ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិ សម រង្ស៊ី បើលោកឈ្នះក្ដី
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មករា ២០១៧
- កែប្រែចុងក្រោយ: January 31, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថានការណ៍នយោបាយកម្ពុជា បានឈានមកដល់របត់ថ្មីមួយទៀត គឺការប្រកាសរឹបអូសទ្រព្យសម្បត្តិ របស់គណបក្សប្រឆាំង ជាចំហរ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឧគ្ឃោសនាសព្ទ នៃរដ្ឋសភាជាតិ នៅព្រឹកថ្ងៃអង្គារនេះ។ ក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីដកតំណែងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច នៃរដ្ឋសភា លោក ហ៊ុន សែន បានថ្លែងព្រមានដូច្នេះ ក្នុងករណីដែលលោក បានឈ្នះក្ដីនៅឯតុលាការ ទាក់ទងនឹងបណ្ដឹងបរិហាកេរ្ដិ៍ ដែលលោកបានប្ដឹងលោក សម រង្ស៊ី ទារឲ្យសងជំងឺចិត្ត នូវទឹកប្រាក់ ១លានដុល្លារ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងឡើងថា លោករង់ចាំឲ្យតែសាលក្រម ចូលជាស្ថាពរ នឹងអាលឲ្យមេធាវីរបស់លោក ស្នើរទៅតុលាការ ដើម្បីចេញដីការក្សាការពារទ្រព្យសម្បត្តិ នៅក្នុងប្រទេសទាំងប៉ុន្មាន របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី រួមទាំងទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិផង ដើម្បីដាក់លក់«ឡៃឡុង» និងយកទៅជួយជនពិការ។
បុរសខ្លាំង បានលើកឡើងដូច្នេះថា៖ «លើកនេះ ខ្ញុំយកហើយ លុយ! អត់មានយកតែមួយរៀល ដូច ថាក់ ឡានី ទេ។ ខ្ញុំទារ មួយលានដុល្លារ។ តែសាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន។ បើកាលណាសាលក្រមនេះចូល (ជាស្ថាពរ) ហើយ នឹងបង្កកទ្រព្យសម្បត្តិ សុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពួកហ្នឹងចោល ឲ្យអស់ហ្មង ដើម្បីឲ្យរាង។ ឮថាស្នាក់ការគណបក្ស ដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេ លក់ស្នាក់ការគណបក្សហ្នឹងលក់ឡៃឡុង។ អ្នកឯងស្អី អាងរួចខ្លួន!»។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «ដីជាច្រើនកន្លែង របស់អ្នកឯង នៅខេត្ដព្រះសីហនុ ក៏រឹបអូសបានដែរ ហើយការរឹបអូសនេះ យកមកធ្វើជាអាគារ សម្រាប់ឲ្យជនពិការនៅ»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពីទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រតិកម្មតប ទាក់ទងនឹងការព្រមានខាងលើនេះថា ជារៀងរាល់ការលើកឡើង របស់លោក ហ៊ុន សែន តុលាការនៅកម្ពុជា តែងធ្វើការដុតដៃដុតជើង ចាត់ចែងស្របតាម។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងរូបនេះ បាននិយាយថា ប្រសិនជាមានការធ្វើបែបនេះ មែននោះ វានឹងរឹងរឹតតែធ្វើឲ្យពលរដ្ឋ កាន់តែគាំទ្រគណបក្សប្រឆាំង ខ្លាំងឡើងថែមទៀត។
លោក ហ៊ុន សែន នៅបានយកវេទិការរដ្ឋសភាដដែល ដើម្បីហាមទៅអាជ្ញាធរ មិនឲ្យធ្វើការផ្ទេរទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិ របស់លោក សម រង្ស៊ី ទៅអ្នកណាផ្សេងឡើយ។ លោកថែមទាំងជំរុញឲ្យ លោក ហេង សំរិន និងលោក ហោ ណាំហុង ដែលជាម្ចាស់បណ្តឹង ប្តឹងលោក សម រង្ស៊ី ក្នុងពេលកន្លងមកដែរនោះ ធ្វើយ៉ាងណានាំគ្នាដាក់សម្ពាធ ឲ្យមេដឹកនាំបក្សប្រឆាំងសងជម្ងឺចិត្ត រាប់ម៉ឺនដុល្លារថែមទៀត៕