រវាង«ភស្តុតាងកាលៈទេសៈ» និង«ភស្តុតាងដោយផ្ទាល់»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 16, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចាប់ចងមនុស្ស ដោយអាជ្ញាធរ ឬដោយតុលាការកម្ពុជា បានធ្វើឡើងខ្លាំង ភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមបាតុករ នាស្ពាននាក ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ មេធាវីរបស់ជនសង្ស័យទាំងអស់ សុទ្ធតែបានអះអាងថា ពួកគេមានភស្ដុតាងជាវីដេអូ ឬជាសាក្សីរស់ អះអាងពីភាពគ្មានទោសពៃរ៍ របស់កូនក្ដីរបស់ពួកគេ។ តែផ្ទុយទៅវិញ តុលាការនៅតែមានអំណះអំណាង ពីការរកឃើញទោសកំហុស ហើយចាប់ក្រុមជនសង្ស័យទាំងនោះ ដាក់ពន្ធនាគារបានរហូត មកទល់នឹងសព្វថ្ងៃ (បើទោះជាពួកគេខ្លះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្នក៏ដោយ)។
ករណីនេះ ត្រូវបានអ្នកច្បាប់ពន្យល់ថា ដោយសារតែតុលាការ និងអាជ្ញាធរកម្ពុជា ដឹកនាំដោយរដ្ឋាភិបាលសព្វថ្ងៃ សំអាងលើ«ភស្ដុតាងកាលៈទេសៈ» ក្នុងការដាក់ទោស ជាជាង«ភស្ដុតាងដោយផ្ទាល់»។ ភស្ដុតាងកាលៈទេសៈ ត្រូវបានពន្យល់ថា ជាព្រឹត្តិការណ៍នយោបាយ និងសង្គម ដែលចេះតែមានជាហូរហែរ រាប់ចាប់តាំងពីមានរលកតវ៉ា របស់ក្រុមអ្នកមិនពេញចិត្ត នឹងលទ្ធផលនៃការបោះឆ្នោតសកល ឆ្នាំ២០១៣កន្លងមក។ ការតវ៉ាចេះតែបន្តមាន ការបង្ក្រាប ដែលឈានទៅដល់ ការស្លាប់របួស និងបាត់ខ្លួន ក៏ចេះតែកើតមានឡើងដែរ។ ដូច្នេះការចាប់ឃាត់ខ្លួន ឬឃុំខ្លួន ទៅលើបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រ របស់គណបក្សប្រឆាំង អ្នកដឹកនាំការតវ៉ា ឬអ្នកតវ៉ា ដែលមានក្នុងរយៈពេលនោះ សុទ្ធតែសំអាងលើ «ភស្ដុតាងកាលៈទេសៈ» នេះឯង។
ដោយឡែក «ភស្តុតាងដោយផ្ទាល់» ដែលច្បាប់ទទួលស្គាល់នោះ តែងតែត្រូវបានតុលាការ ឬអាជ្ញាធរ ច្រានចោល ឬបិទចោល មិនយកមកពិចារណារទៅវិញ។
ទាក់ទងនឹងបញ្ហា «ភស្តុតាងកាលៈទេសៈ» និង «ភស្តុតាងដោយផ្ទាល់» លោក សុខ សំអឿន អ្នកឯកទេសច្បាប់ម្នាក់នៅកម្ពុជា បានយកសាច់រឿង «ស្ត្រីនិងសត្វស្កា» នៅក្នុងរឿងព្រេងនិទាន«មារយើង» មកធ្វើការពន្យល់ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «កាលពីសម័យថ្ងៃមួយ មានស្រ្តីមេម៉ាយម្នាក់ ប្តីស្លាប់ចោល បន្សល់នូវកូនខ្ចីម្នាក់ និងសត្វស្កាមួយ។ សត្វស្កាចេះណាស់ វាចេះថែររក្សាផ្ទះ និងការពារផ្ទះមិនឲ្យមាន សត្វសាហាវណា មកក្បែរផ្ទះវាទេ»។
«ថ្ងៃមួយស្រីមេម៉ាយ មានធុរៈ ចំាបាច់ទៅផ្សារ ដោយគិតថា ខ្លួនទៅតែមួយភ្លែតនោះ នាងក៏ទុកកូននៅផ្ទះ ដោយដាក់ឲ្យដេកក្នុងអង្រឹង ហើយឲ្យសត្វស្កា នៅចាំមើល។ ទៅមួយសន្ទុះ នាងក៏ត្រលប់មកផ្ទះវិញ ពេលបើកទ្វាឡើង ស្រាប់តែឃើញ ឈាមប្រលាក់ពេញផ្ទះ ផាហ៊ុំដែលដណ្តប់កូន ក៏ធ្លាក់រតាត់រតាយ។ កំពុងតែបារម្ភ លេចសត្វស្កា ស្ទុះចេញពីគៀនទ្វា ដោយមាត់របស់វា ប្រលាក់សុទ្ធតែឈាម។»
លោកបានចោទ ជាសំនួរថា លោកអ្នកគិតមើល តើនាងមេម៉ាយគិតថាដូចម្តេច? មុននឹងលោកឆ្លើយ ដោយខ្លួនលោកថា៖ «គឺនាងគិតថា ប្រាកដជាសត្វស្កាណ្នឹងហើយ វាស៊ីកូនរបស់នាង»។ បន្ទាប់មក លោកបានបន្តសំនួរទៀតថា បើគិតដូចនេះ តើនាងបានធ្វើអ្វីទៅ?
«នាងទាញព្រនង់ (នៅ)គៀនទ្វា សំពងសត្វស្កា រហូតដល់ស្លាប់។ ពេលនោះ ស្រាប់តែនាងឮសំលេងកូនរបស់គាត់ យំក្នុងអង្រឹង។ នាងស្ទុះទៅមើល ឃើញកូនរបស់នាង នៅរស់នៅឡើយ។ នាងលើកកូនពរឡើង (...) ទើបនាងឃើញសាកសព ពស់វែកមួយក្បាល ស្លាប់ដោយមានរបួស ដោយធ្មេញសត្វស្កា។ (ស្ដាយក្រោយ ព្រោះ) នាងបានសម្រេចចិត្ត ប្រហារជីវិតសេនាដ៏ស្មោះត្រង់ (...) និងដែលបានការពារជីវិត កូនជាទីស្រលាញ់ របស់នាង។»
លោក សុខ សំអឿន បានសរសេរពន្យល់ថា៖ «ការដែលនាងបានឃើញឈាម និង ឈាមប្រលាក់មាត់ របស់សត្វស្កា តែមិនបានឃើញសត្វស្កា កំពុងតែខាំកូន របស់គាត់នោះ គេហៅថា "ភស្តុតាងកាលៈទេសៈ (Circumstantial Evidence)"។ តែបើគាត់បានឃើញ សកម្មភាពប្រព្រឹត្ត គឺឃើញសត្វស្កា កំពុងតែខាំកូនគាត់ នោះគេហៅថា "ភស្តុតាងដោយផ្ទាល់ (Direct Evidence)"»។
ដូច្នេះការអនុវត្តច្បាប់នៅកម្ពុជា ពិសេសបើរដ្ឋាភិបាល ចង់ចាប់ខ្លួនបុគ្គលណាម្នាក់ ដែលមិនគាំទ្រខ្លួន សូមកុំអនុវត្ត តាមបែប«ភស្តុតាងកាលៈទេសៈ» ត្រូវស្វែងរកឲ្យឃើញ នូវ«ភស្តុតាងដោយផ្ទាល់»ជាមុនសិន ទើបអាចសម្រេចបានថា អ្នកនោះពិតជាបានប្រព្រឹត្តិ ល្មើសឬ យ៉ាងណា? ទាំងអ្នកកាត់ក្តី ទាំងអ្នកស៊ើបអង្កេត សូមកុំទទួលយកត្រឹមតែ «ភស្តុតាងកាលៈទេសៈ» ហើយធ្វើការសម្រេច ជោគវាសនារបស់ «បុគ្គលណាម្នាក់» ក្នុងពន្ធនាគារនោះ។
អ្នកជំនាញខាងច្បាប់រូបនេះ បានពន្យល់ ជំនួសផ្លូវចិត្តមនុស្ ដែលជាប់ពន្ធនាគារ ទាំងអយុត្តិធម៌ថា៖ «កាលពីខ្ញុំរស់នៅ ក្នុងសម័យប៉ុលពត គឺអត់មានជញ្ជាំងទេ តែ ១ថ្ងៃ យូរដូច ១ឆ្នាំ។ វេទនាណាស់ ការរស់នៅដោយគ្មានសេរីភាព! ចុះទំរាំគ្នារស់នៅ ដោយគ្មានសេរីភាព ក្នុងគុកដែលមានជញ្ជាំងនោះ?»។ លោកបានសង្កត់ធ្ងន់ទៀតថា៖ «ការដាក់ទោសមនុស្ស ដែលគ្មានកំហុស ក៏ជានីរទណ្ឌភាព (...) ហើយក៏ជាអំពើបាបមួយផងដែរ!»៕