អ៊ុំ សំអាន រង់ចាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ

រង់ចាំគណបក្សសង្គ្រោះជាតិ មកវិញសិន! នេះ ជាអ្វីដែលលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ របស់គណបក្សប្រឆាំង និងជាសកម្មជន ជំនាញខាងព្រំដែន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលចង់ដឹងថា តើលោកនឹងគិតមើលយ៉ាងណា ចំពោះអនាគតរបស់លោក។
អ៊ុំ សំអាន រង់ចាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ
អតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន នៅចំពោះអ្នកគាំទ្រ និងអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចេញពីពន្ធនាគារព្រៃស ក្នុងល្ងាចថ្ងៃសៅរី៍ ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 25, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការសាកសួរ របស់អ្នកសារព័ត៌មាន បន្ទាប់ពីលោក បានចេញពីពន្ធនាគារ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងពីជំហរនយោបាយ របស់លោកថា លោករង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ នឹងអាលប្រឡូក ក្នុងជីវភាពនយោបាយវិញ ក្នុងនាមលោក ជាអ្នកនយោបាយ។

លោក អ៊ុំ សំអាន ដែលបានប្រកាសដកខ្លួន ចេញពីគណបក្សសង្គ្រោះជាតិ នៅមុនពេលធ្វើវិសោធនកម្ម ដ៏ចម្រូងចម្រាស់ នៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំកន្លងទៅនោះ បានថ្លែងនៅមុខអ្នកសារព័ត៌មាន នៅមុននេះថា៖

«ឥឡូវនេះ ដោយសារខ្ញុំ ជាអ្នកគាំទ្រសង្គ្រោះជាតិ មួយរូបដ៏ឆ្អិនឆ្អៅ (...) ដូច្នេះកាលណា អត់មានសង្គ្រោះជាតិ ខ្ញុំអត់ចូល​ ជាមួយគណបក្សណាផ្សេងទៀតទេ។ រហូតដល់បក្សសង្គ្រោះជាតិវិលមកវិញ ខ្ញុំនឹងចូលវិញហើយ។ ខ្ញុំជាអ្នកនយោបាយ ត្រូវតែចូលធ្វើនយោបាយ ប៉ុន្តែត្រូវតែចាំសង្គ្រោះជាតិ មកវិញសិន។»

លោក អ៊ុំ សំអាន ជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ មួយរូបទៀត ដែលត្រូវបានដោះលែង ចេញពីពន្ធនាគារ ក្នុងល្ងាចថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរ​របស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ហ៊ុន សែន។ ប៉ុន្តែការដោះលែងនេះ ធ្វើឡើងតែជាង១ខែ​ប៉ុណ្ណោះ មុនរយៈពេលផុតកំណត់ នៃការផ្ដន្ទាទោស ទៅលើរូបលោក។

អតីតតំណាងរាស្ត្រ និងជាសកម្មជន ជំនាញខាងកិច្ចការព្រំដែនរូបនេះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន ទាំងរូបលោកមានអភ័យឯកសិទ្ធិ មុននឹងត្រូវផ្ដន្ទាទោស ដោយតុលាការកម្ពុជា ដោយដាក់ពន្ធនាគារ ក្នុងរយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៤លានរៀល បន្ទាប់ពីលោក តែងធ្វើអត្ថាធិប្បាយ និងលើកយកពីភស្តុតាងជាច្រើន ស្ដីពីការបាត់បង់ទឹកដីកម្ពុជា ទៅឲ្យប្រទេសវៀតណាម។

យ៉ាងណា លោកហាក់មិនបានសំដែងក្ដីមួហ្មង នឹងការឃុំខ្លួន អស់រយៈពេល ជាង២ឆ្នាំមកនេះទេ។ លោកថ្លែងឡើងថា៖ «រយៈពេលពីរឆ្នាំជាង ខ្ញុំចាត់ទុកដូចថា ជាការធ្វើជំនួញរយៈពេលខ្លី នៅក្រៅប្រទេសចុះ។ ឥឡូវខ្ញុំបានបញ្ចប់ បេសកកម្មនៃការធ្វើជំនួញ រយៈពេលខ្លី នៅក្រៅប្រទេស ហើយមកជួប (...) ហើយនឹងរួមរស់ ជាមួយបងប្អូនខ្មែរយើងវិញ នៅក្នុងប្រទេសកម្ពុជា»។

អតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំង បានសំដែងក្ដីសង្ឃឹមថា អ្នកទោស«មនសិការ និងនយោបាយ»ដទៃទៀត នឹងត្រូវបានដោះលែង នៅសប្ដាហ៍ខាងមុខ។ ខណៈរូបលោកបានអះអាងថា នឹងនៅក្នុងប្រទេសកម្ពុជា ជួបជុំជាមួយ​ញាតិមិត្តបងប្អូន ប្រមាណជា៣សប្ដាហ៍សិន មុននឹងលោកចាកចេញ ទៅជួបជុំភរិយា និងកូន នៅឯសហរដ្ឋអាមេរិក៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...