកលោក ម៉ៅ សុភារិទ្ធ តំណាង គ.ជ.ប មិនបានបញ្ជាក់ពីបញ្ហាខាងលើនោះទេ ដោយគ្រាន់តែលើកឡើងថា លោករងចាំអនុវត្តន៍ការបង្គាប់បញ្ជា តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបានបន្តថា «ក្រោយពេលទទួលបាន សេចក្តីសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប នឹងធ្វើការប្រជុំដើម្បីអនុវត្ត ចំពោះការបង្គាប់បញ្ជា តើនិងដាក់វិន័យទៅលើមន្ត្រីទាំងនោះដោយរបៀបណា?»
នៅល្ងាចថ្ងៃសៅរទី៣១ខែសីហានេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនទាន់ទទួលបានប្រតិកម្មពី មន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅឡើយទេ។
សូមរម្លឹកថា ការគម្រាមប្តឹងមន្រ្តី គ.ជ.ប ទៅតុលាការនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែសីហានេះ នៅទីលានប្រជាធិបតេយ្យ ក៏ធ្លាប់បានប្រកាសទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែរថា «គណបក្ស សង្គ្រោះជាតិ និងប្តឹងពីមន្រ្តីនៃគ.ជ.ប ទៅតុលាការពាក់ពន្ធ័នឹងភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ បើសិនជាគ្មានការដោះស្រាយ ដោយយុត្តិធម៌ណាមួយ ជូនដល់ម្ចាស់ឆ្នោតនោះទេ»៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣១ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ