ស៊ីរី៖ អាមេរិកនិងបារាំងត្រៀមវាយ ទីក្រុងដាម៉ាសថា ម្រាមដៃចាំតែកេះកៃទទួល
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: September 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងកំពុងរងចាំ ការរំលោភឈ្លានពានណាមួយ នៅគ្រប់ពេលវេលាទាំងអស់ ហើយយើងក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកវិញនៅគ្រប់ពេលដែរ» នេះជាសម្ដីរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ ផ្នែកខាងសន្តិសុខនៃរបបគ្រប់គ្រងស៊ីរី ដែលលើកពីករណីនៃវាយប្រហារណាមួយ ពីសំណាក់កងទ័ពបស្ចឹមលោក ទៅលើរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad)។
មនុស្សទាំងស្រីប្រុស ក្មេងចាស់ ដួលដេកស្លាប់នឹងឧស្ម័នគីមីបំពុល នៅតំបន់ជាយក្រុងដាម៉ាស ប្រទេសស៊ីរី។ (រូបថត Liberation.fr)
របបគ្រប់គ្រងនៅប្រទេសស៊ីរីនេះ ត្រូវបានគេសង្ស័យថា បានធ្វើការវាយប្រហារដែលមានជាតិថ្នាំគីមីពុល កាលពីថ្ងៃទី២១ខែសីហាកន្លងទៅ ទៅលើពួកអ្នកបះបោរ និងប្រជាជនស្លូតត្រង់ខ្លួនឯង។ សហរដ្ឋអាមេរិក ក្នុងពេលនេះ បានដាក់ពង្រាយនាវាចម្បាំងយក្សធំៗ នៅព័ទ្ធជុំវិញប្រទេសនេះ ហើយទំនងជាបើការវាយប្រហារ ក្នុង«ប៉ុន្មានម៉ោង»ខាងមុខនេះ។
បារាំង សម្ព័នមិត្តចាក់ទឹកមិនលេចថ្មីមួយ ជាមួយសហរដ្ឋអាមេរិក?
ទីក្រុងប៉ារីស បានប្រកាសខ្លួនរួចជាស្រេច ក្នុងការរួមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីអន្តរាគមន៍យោធាអន្តរជាតិ សំដៅវាយប្រហាររបបស៊ីរី ដែលផ្ទុយពីជំហររបស់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ដែលជានិច្ចជាកាលជំទាស់នឹងប្រត្តិបត្តិការយោធានេះ។ សាធារណមតិបារាំង ប្រមាណជា៦៤% បានប្រឆាំងនឹងការចូលរួមនេះ មិនខុសគ្នាប៉ុន្មាននឹងទីក្រុងឡុងដ៍ ដែលសភាជាន់ទាបរបស់ខ្លួន បានជំទាស់ទៅនឹងប្រតិបត្តិការយោធាដូចគ្នាដែរ ដោយពួកគេខ្លាចបារម្មណ៍ ពីព្រឹត្តិការណ៍មិនអាចស្មានទុកមុនបាន ដូចនៅប្រទេសអៀរ៉ាក់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉ារីសបានអះអាងថា ខ្លួននៅរងចាំលទ្ធផលនៃការស៊ើបអង្កេត របស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ដែលបានចូលទៅស្វែងរកការពិត នៅក្នុងប្រទេសស៊ីរីជុំវិញការវាយប្រហាដោយជាតិគីមី ហើយនឹងត្រូវបញ្ចេញឲ្យដឹងនៅក្នុងចុងសប្ដាហ៍នេះ។
ទណ្ឌកម្មប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី តែមិនផ្ដួល អាលអាសាធ ទេ
ប្រទេសបារាំង និងប្រទេសអាមេរិក បានរំពឹងរួចជាស្រេចថា អន្តរាគមន៍យោធានេះ មិនមានរយៈពេលវែងទេ ហើយក៏មិនមានបំណងចង់ទម្លាក់រដ្ឋអំណាចលោក បាឆារ អាលអាសាធនោះដែរ។ ប្រទេសទាំងពីរថែមទាំងបាននិយាយថា មិនបានបន្ថែមទម្ងន់ទៅលើសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីនោះទេ តែអះអាងថា«មិនយល់ព្រម ឲ្យប្រទេសមួយបំពុលប្រជាជនខ្លួនឯង មានទាំងស្ត្រីទាំងកុមារយ៉ាងដូច្នេះទេ»។
រហូតមកដល់ម៉ោងនេះ ក្រុមការងាររបស់ អ.ស.ប ដែលចូលទៅធ្វើការស៊ើបអង្កេត តាំងពី៤ថ្ងៃមកហើយនោះ នៅស្ងៀមស្ងាត់មិនបានមាត់កអ្វីទាំងអស់ ទៅលើការសម្លាប់រង្គាលនៃអាវុធគីមី ដែលទំនងជាមានពិតប្រាកដ តែមិនទាន់ធ្លោយឲ្យដឹងថានរណាជាដើមហេតុនៅឡើយ ខណៈពេលដែលរដ្ឋអំណាច និងក្រុមបះបោរចោទគ្នាទៅវិញទៅមក។ ប៉ុន្តែលោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការនៃ អ.ស.ប និងសហរដ្ឋអាមេរិក បានអះអាងថាពួកគេមិនគិតថា របាយការណ៍របស់ក្រុមការងារនេះ នឹងផ្ដល់ជាលទ្ធផលច្បាស់ការប៉ុន្មាននោះឡើយ។
នាវាចម្បាំងយក្ស ផ្ទុកដោយយន្ដហោះប្រដេញអាមេរិក ត្រូវបានបញ្ជូនទៅពង្រាយនៅសមុទ្រមេឌីទែរ៉ាណេ។ (រូបភាព TF1)
នៅក្រុមប្រឹក្សាសន្តិសុខ រ៉ូស្សីឃាំងជាប់ !
ការយកវត្ថុតាងមួយចំនួន យកមកពិសោធន៍នៅក្នុងមន្ទីរពិសោធន៍មួយ នៅអ៊ឺរ៉ុប ទំនងជាត្រូវប្រើរយៈពេលយូ អាចដល់ច្រើនសប្ដាហ៍។ ម្យ៉ាងទៀត ជាមួយនឹងភាពជាប់គាំង នៅក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប តាំងពីជាងពីរឆ្នាំកន្លះមកហើយនោះ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ទំនងជាមិនរងចាំបន្តទៅទៀតទេ។ ប្រតិបត្តិការនេះ យ៉ាងហោចណាស់ ក៏អាមេរិកមានបារាំង នៅក្បែរជាមួយ។
សម្រាប់ប្រធានាធិបតីបារាំង លោក ហ្វ្រងស៊័រ ហូឡង់ (François Hollande) វាដល់ពេល ដែល«សហគមន៍អន្តរជាតិ ត្រូវធ្វើប្រតិកម្ម»ហើយ។
ចំណែកទីក្រុងម៉ូស្គូវិញ មើលសំនុំរឿងនេះ មិនសូវចំដូចក្រុមប្រទេសនៅបស្ចឹមលោកទេ។ នៅថ្ងៃសៅរ៍ទី៣១ខែសីហានេះ ប្រធានាធិបតីរ៉ូស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានចាត់ទុកថា ជា«ឆាកកំប្លែងទាំងស្រុង» នូវការចោទប្រកាន់ទាំងឡាយ ប្រឆាំងរបបគ្រប់គ្រងស៊ីរីសព្វថ្ងៃ ដែលថារបបនេះបានប្រើឧស្ម័នគីមីពុល។ ប្រធានាធិបតីរូបនេះក៏បានថ្លែងដែរថា លោកមិនរងចាំអ្វីច្រើន ពីរបាយការណ៍លទ្ធផលនៃក្រុមការងាររបស់ អ.ស.ប ទេ។ ទោះជារបាយការណ៍នោះ មានរូបរាងយ៉ាងណាក៏ដោយ ក៏លោកបាននិយាយថា មិនមែននៅក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប ទេ ដែលអាចធ្វើឲ្យស្ថានភាពនៅស៊ីរី មានភាពល្អប្រសើរនោះ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ