កូរ៉េខាងត្បូង មិនជឿថា ព្យុងយ៉ាង មានសមត្ថភាពភ្ជាប់គ្រាប់នុយក្លេអ៊ែរ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រទី១២ខែមេសានេះ ថា«នៅសង្ស័យ» ពីសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការបាញ់កាំជ្រួចបញ្ជាពីចម្ងាយ មានភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដូចទៅនឹងការអះអាងរបស់របាយការណ៍«ព័ត៌មានយោធា» របស់អ្នកតំណាងរាស្ត្រអាមេរិកាំង ដែលចេញផ្សាយមកមុនហ្នឹង។
កាំជ្រួចរបស់កូរ៉េខាងជើង ក្នុងក្បួនព្យុហយាត្រានៅទីក្រុងព្យុងយ៉ាង។
«ប្រទេសកូរ៉េខាងជើង បានឈានទៅដល់ការសាកល្បងនុយក្លេអ៊ែរ បីដង ប៉ុន្តែវានៅតែជាការសង្ស័យនៅឡើយ ដែលថាកូរ៉េខាងជើង បានផលិតក្បាល់គ្រាប់នុយក្លេអ៊ែរ ដែលមានទំហំតូច និងស្រាល ហើយអាចដាក់តម្លើងនៅលើកាំជ្រួចបាននោះ» នេះជាការប្រកាសអោយដឹង របស់អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក គីម មីន-សេអក (Kim Min-Seok)។
«តែប្រទេសកូរ៉េខាងជើង កំពុងដើរសម្ដៅទៅរកគោលដៅនេះ ដែលនឹងអាចផលិតបាននូវ ក្បាលគ្រាប់នុយក្លេអ៊ែរដ៏តូចបំផុត ដើម្បីចាប់តម្លើងនៅលើកាំជ្រួច» លោកបានបន្ថែម។
ការពីថ្ងៃព្រហស្បត្តិ៍ ម្សិលម៉ិញ តំណាងរាស្ត្រម្នាក់នៃរដ្ឋកូឡូរ៉ាដូ (Colorado) របស់គណបក្សសាធារណរដ្ឋ លោក ដូង លាំប៊ន (Doug Lamborn) បានបញ្ជាក់នៅក្នុង របាយការណ៍ព័ត៌មានយោធាមួយ មានឈ្មោះជាភាសាអង់គ្លេស (Defense Intelligence Agency - DIA) ថា ប្រទេសកូរ៉េខាងជើង មានសមត្ថភាពធ្វើអោយមានរូបរាងតូច នូវអាវុធនុយក្លេអ៊ែរ និងអាចចាប់តម្លើងដាក់នៅលើកាំជ្រួចបញ្ជាពីចម្ងាយបាន។ ប៉ុន្តែរបាយការណ៍បានបន្ថែមថា អាវុធទាំងនេះ នៅមានប្រសិទ្ធិភាពខ្សោយនៅឡើយ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា សហរដ្ឋអាមេរិកមិនគិតថា កូរ៉េខាងជើងមានសមត្ថភាពដល់កម្រិតណ្នឹងទេ។
ចំណែកមន្ទីរប៉ង់តាហ្គោន បានលើកបញ្ជាក់ថា វាជាភាពមិនជាក់លាក់ និងជាកំហុសមួយ ដែលលើកមកនិយាយថា របបទីក្រុងព្យុងយ៉ាង បានសាកល្បងបានទាំងស្រុងនោះ នូវប្រភេទអាវុធបង្ហាញដោយអ្នកតំណាងរាស្ត្រនោះ។
បស្ចឹមលោក កំពុងតែគិតថា កូរ៉េខាងជើងទំនងជានឹងបាញ់សាកល្បង នៅក្នុងពេលឆាប់ៗនោះ នូវកាំជ្រួចទាំងនេះ ក្នុងខណៈដែលសភាពតានតឺង កំពុងកើតមានយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ។ ប្រទេសកុម្មុយនីស បានចល័តកាំជ្រួចរយៈមធ្យម ម៉ូស៊ូដង់ (Musudan) ចំនួនពីដើម ទៅកាន់តំបន់ឆ្នេរខាងកើតរបស់ខ្លួន បើទោះជាមានការប្រកាស មិនសប្បាយចិត្ត របស់ប្រទេសចិត្តដែលជាសម្ព័ន្ធមិត្តខ្លួននោះក៏ដោយ។ កាំជ្រួចម៉ូស៊ូដង់ អាចបាញ់បានចម្ងាយ ៤០០០គីឡូម៉ែត្រ រហូតទៅដល់មូលដ្ឋានយោធាអាមេរិក ស្ថិតនៅលើកោះហ្គាម (Guam) កណ្ដាលមហាសមុទ្រប៉ាស៊ីភីក។
ប្រភពជាច្រើន រួមនឹងអ្នកជំនាញផង បាននិយោបាយថា ការបាញ់កាំជ្រួច អាចនឹងធ្វើនៅជុំវិញថ្ងៃទី១៥មេសាខាងមុខ ដែលជាថ្ងៃខួបកំណើតនៃបីតាស្ថាបនិក របស់ប្រទេស លោកគីម អ៊ីល ស៊ុង (Kim Il-Sung)៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ