ព្រឹកនេះ ក្រុងព្យុងយ៉ាងសាកគ្រាប់បែកនុយក្លេអ៊ែរលើកទី៦
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 03, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនមុនគេ បានជឿជាក់ថា ការរញ្ជួយដីដែលទំនងជាបានកើត នៅក្នុងទឹកដីកូរ៉េខាងជើង គឺជាការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ហើយនេះ គឺជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៦ហើយ របស់របបកុម្មុយនីស្ដកូរ៉េ រាប់ចាប់តាំងពីការសាកល្បង លើកទីមួយ ក្នុងឆ្នាំ២០០៦នោះមក។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានថ្លែង នៅពេលចេញពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ឲ្យដឹងថា៖ «បើតាមការត្រួតពិនិត្យទិន្និន័យ ដែលទទួលបាន យើងសន្និដ្ឋានថា វាជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ»។
ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏បានដាក់ពង្រាយយន្ដហោះយោធា ចំនួន៣គ្រឿង ដើម្បីកំណត់មើលពីជាតិវិទ្យុសកម្ម ដែលអាចរាលដាល មកដល់ទឹកដីជប៉ុន។
ប្រសិនជាកូរ៉េខាងជើង «បានសម្រេចធ្វើជាថ្មី នូវការសាកល្បងនុយក្លេអ៊ែរ វាពិតជាមិនអាចទទួលយកបានទេ» នេះជាការប្រតិកម្ម របស់លោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន នៅមុនការអះអាង របស់រដ្ឋាភិបាលលោក ថាវាប្រាកដជាការសាកល្បង បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។
ខ្លាំងជាង៥ដង លើសការផ្ទុះនៅក្រុង ណាហ្គាសាគី...
សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ ប្រធានគណៈកម្មការការពារជាតិ របស់ប្រទេសនេះ បានប្រកាសឲ្យដឹងដែរថា កម្រិតនៃការរញ្ជួយនេះ ជាលទ្ធផលនៃការផ្ទុះ ដែលមានទំងន់ ១០០គីឡូតោន ដែលខ្លាំងជាង៥ដង ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ របស់កងទ័ពអាមេរិក នៅក្រុង ណាហ្គាសាគី (Nagasaki) ក្នុងសង្គ្រាមលោកលើកទី២។
ទីភ្នាក់ងារព័ត៌មាន យ៉ុងហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានស្រង់ទិន្នន័យ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រ មករាយការណ៍ថា ការរញ្ជួយដីសិប្បនិមិត្ត ដែលបានកើតឡើង នៅថ្ងៃអាទិត្យនេះ ក្នុងទឹកដីកូរ៉េខាងជើង មានកម្រិត ៩,៨ដង ខ្លាំងជាងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៥របស់របបកុម្មុយនីស ដែលបានសាកល្បងធ្វើ កាលពីខែកញ្ញា ឆ្នាំទៅម៉ិញ។
ខ្លាំងជាង១០ លើសការបំផ្ទុះលើកមុន...
អ្នកទទួលខុសត្រូវម្នាក់ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងថា៖ «មិនគ្រាន់តែខ្លាំងជាង ៩,៨ ដង លើសការសាកល្បងលើកមុនទេ តែវាជាកម្រិតដ៏ខ្លាំងបំផុតមួយ មិនដែលធ្លាប់ត្រូវបានធ្វើ ក្នុងពេលកន្លងមក ដោយក្រុងព្យុងយ៉ាង»។
ទីភ្នាក់ងារ យ៉ុងហាប់ ដដែល បានបញ្ជាក់ថា លោកប្រធានាធិបតី គីម យង់ស៊ូ (Kim Young-soo) ត្រូវបានជម្រាបឲ្យដឹង ពីករណីខាងលើនេះ ដោយកងទ័ពកូរ៉េខាងត្បូងរួចរាល់ហើយ៕