អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»

ប្រទេសអូស្ត្រាលី ដែលបានអះអាងថា ខ្លួនជាមិត្តភ័ក្រដ៏យូរអង្វែងរបស់កម្ពុជា បានសំដែងក្ដីបារម្ភ របស់ផងខ្លួន នៅចំពោះការចាប់ចង មេដឹកនាំគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីស្ថានទូត នៃកោះអូស្ត្រាលី ប្រចាំនៅកម្ពុជា បានហៅការចាប់ខ្លួននោះ ថាបានបង្ហាញ ពីការវិវត្តន៍ កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ នៅមុនការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់ ក្នុងឆ្នាំខាងមុខ។
អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អូស្ត្រាលីមានក្តីបារម្ភ ជាពិសេសលើការចាប់ខ្លួន របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនពេលការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។» នេះ ជាអ្វី ដែលអាចអានបាន នូវសេចក្ដីថ្លែងការណ៍ សរសេរជាភាសាអង់គ្លេស និងបកប្រែជាខេមរភាសា ផ្សាយចេញពីស្ថានទូតអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

បើទោះជារដ្ឋាភិបាលកម្ពុជា បានអះអាងថា ការចាប់ខ្លួននោះ ធ្វើឡើងពីបទ«ឃុបឃិតជាមួយបរទេស ក្នុងការបំផ្លិចបំផ្លាញកម្ពុជា» និងជាការអនុវត្តន៍ច្បាប់នីតិរដ្ឋ នោះក៏ដោយ តែព្រឹត្តិការណ៍នៃការចាប់ខ្លួន បានកើតឡើងស្របពេល នឹងវិធានការជាច្រើនផ្សេងទៀត ពីសំណាក់រដ្ឋាភិបាល ដែលត្រូវបានអនុវត្តន៍ ប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​មួយចំនួន នៅក្នុងប្រទេស។

ប្រទេសអូស្ត្រាលី បានសំដែងក្តីបារម្ភ របស់ផងខ្លួន និងបានហៅការវិវត្តន៍ នៃវិធានការថ្មីៗទាំងនោះ ថា«បានគំរាមកំហែង ដល់លំហរនយោបាយ ជាពិសេសសេរីភាព របស់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ក្នុងការដើរតួនាទីរបស់ពួកគេ ក្នុងលទ្ធិប្រជាធិបតេយ្យ ដ៏ទូលំទូលាយនៅកម្ពុជា»។

សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «យើងសូមជំរុញអាជ្ញាធរកម្ពុជា ឲ្យចាត់វិធានការណ៍ចាំបាច់នានា ដើម្បីរក្សានូវលំហរលទ្ធិប្រជាធិបតេយ្យបើកចំហរ ដែលអាចឲ្យមានការបញ្ចេញ នូវទស្សនៈផ្សេងៗ។ សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ សារពត៌មានដែលរស់រវើក និងគណបក្សប្រឆាំង ដែលសកម្ម ជាធាតុផ្សំដ៏សំខាន់ នៃដំណើរលទ្ធិប្រជាធិបតេយ្យ ប្រកបដោយជោគជ័យ។»។

«ក្នុងនាមជាមិត្តភក្តិដ៏យូរអង្វែង របស់កម្ពុជា អូស្ត្រាលីសូមជំរុញដល់កម្ពុជា អនុវត្តយ៉ាងពេញលេញ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចដែលបានអះអាង ក្នុងធម្មនុញ្ញអាស៊ាន និងគោរព សេរីភាពនៃការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំដោយសន្តិភាព»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...