ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន

ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាស​នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ ថា​លោក​នឹង​ហៅ​កងទ័ព ឲ្យចូលមកជួយ​ពង្រឹក​យុទ្ធនាការ ប្រឆាំងក្រុម​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​គ្រឿង​ញៀន ជា​បន្ត​ទៅ​ទៀត។
ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន
នាយនគរបាលមួយរូប បានអោនមកខ្សិប ដាក់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ។ (រូបថត Reuters)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 02, 2017
  • ប្រធានបទ: ប្រឆាំងគ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសជាសាធារណៈ នៅ​ថ្ងៃ​ព្រហ្បត្តិ៍​នេះ ថា​កងទ័ព​ជាតិ​របស់​ប្រទេស នឹងដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាម​ដ៏​រង្គាល​របស់លោក ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ លោក​ប្រធានាធិបតី បាន​សន្យា​ជា​ថ្មីថា នឹងផ្ដាច់ជីវិត ក្រុមអ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​គ្រឿង​ញៀន (ទាំងអ្នកជួញដូរ ទាំងអ្នកប្រើប្រាស់) ឲ្យបាន​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «ខ្ញុំនឹងប្រើប្រាស់កម្លាំង​យោធា របស់​ប្រទេស​ហ្វីលីពីន ដោយ​សារ​បញ្ហា នៃ​គ្រឿង​ញៀន គឺជាការគម្រាម សម្រាប់សន្តិសុខជាតិ។ ហើយខ្ញុំនឹង​ហៅ​កងទ័ព ឲ្យចូលជួយ​ទាំង​ស្រុង​ ក្នុង​រឿង​នេះ។»។

ការប្រកាស​របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ បានធ្វើឡើងមួយថ្ងៃ ក្រោយការចេញ​របាយ​ការណ៍ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» ដែល​​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ពុធ បាន​អះអាងថា យុទ្ធនាការ​សម្លាប់រង្គាល ដែល​កើត​មាន នៅលើផ្ទៃ​ប្រទេស តាំងពីច្រើន​ខែ​មក​ហើយ​នេះ ​មាន​ចរិត​តែ​មួយ ទៅនឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

រាប់​ចាប់​តាំង ពីពេល​ចូល​កាន់​តំណែង ជា​ប្រធានា​ធិបតី ក្នុង​ខែ​មិថុនា​ឆ្នាំ​ទៅ​ម៉ិញ​នោះមក សង្គ្រាម​ប្រឆាំង​​នឹង​​គ្រឿង​​ញៀន ប្រកាស​ឡើង​ដោយ​លោក រ៉ូឌ្រីចូ ឌុយតែតេ បាន​សម្លាប់​មនុស្ស អស់​ច្រើន​ជាង ៦៥០០​នាក់​ហើយ។

កាលពីដើមសប្ដាហ៍នេះ លោកប្រធានាធិបតី បានចេញមុខមកអះអាងថា កងកម្លាំងនគរបាល ដែល​បាន​អនុវត្តន៍​តួនាទី នៅក្នុង​សង្គ្រាម​នេះ​ពីដើមទីមក បានប្រព្រឹត្តិ​«អំពើ​ពុក​រលួយ ដល់​ឆ្អឹង»។ ការ​លើក​ឡើង​នេះ ក៏​ជា​មូល​ហេតុ​មួយ ដែលធ្វើឲ្យលោកប្រធានាធិបតី ថ្លែងបញ្ជាក់ថា កងកម្លាំង​នគរបាល ត្រូវ​បាន​បញ្ជា ឲ្យ​«ដក​ខ្លួន​ថយ»​ចេញ ពី​យុទ្ធនាការ​នេះ។

រឿងរ៉ាវដ៏អាស្រូវជាច្រើន ត្រូវបានទម្លាយឲ្យដឹង ទាក់ទងនឹងការសម្លាប់ ការឃាត់ខ្លួន និងការចាប់​ជំរិត​ ក្រោម​លេស​នៃ​យុទ្ធនាការ​ខាងលើ ពីសំនាក់​​កងកម្លាំង​​នគរបាល​ហ្វីលីពីន នៅក្នុងរយៈពេល​​ចុងក្រោយ។ ការ​ស៊ើប​អង្កេត​ផ្លូវការ​មួយ បានបង្ហាញថា គឺកងកម្លាំង​នគរបាល ប្រឆាំងគ្រឿង​ញៀន​នេះ​តែម្ដង ដែល​បាន​ចាប់​ខ្លួន អ្នក​ជំនួញ​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់ ដើម្បីធ្វើការ​ជំរិត មុននឹងសម្លាប់​​អ្នក​ជំនួញ​​រូបនេះ​ចោល នៅពេល​ក្រោយមក។

របាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ បានចោទ​នគរបាល​ហ្វីលីពីន ថាបាន​រំលោភ​ជា​ប្រព័ន្ធ ទៅលើសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាពិសេស ថាបានសម្លាប់មនុស្ស ដែលគ្មានអាវុធ - បាន​បង្កើត​ភស្ដុតាង តាម​គ្រប់​រូបភាព - ផ្ដល់​ប្រាក់​ទៅ​ឲ្យ​ជន «បាត​ដៃទី៣» ដើម្បីសម្លាប់​ជន​សង្ស័យ និង​បាន​រំលោភ​សេព​សន្ធវៈ ទៅ​លើ​ជន​រងគ្រោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...